23 វិច្ឆិកា​ខាង​មុខ​នេះ​សាលាក្តី​ខ្មែរក្រហម ប្រកាស​សាលដីកា​លើ​សំណុំរឿង​002/01

រាជធានី​ភ្នំពេញ ៖ «​អង្គ​ជំនុំជម្រះ​តុលាការ​កំពូល​នៃ​អង្គ​ជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​នឹង​ប្រកាស​សាលដីកា​ស្ថាពរ​លើ​សំណុំរឿង​០០២/០១ ដែល​មាន​ជនជាប់ចោទ នួន ជា និង ខៀវ សំ​ផ​ន នៅ​ថ្ងៃ​ទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០១៦» ។​ នេះ​គឺជា​ការ​បញ្ជាក់​របស់​លោក នេត្រ ភក្ត្រា មន្ត្រីនាំពាក្យ​សាលាក្តី​ខ្មែរក្រហម​នៅ​ថ្ងៃ​ទី​១៣ ខែតុលា ឆ្នាំ​២០១៦ នៅ​សារមន្ទីរ​ប្រល័យ​ពូជសាសន៍​ទួល​ស្លែង ចំពោះ​មុខ​ប្រជាពលរដ្ឋ​ជាង២៥០​នាក់​មក​ពី​តំបន់​ជុំវិញ​ទីតាំង​ឧ​ក្រិ​ដ​កម្ម​ទួលពោធិ៍​ជ្រៃ​នៅ​ក្នុងស្រុក​កណ្តៀង ខេត្តពោធិ៍សាត់ ។

មន្ត្រី​នាំពាក្យ​រូប​នេះ​បាន ជម្រាប​បងប្អូន​ប្រជាពលរដ្ឋ​ថា ទីតាំង​សម្លាប់​មនុស្ស​នៅ​ទួល​ពោធិ៍​ជ្រៃ​គឺជា​ទីតាំង​ឧក្រិដ្ឋកម្ម​មួយ​ដែល​ត្រូវ​បាន​ដាក់​បញ្ចូល​ក្នុង​អង្គហេតុ​ជំនុំ​ជម្រះក្តី​ប្រឆាំង​នឹង​ជនជាប់ចោទ នួន ជា និង ខៀវ សំ​ផ​ន ក្នុង​សំណុំរឿង ០០២/០១ ។

លោក នេត្រ ភក្ត្រា បាន​ថ្លែង​ថា សំណុំរឿង ០០២/០១ គឺជា​ការ​ជំនុំជម្រះ​លើក​ទី​មួយ​នៃ​ការ​ជំនុំជម្រះ​យ៉ាងតិច​ពីរ​ប្រឆាំង​នឹង នួន ជា អតីត​អនុ​លេខា​បក្ស​កុម្មុយនីស្ត​កម្ពុជា និង​ខៀវ សំ​ផ​ន អតីត​ប្រមុខរដ្ឋ​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ ។ បទ​ចោទ​នៅ​ក្នុង​សំណុំរឿង ០០២/០១ នេះ​គឺ​ផ្តោត​លើ​បទឧក្រិដ្ឋ​កម្ម​ប្រឆាំង​នឹង​មនុស្សជាតិ ដែល​រង​ការ​ចោទប្រកាន់​ក្នុងអំឡុងពេល​ជម្លៀស​ប្រជាជន​នៅ​ទីក្រុង​ភ្នំពេញ ក្នុង​ខែមេសា ឆ្នាំ​១៩៧៥ និង​ការ​ផ្លាស់​ទី​ដោយ​បង្ខំ​បន្តបន្ទាប់​ពី​តំបន់​ដទៃ​ទៀត រួម​ទាំង​ការ​កាប់សម្លាប់​ដែល​រង​ការ​ចោទប្រកាន់​នៅ​ទួល​ពោធិ៍​ជ្រៃ ក្នុង​ខេត្ត​ពោធិ៍សាត់ ។

នៅ​ថ្ងៃ​ទី​៧ ខែសីហា ២០១៤ អង្គ​ជំនុំជម្រះ​សាលាដំបូង​រក​ឃើញ​ថា ជនជាប់ចោទ​មាន​ពិរុទ្ធភាព​ពី​បទឧក្រិដ្ឋ​ប្រឆាំង​មនុស្សជាតិ និង​បាន​សម្រេច​ប្រកាស​ទោស​ដាក់​ពន្ធនាគារ​ជនជាប់ចោទ​ទាំង​ពីរ​អស់​មួយ​ជីវិត ។ នួន ជា និង ខៀវ សំ​ផ​ន បាន​ធ្វើ​បណ្តឹងសាទុក្ខ​ប្រឆាំង​នឹង​សាលក្រម​របស់​អង្គ​ជំនុំជម្រះ​សាលាដំបូង ដោយ​ម្នាក់​ៗ​បាន​លើក​ទឡ្ហីករណ៍​បណ្តឹងសាទុក្ខ​រៀង​ៗ​ខ្លួន​ចំនួន ២២៣ និង​១៤៨ ។ បន្ថែម​លើ​នេះ សហ​ព្រះរាជអាជ្ញា បាន​ដាក់​បណ្តឹងសាទុក្ខ ដោយ​កម្រិត​ត្រឹមតែ​ស្វែងរក​ដំណោះស្រាយ​ដែល​ប្រកាស​ដោយ​អង្គ​ជំនុំជម្រះ​តុលាការ​កំពូល ទាក់ទង​នឹង​ភាព​អាច​អនុវត្ត​បាន​នូវ​ទម្រង់​ពង្រីក​បន្ថែម​នៃ​សហ​ឧក្រិដ្ឋកម្ម​រួម ដែល​ហៅ​ថា «​សហ​ឧក្រិដ្ឋកម្ម​រួម​ទម្រង់​ទី​III» (JCE III) នៅ​ចំពោះ​មុខ អ​.​វ​.​ត​.​ក ។

មន្ត្រី​នាំពាក្យ​សាលាក្តី​ខ្មែរក្រហម​ក៏​បាន​គូសបញ្ជាក់​ដែរ​ថា ដំណើរ​ទស្សនកិច្ច​របស់​បងប្អូន​ប្រជាពលរដ្ឋ​មក​កាន់​សារមន្ទីរ​ប្រល័យពូជសាសន៍​គុក​ទួល​ស្លែង និង​មជ្ឈមណ្ឌល​ប្រល័យពូជសាសន៍​បឹង​ជើងឯក​ក៏​ដូច​ជា​នៅ​សាលាក្តី​ខ្មែរក្រហម ពិតជា​មាន​សារៈសំខាន់​ក្នុង​ការ​សិក្សា​ស្វែង​យល់​ពី​ការ​ពិត​ដែល​កើតឡើង​នៅ​ក្នុង​របប​ខ្មែរក្រហម និង​ដំណើរ​ស្វែងរក​យុត្តិធម៌​សម្រាប់​ប្រជាជន​កម្ពុជា​ទាំងនេះ ។ ដំណើរ​ទស្សនកិច្ច​នេះ​ក៏​បាន​ពង្រឹង​នូវ​ការ​ចង​ចាំ​អំពី​ប្រវត្តិសាស្ត្រ​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ និង​ឧក្រិដ្ឋកម្ម និង​ការ​រង​ទុក្ខវេទនា​របស់​ប្រជាពលរដ្ឋ​កម្ពុជា​ផង​ដែរ ។

លោក នេត្រ ភក្ត្រា បាន​ជម្រាប​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​អំពី​ដំណើរការ​របស់​សាលាក្តី​ខ្មែរក្រហម​ដែល​បាន​សម្រេច​នា​ពេល​កន្លង​មក​ក្នុង​នោះ ឧក្រិដ្ឋកម្ម​ដែល​បាន​កើតឡើង​នៅ​គុក​ទួល​ស្លែង និង​នៅ​បឹង​ជើងឯក​ត្រូវ​បាន​យក​ទៅ​ជំនុំ​ជម្រះក្តី​នៅ​សាលាក្តី​ខ្មែរក្រហម​ដោយ​ជនជាប់ចោទ កាំ​ង ហ្គេ​ច​អ៊ា​វ ហៅ​ឌុ​ច អតីត​ប្រធាន​គុក​ទួល​ស្លែង​ត្រូវ​បាន​អង្គ​ជំនុំជម្រះ​តុលាការ​កំពូល​សម្រេច​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត ។ បច្ចុប្បន្ន ឌុ​ច មាន​អាយុ​៧៤​ឆ្នាំ និង​កំពុង​តែ​អនុវត្ត​ទោស​ជាប់​ពន្ធនាគារ​មួយ​ជីវិត​របស់​គាត់​នៅ​ពន្ធនាគារ​ខេត្តកណ្តាល ។

លោក​បានឱ្យ​ដឹងផង​ដែរ​ថា ការ​ជំនុំ​ជម្រះក្តី​សំណុំរឿង ០០២/០២ ដែល​មាន​ជនជាប់ចោទ នួន ជា និង ខៀវ សំ​ផ​ន បាន​ដំណើរការ​រយៈពេល​ជាង​២២០​ថ្ងៃ​ហើយ និង​បាន​ស្តាប់​ការ​ផ្តល់​សក្ខីកម្ម​សាក្សី​ជិត​១០០​នាក់ ដើមបណ្តឹង​រដ្ឋប្បវេណី​ជាង​៥០​នាក់ និង​អ្នកជំនាញ​ចំនួន​៥​រូប ។ អង្គ​ជំនុំជម្រះ​សាលាដំបូង​ដែល​កំពុង​បើក​សវនាការ​សួរ​ដេញដោល​លើ​ភស្តុ​តាង​ក្នុង​សំណុំរឿង ០០២/០២ ទាក់ទង​នឹង​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្សជាតិ ឧក្រិដ្ឋកម្ម​ប្រល័យពូជសាសន៍​ប្រឆាំង​នឹង​ជនជាតិ​ចាម និង​ជនជាតិ​វៀតណាម និង​ឧក្រិដ្ឋកម្ម​សង្គ្រាម គ្រោង​នឹង​បញ្ចប់​ការ​សួរ​ដេញដោល​នៅ​ចុងឆ្នាំ​២០១៦​នេះ ។ អង្គ​ជំនុំជម្រះ​សាលាដំបូង​គ្រោង​នឹង​ប្រកាសសាលក្រម​លើ​សំណុំរឿង​០០២/០២ ចុងឆ្នាំ២០១៧ ៕