ស្ត្រីម្នាក់ស្លាប់ភ្លាមៗ ដោយសារគ្រូ​ ពេទ្យស្ទើរភ្លើង ហើយបញ្ចប់រឿង ត្រឹមសំណង១៦ម៉ឺនបាត

ស្ត្រីម្នាក់ស្លាប់ភ្លាមៗ ដោយសារគ្រូ​ ពេទ្យស្ទើរភ្លើង ហើយបញ្ចប់រឿង ត្រឹមសំណង១៦ម៉ឺនបាត

បន្ទាយមានជ័យ៖ ស្ត្រីម្នាក់បានស្លាប់ភ្លាមៗនៅលើ ផ្ទះរបស់ខ្លួន ក្រោយពីគ្រូពេទ្យស្ទើរភ្លើងបានចាក់ថ្នាំជាលើក ទី២ជូននាងនោះ។ ក្រោយពេលកើតហេតុគ្រូពេទ្យស្ទើរភ្លើង បានយកលុយ១៦ម៉ឺនបាត ទៅទូទាត់គ្នាជាមួយគ្រួ សារសពដើម្បីបញ្ចប់រឿង។

ហេតុការណ៍ខាងលើនេះ បានកើតឡើងកាលពីល្ងាច ថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៦នេះ នៅចំណុចក្នុងភូមិឃុំថ្មី ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ខណៈស្ត្រីរងគ្រោះ និងប្តីបានយកកូន ដែលមានអាយុ៤ខែ មកពីព្យាបាលនៅ ឯខេត្តសៀមរាប ហើយបានត្រឡប់មកផ្ទះវិញក្នុងភូមិឃុំខាងលើ រួចអស់កម្លាំងទើបហៅពេទ្យឲ្យមកចាក់ថ្នាំ ដូចហៅមកសម្លាប់អីចឹង។ បងស្រីជនរងគ្រោះបានឲ្យដឹងថាគាត់មានឈ្មោះ ឡេត ម៉ៅ អាយុ៤២ឆ្នាំឯប្អូនស្រី ដែលស្លាប់នោះមានឈ្មោះ ឡេត សាមឿយ អាយុ២២ឆ្នាំ។ នាងមានប្តីឈ្មោះ ទីត ទឿយមានមុខរបរជាកសិករ តែអ្នកទាំងពីរ រៀបការជាមួយគ្នាមានកូនមួយតែប៉ុណ្ណោះ។

បងស្រីជនរងគ្រោះបានបន្តទៀតថា នៅពេលកើតហេតុ ប្ដីនាងទៅវិញទេ ដែលមកពីសៀមរាប ជាមួយប្រពន្ធ កូនហើយមិនស្រួលខ្លួន ក៏ឲ្យបងស្រីទៅហៅពេទ្យមកចាក់ថ្នាំ ឯជនបង្កដែលជាពេទ្យនោះមានគ្លីនិករបស់ខ្លួន ឈ្មោះ មន្ទីរពេទ្យ សម្ភពមានសុខ ដែលមានទីតាំងស្ថិតនៅភូមិឃុំខាងលើហើយគ្រូពេទ្យនោះមានឈ្មោះ ធឿម ធុង ភេទប្រុស។

គេបានបន្តទៀតថា នៅពេលពេទ្យមកដល់ផ្ទះរបស់គាត់ភ្លាម ជនរងគ្រោះបានសុំចាក់ថ្នាំឲ្យខ្លួនមុនគេដោយ សារមានអាការៈ អស់កម្លាំងហេវហត់ខ្លាំងពេក ហើយចាំបន្តទៅចាក់ឲ្យប្តីរបស់នាងជាក្រោយ។ ពេលគ្រូពេទ្យ ចាក់ឲ្យនាងបានម្ដងរួចហើយ បែរជានាងមានអាការៈ ឈឺពោះ និងឈឺក្បាលកាន់តែធ្ងន់ទៅៗ។ ពេលចាក់រួច ពេទ្យក៏ត្រឡប់ទៅផ្ទះរបស់ខ្លួនវិញ ក្នុងចន្លោះម៉ោង១២និង១០នាទីក្នុងខែឆ្នាំដដែល។ លុះដល់ម៉ោង៥និង៤០ នាទីល្ងាច ថ្ងៃដដែល ពេទ្យនោះ ក៏បានមកចាក់ឲ្យប្អូនស្រីរបស់គាត់ម្ដងទៀត។ ពេលចាក់មិនទាន់ចប់ផងស្រាប់ តែនាងបែកពពុះមាត់ដកចង្កាមាន់ដាច់ខ្យល់តែម្តង។

ក្រុមគ្រួសារដដែលនោះបានបញ្ជាក់ទៀតថា គាត់បានឃើញគ្រូពេទ្យនោះយកថ្នាំចេញពីកាបូបរួចចាក់ឲ្យប្អូន របស់គាត់តែម្តង មិនដឹងថាថ្នាំនោះជាប្រភេទថ្នាំអ្វីឡើយ។ ក្រោយពេលធ្វើបុណ្យសពរួច គាត់បានទារជំងឺចិត្ត ចំនួន២០ម៉ឺនបាត ហើយខាងពេទ្យបានសម្របសម្រួលឲ្យត្រឹមតែ១៦ម៉ឺនបាត ប៉ុណ្ណោះ រួចរឿងនេះក៏ត្រូវបាន បញ្ចប់នៅអធិការដ្ឋានស្រុកថ្មពួកតែម្តង។

លោកកែវ សុភត្រា ប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យបានឲ្យដឹងថារឿងនេះគឺលោកបានដឹងហើយ តែមិនទាន់មានរបាយការណ៍មកដល់ដៃលោកឡើយ។ ចំពោះបុគ្គលដែលជាពេទ្យដើរចាក់ថ្នាំបង្កឲ្យមនុស្ស ស្លាប់នោះគឺលោកបានរៀបចំគណៈកម្មការសម្រាប់ចុះត្រួតពិនិត្យលើករណីនេះហើយ។ទាក់ទិននឹងបញ្ហាខាង លើនោះ អ្នកភូមិជាច្រើនកំពុងរង់ចាំមើលថាតើ លោកប្រធានមន្ទីរ និងសមត្ថកិច្ច ហ៊ានចាត់ការទៅលើលោក ពេទ្យស្ទើរភ្លើងនោះដែរ ឬអត់?៕

ប្រភព ៖ kampucheathmey

Loading...

  • ស្ត្រីម្នាក់ស្លាប់ភ្លាមៗ ដោយសារគ្រូ​ ពេទ្យស្ទើរភ្លើង ហើយបញ្ចប់រឿង ត្រឹមសំណង១៦ម៉ឺនបាត已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/10/17  Category:កំសាន្ត
Tags: