គ​.​ជ​.​ប បង្ហាញ​លទ្ធផល 45​ថ្ងៃ​មាន​អ្នក​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ជាង​5,6​លាន​នាក់ ស្ត្រី​មាន​ជាង​3​លាន​នាក់

រាជធានី​ភ្នំពេញ ៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ហៅ​កាត់ គ​.​ជ​.​ប នៅ​ថ្ងៃ​ទី​១៦ ខែតុលា ឆ្នាំ​២០១៦ បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​ពី​លទ្ធផល​បណ្តោះអាសន្ន​នៃ​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ចាប់ពី​ថ្ងៃ​ទី​១ ខែកញ្ញា​ដល់​ថ្ងៃ​ទី​១៥ តុលា គិត​ត្រឹម​ម៉ោង​៦​ល្ងាច មាន​អ្នក​ចុះ​ឈ្មោះ​សរុប​ចំនួន​៥.៦៥៨.៣៦៤​នាក់ (​ស្រី​៣.០៧៥.៩៦០​នាក់​) ស្មើនឹង​៥៨,៥៥% នៅ​តាម​ឃុំ​សង្កាត់​ចំនួន​១៦៣៣​ទូ​ទាំង​ប្រទេស ។

គ​.​ជ​.​ប​បាន​បញ្ជាក់​ថា នៅ​ថ្ងៃ​ទី​១៥ តុលា​ឆ្នាំ​២០១៦ មាន​អ្នក​ចុះ​ឈ្មោះ​នៅ​តាម​កា​រិ​យាល័យ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ក្នុង​សាលាឃុំ​-​សង្កាត់​ទូ​ទាំង​ប្រទេស​មាន​ចំនួន​ជាង​១១,៨​ម៉ឺន​នាក់​(​រយៈ​១​ថ្ងៃ​) ។ បើ​គិត​ពី​ថ្ងៃ​ទី​១ កញ្ញា ដល់​ថ្ងៃ​ទី​១៤ ខែតុលា មាន​អ្នក​ចុះ​ឈ្មោះ​ចំនួន​ជាង​៥,៥​លាន​នាក់ បាន​ចុះ​ឈ្មោះ​រួចរាល់ ។ នេះ​បើ​តាម​សេចក្តី​ប្រកាស​ពី​លទ្ធផល​បណ្តោះអាសន្ន​របស់​គ​.​ជ​.​ប ដែល​បាន​ចេញផ្សាយ​នៅ​ថ្ងៃ​ទី​១៦ ខែ តុលា ឆ្នាំ​២០១៦ ។ គ​.​ជ​.​ប​បាន​ដំណើរការ​ចុះ​ឈ្មោះ​ពលរដ្ឋ​ខ្មែរ​ទាំង​ពី​ភេទ ដែល​មាន​អាយុ​ចាប់ពី​១៨​ឆ្នាំ​ឡើង​គឺ​ចុះ​ឈ្មោះ​តាម​ប្រព័ន្ធ​កុំព្យូទ័រ​មាន​រយៈពេល​៣​ខែ​ចាប់ពី​ថ្ងៃ​ទី​១ ខែកញ្ញា ដល់​ថ្ងៃ​ទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០១៦ ។

ការ​រៀបចំ​បញ្ជី​ឈ្មោះ​ថ្មី​ដោយ​ប្រើប្រាស់​ប្រព័ន្ធ​កុំព្យូទ័រ​នេះ គេ​សង្ឃឹមថានឹង​មិន​មានឈ្មោះ​ស្ទួន​ឬ​ឈ្មោះ​ខ្មោច​ដូច​មុន​ទៀត​ទេ ។ បញ្ជី​ឈ្មោះ​ថ្មី​នេះ នឹង​ត្រូវ​ប្រើប្រាស់​ក្នុង​ពេល​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់​អាណត្តិ​៤ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​៤ ខែមិថុនា ឆ្នាំ​២០១៧ និង​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ក្នុង​ឆ្នាំ​២០១៨ ។ ពលរដ្ឋ​ដែល​មិន​បាន​ចុះ​ឈ្មោះ​ក្នុង​ពេល​នេះ នឹង​មិន​មាន​សិទ្ធិ​ចូលរួម​បោះ​ឆ្នោត​ក្នុង​ឆ្នាំ​២០១៧ និង​២០១៨​ឡើយ ។

តាម​លទ្ធផល​ចុះ​ឈ្មោះ​ដែល​ផ្សាយ​ដោយ​គ​.​ជ​.​ប​បាន​ឲ្យ​ដឹង​ថា ប្រជាពលរដ្ឋ​ដែល​មាន​អាយុ​ចាប់ពី​១៨​ឆ្នាំ​ឡើង​មាន​ចំនួន​៩.៦៦៤.២១៦​នាក់ ដែល​មាន​សិទ្ធិ​ចុះ​ឈ្មោះ​បោះ​ឆ្នោត ។ ពលរដ្ឋ​ខ្មែរ​ទាំង​ពីរ​ភេទ ដែល​មាន​អាយុ​ចាប់ពី​១៨​ឆ្នាំ​ឡើង​ទៅ​គិត​ត្រឹម​ថ្ងៃ​បោះ​ឆ្នោត ត្រូវ​មាន​អត្តសញ្ញាណប័ណ្ណ សញ្ជាតិ​ខ្មែរ ឬ​លិខិតបញ្ជាក់​ពី​អាជ្ញាធរ​មូលដ្ឋាន​ដែល​ទទួលស្គាល់​ដោយ​គ​.​ជ​.​ប ទើប​អាច​ចុះ​ឈ្មោះ​បោះ​ឆ្នោត​បាន ។

មន្ត្រី​គ​.​ជ​.​ប​បាន​លើក​ឡើង​ថា ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​ពីរ​ភេទ​មាន​សិទ្ធិ​ចុះ​ឈ្មោះ​បាន​មួយ​ម្តង កាលណា​ចុះ​ឈ្មោះ​ពីរ​ដង​ម៉ាស៊ីន​កុំព្យូទ័រ​នឹង​មិន​ទទួលស្គាល់​នោះ​ទេ ។
គ​.​ជ​.​ប​បាន​បញ្ជាក់​ថា ដើម្បី​ឲ្យ​មានឈ្មោះ​ក្នុង​បញ្ជី​បោះ​ឆ្នោត ប្រជាពលរដ្ឋ​ត្រូវ​ទៅ​ចុះ​ឈ្មោះ​ឱ្យ​បាន​ទាំងអស់​គ្នា ៕