លោក​ស្រី រ៉ូ ណាស្មីត ជំរុញ​ឲ្យ​គណបក្ស​ធំ​ៗ​ទាំង​ពីរ​ វិល​មក​ពង្រឹង​វប្បធម៌​សន្ទនា​ឡើង​វិញ

អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកខាងសិទ្ធិមនុស្សប្រចាំនៅកម្ពុជា លោកស្រី រ៉ូ ណាស្មីត (Rohna Smith) បានជំរុញឲ្យគណបក្សធំៗទាំងពីរនៅក្នុងរដ្ឋសភា វិលមកពង្រឹងវប្បធម៌សន្ទនានឹងគ្នាឡើងវិញ។ ការលើកឡើងរបស់លោកស្រីស្មីត បានធ្វើឡើងនៅក្នុងជំនួបជាមួយរដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជាលោកប្រាក់ សុខុន កាលពីព្រឹកមិញនេះ។ សូមបញ្ជាក់ជូនថា វប្បធម៌សន្ទនារវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិ ដែលបង្កើតឡើងក្រោយការបោះឆ្នោតនៅឆ្នាំ ២០១៣ បានជួបភាពរអាក់រអ៊ួលខ្លាំង ចាប់តាំងពីក្រោយខែកក្កដាឆ្នាំ ២០១៥ មក។

ក្រៅពីការលើកឡើងជាទូទៅពីចំណុចវិជ្ជមាននិងអវិជ្ជមាននៃការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យដែលកម្ពុជាខ្លួនឯងត្រូវការការកែរលំអរបន្ថែមទៀតនោះ លោកស្រី រ៉ូ ណាស្មីត(Rohna Smith) អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកខាងសិទ្ធិមនុស្សប្រចាំនៅកម្ពុជា ក៏បានជំរុញឲ្យគណបក្សធំៗទាំងពីរនៅកម្ពុជា វិលមកពង្រឹងវប្បធម៌សន្ទនានឹងគ្នាឡើងវិញ។

Loading...

វប្បធម៌សន្ទនារវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ដែលបានបង្កើតឡើងដើម្បីបញ្ចប់ជម្លោះនយោបាយដែលអូសបន្លាយអស់រយៈពេលជាង១ឆ្នាំ នៅក្រោយការបោះឆ្នោតជាតិនៅឆ្នាំ២០១៣នោះ បានជួបភាពរអាក់រអ៊ួលខ្លាំង ចាប់តាំងពីក្រោយខែកក្កដា ឆ្នាំ២០១៥មក ពោលគឺបន្ទាប់ពីមានការចាប់ខ្លួនសកម្មជនគណបក្សប្រឆាំងដាក់គុកឡើងវិញ។

ឆ្លើយតបនឹងការលើកឡើងនេះ លោក ប្រាក់ សុខុន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា បានប្រាប់ទៅកាន់អ្នករាយការណ៍ពិសេសរូបនេះថា រដ្ឋាភិបាលកម្ពុជាមិនមែនជាឧបសគ្គនៃវប្បធម៌សន្ទនានោះទេ។ នេះបើតាមការបញ្ជាក់ពីលោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា។ បើតាមអ្នកនាំពាក្យរូបនេះ លោក ប្រាក់ សុខុន បានបញ្ជាក់ទៅកាន់អ្នករាយការណ៍ពិសេសរូបនេះថា ភ្ជាប់ជាមួយនឹងការគោរពសិទ្ធិមនុស្ស និងសេរីភាពនៃការបញ្ចេញមតិនេះ កម្ពុជាត្រូវការពង្រឹងនីតិរដ្ឋជាចាំបាច់ និងមិនអាចខ្វះបាន។

សូមបញ្ជាក់ថា ការជួបគ្នាចុងក្រោយដើម្បីពង្រឹងវប្បធម៌សន្ទនារវាងគណបក្សទាំងពីរ បានធ្វើឡើងកាលពីពាក់កណ្តាលខែកុម្ភៈឆ្នាំ២០១៦ រវាងប្រធានក្រុមមតិភាគច្រើននៅក្នុងរដ្ឋសភាដឹកនាំដោយលោក ស ខេង និងប្រធានក្រុមមតិភាគតិចនៅក្នុងរដ្ឋសភាដឹកនាំដោយលោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ។ ប៉ុន្តែជំនួបដែលកាលណោះ គឺគ្មានលទ្ធផលលើរឿងនយោបាយ ដែលសកម្មជនគណបក្សប្រឆាំងកំពុងជាប់ពន្ធនាគានោះទេ។

គួរជំរាបជូនថា ការលើកឡើងរបស់លោកស្រី រ៉ូ ណាស្មីត (Rohna Smith) បានធ្វើឡើង ខណៈដែលអ្នករាយការណ៍ពិសេសរូបនេះ កំពុងបំពេញទស្សនកិច្ចជាលើកទី៣របស់លោកស្រីនៅកម្ពុជា ដើម្បីពិនិត្យមើលស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា នឹងត្រៀមសរសេរជារបាយការណ៍ជូនក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ នៅខែកញ្ញាឆ្នាំ២០១៧ខាងមុខ។ ចាប់តាំងពីថ្ងៃទី១០តុលាមក លោកស្រីស្មីត បានជួបជាមួយរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក អង្គ វង្សវឌ្ឍានា, ប្រធានគណកម្មាធិការសិទ្ធិមនុស្សរបស់រដ្ឋាភិបាលកម្ពុជា លោក កែវ រ៉េម៉ី, អភិបាលក្រុងភ្នំពេញលោក ប៉ា សុជាតិវង្ស, លោក វង សូត្រ រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច រួមនឹងជួបជាមួយ លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ និងមន្ត្រីអង្គការសង្គមស៊ីវិលផងដែរ។ លោកស្រីស្មីតនឹងបញ្ចប់ដំណើរទស្សនកិច្ចនៅកម្ពុជានៅថ្ងៃទី២០តុលា ហើយលោកស្រី នឹងធ្វើសន្និសីទកាសែតមួយ ដើម្បីសរុបឡើងវិញពីលទ្ធផលនៃដំណើរទស្សនកិច្ចជាលើកទី៣នៅកម្ពុជានេះ៕

ប្រភព៖ rfi