ឥទ្ធិពល​អាក្រក់ ៣​យ៉ាង នៃ​ជំងឺ​​បាក់​ទឹក​ចិត្ត​របស់​យុវជន​ខ្មែរ

បច្ចុប្បន្ន​​យុវជន​ យុវនារី​ខ្មែរ​ជា​ច្រើន​រូប​កំពុង​ជួប​ប្រទះ​​នូវ​ភាព​តាន​តឹង​ជា​ច្រើន​ក្នុង​ឆាក​ជីវិត​ ​ដោយ​មិន​ទាន់​​ចេះ​រក​វិធី​ដើម្បី​​ដោះ​ស្រាយ​អោយ​បាន​ត្រឹម​ត្រូវ​នៅ​ឡើយ​ទេ​ ជាពិសេស​គឺ​នៅ​មាន​ភាព​ខ្មាស​អៀន​ក្នុង​ការ​និយាយ​អំពី​បញ្ហា​ទាំង​នោះ​ចេញ​មក​ក្រៅ​។​

 

ឥទ្ធិពល​អាក្រក់ ៣​យ៉ាង នៃ​ជំងឺ​​បាក់​ទឹក​ចិត្ត​របស់​យុវជន​ខ្មែរ

 

បើ​តាម​ការ​លើក​ឡើង​របស់​​​លោក​ កៅ សុវណ្ណតារា​ ដែល​ជា​សាស្ត្រាចារ្យ​ផ្នែក​ចិត្ត​វិទ្យា​​នៃ​​សកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​​​បាន​អោយ​ដឹង​ថា តាម​ការ​សិក្សា​របស់​លោក យុវវ័យ​​ភាគ​ច្រើន​តែង​​ជួប​ប្រទះ​នឹង​បញ្ហា​ផ្លូវ​ចិត្ត​មួយ​ចំនួន​ដូច​ជា ​វិបត្តិ​ស្នេហ៍​ ការ​សិក្សា​មិន​បាន​ល្អ ធុញ​ថប់​នឹង​ការងារ​ និង​ បញ្ហា​ក្នុង​គ្រួសារ​ជា​ដើម​។ លោក​បាន​បន្ត​ថា​បញ្ហា​ទាំង​នេះ​បាន​ជះ​ឥទ្ធិពល​អាក្រក់​ដូច​ជា​៖

 

ចំពោះ​​ខ្លួន​ផ្ទាល់​

​ការ​សិក្សា​របស់​យុវជន យុវនារី​​នឹង​ត្រូវ​​ធ្លាក់​ចុះ​​​ជា​មិន​ខាន​។ មិន​តែ​ប៉ុណ្ណោះ​វា​​បាន​ធ្វើ​អោយ​ខ្ជះខ្ជាយ​ពេល​វេលា​​ អាច​ធ្វើ​អោយ​បាត់បង់​ការងារ​​ទៀត​ផង​។​ មួយ​វិញ​ទៀត​​យុវវ័យ​​នឹង​អាច​​ប្រើ​ប្រាស់​គ្រឿង​ស្រវឹង​ ឬ​គ្រឿង​ញៀន​ដើម្បី​ការ​សប្បាយ​​។​ ជា​ពិសេស​​ក្នុង​លក្ខខ័ណ្ឌ​​ធ្ងន់ធ្ងរ​ ​ពួក​គេ​អាច​នឹង​ឈាន​ទៅ​ដល់​ការ​ធ្វើ​អត្តឃាត​ខ្លួន​ឯង​ទៀត​ផង​។​​​​

 

ចំពោះ​គ្រួសារ

សម្រាប់​ក្រុម​គ្រួសារ​វិញ​នឹង​ត្រូវ​បាត់​បង់​​សមាជិក​​ម្នាក់​ដែល​ជា​កម្លាំង​សំខាន់​សម្រាប់​ជួយ​ដល់​ការ​​ងារ​ផ្សេងៗ និង​សេដ្ឋកិច្ច​គ្រួសារ​ផង​ដែរ​។​ មិន​តែ​ប៉ុណ្ណោះ​វា​ក៏​អាច​ធ្វើ​អោយ​ឪពុកម្ដាយ ឬ​អាណា​​ព្យាបាល​​ពិបាក​ចិត្ត​​ និង​ព្រួយ​បារម្ភ​ចំពោះ​កូន​ៗ​របស់​ខ្លួន​​ផង​ដែរ​។​

 

សម្រាប់​សង្គម​ជាតិ​

​ពិត​ណាស់​ យុវ​ជន​ យុវនារី​គឺ​ជា​កម្លាំង​ចលករ​មួយ​ដ៏​សំខាន់​សម្រាប់​ជាតិ​ ប៉ុន្តែ​បើ​ពួក​គាត់​ត្រូវ​បាន​ញាំញី​ដោយ​ស្ថាន​ភាព​នេះ​ នោះ​វា​ជា​ការ​រំ​ខាន​មួយ​ដល់​ការ​អភិវឌ្ឍន៍​របស់​ជាតិ​ផង​ដែរ​។​​​

 

ជាចុងក្រោយ​លោក​បាន​ផ្ដល់​យោបល់​ថា​​ នៅ​ពេល​ដែល​យុវវ័យ​​ជួប​​ប្រទះ​នឹង​បញ្ហា​​បាក់​​ទឹក​ចិត្ត​ សូម​​គិត​ថា​វា​ជា​រឿង​ដែល​យើង​អាច​ព្យាបាល​បាន​។​ សំខាន់​គឺ​ពួកគាត់​ក្លាហាន​ដើម្បី​ទៅ​ជួប​ជាមួយ​​អ្នក​ជំនាញ​ដើម្បី​ប្រឹក្សា​យោបល់​​ដោយ​ឥត​គិត​ថ្លៃ​នៅ​សកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ អង្គ​ការ​ជា​ដៃ​គូរ​នានា ឬ​ស្វែង​រក​សេវា​ឯក​ជន​នៅ​តាម​មន្ទីរ​ពេទ្យ​មួយ​ចំនួន​ក៏​​បាន​៕

 

អត្ថបទ៖ ចន្ថា
​​​​