អាមេរិក​ចាប់​បាន​សញ្ញានៃការ​​​​បាញ់​មីស៊ីល​បាលីស្ទិក​មិន​សម្រេច នៅ​កូរ៉េខាងជើង

អាមេរិក​ចាប់​បាន​សញ្ញានៃការ​​​​បាញ់​មីស៊ីល​បាលីស្ទិក​មិន​សម្រេច នៅ​កូរ៉េខាងជើង
មីស៊ីល Musudanបង្ហាញជាសាធារណៈ នៅក្នុងក្បួនដង្ហែយោធា នៅទីក្រុងព្យុងយ៉ាង
AFP PHOTO / FILES / Ed Jones

មានសញ្ញាបង្ហាញថាកូរ៉េខាងជើង បានបាញ់មីស៊ីលបាលីស្ទិក តែមិនបានជោគជ័យ កាលពីថ្ងៃសៅរ៍ម្សិលមិញ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់យោធាអាមេរិក ដែលចាប់បានសញ្ញានោះ និងបញ្ជាក់ទៀតថា ជាមីស៊ីលប៉ាលីស្ទិក រយៈមធ្យម អាចមានសមត្ថភាព និងកម្លាំងបាញ់ដល់មូលដ្ឋានទ័ពអាមេរិក Guam នៅកណ្តាលមហាសមុទ្ទប៉ាស៊ីហ្វិក។

ការសាកល្បងមិនជោគជ័យនៅថ្ងៃសៅរ៍ម្សិលមិញ ជាការបាញ់មីស៊ីលបាលីស្ទិក រយៈមធ្យម ប្រភេទ Musudan ដែលព្យុងយ៉ាងធ្លាប់បានធ្វើតេស្ត៧ដងមកហើយ ហើយមានម្តងបានជោគជ័យមួយភាគ។ ការបាញ់សាកល្បងនេះ គ្មានលក្ខណៈគំរាមកំហែង ដល់ទ្វីបអាមេរិកទេ។ នេះបើតាមប្រភពយោធាអាមេរិក។ ក្រសួងការពារជាតិកូរ៉េខាងត្បូង ក៏បានបញ្ជាក់ថាមានការបាញ់សាកល្បងបរាជ័យមែន ចេញពីតំបន់គុយសយង ភាគពាយ័ព្យប្រទេស។ ប៉ុន្តែនៅលើកនេះ ខុសពីលើកមុន វ៉ាស៊ីនតោន និងសេអ៊ូល មិនបានធ្វើសេចក្តីប្រកាសអ្វីភ្លាមៗទេ ហើយក៏មិនពន្យល់មូលហេតុនៃការយឺតយ៉ាវនេះដែរ។

បើតាមក្បួន មីស៊ីល Musudan អាចបាញ់បានចម្ងាយពី ២៥០០ទៅ ៤០០០គីឡូម៉ែត្រ មានន័យថា បើគិតឱ្យខ្លីបំផុត មីស៊ីលនេះអាចបាញ់ដល់កូរ៉េខាងត្បូង ឬជប៉ុន ហើយបើឆ្ងាយបំផុត គឺអាចបាញ់ដល់មូលដ្ឋានទ័ពអាមេរិកនៅលើកោះGuam ក្នុងមហាសមុទ្ទប៉ាស៊ីហ្វិក។ បើតាមអ្នកឯកទេសអាមេរិក ការសាកល្បងមីស៊ីលMusudan អាចជួយព្យុងយ៉ាងឱ្យសម្រេចកម្មវត្ថុផលិតមីស៊ីលអន្តរទ្វីប (ICBM) ដែលមានសមត្ថភាពពាំក្បាលនុយក្លេអ៊ែរ ទៅដល់ទ្វីបអាមេរិក នៅឆ្នាំ២០២០។ កូរ៉េខាងជើងធ្លាប់បានបង្ហាញជាសាធារណៈមីស៊ីល ដោយប្រសិទ្ធិនាមថា KN-០៨ ដែលមានម៉ូទ័រប្រើបច្ចេកវិទ្យាMusudan តែមិនដែលធ្វើការសាកល្បងសោះ។

ការបាញ់សាកល្បងនេះ ប្រព្រឹត្តទៅក្នុងខណៈដែលក្រុមប្រឹក្សាសន្តិសុខអង្គការប្រជាជាតិកំពុងពិភាក្សាចង់ទណ្ឌកម្មថ្មីបន្ថែមលើព្យុងយ៉ាង ដែលបានសាកល្បងនុយក្លេអ៊ែរជាលើកទី៥កាលពីថ្ងៃទី ៩ កញ្ញា។ កូរ៉េខាងជើងជាប់បម្រាមនិងទណ្ឌកម្មមួយខ្សែរបស់អង្គការសហប្រជាជាតិ តាំងពីឆ្នាំ២០០៦ តែប្រមុខគីម ជុងអ៊ុន បន្តអភិវឌ្ឍន៍កម្មវិធីនុយក្លេអ៊ែររបស់ខ្លួនដោយមិនរអាអ្វីឡើយ។

នៅថ្ងៃនេះ ក្រោយពីការបាញ់សាកល្បងមិនសម្រេច កូរ៉េខាងជើងមិនបានធ្វើប្រកាសអ្វីមែន ប៉ុន្តែភ្នាក់ងារសារព័ត៌មានផ្លូវការ បានផ្សព្វផ្សាយសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសកូរ៉េខាងជើង ព្រមានសហរដ្ឋអាមេរិកថានឹងអាចមានការបង់ខាតយ៉ាងធ្ងន់ធ្ងរ ប្រធានាធិបតីអាមេរិកបារ៉ាក់ អូបាម៉ានឹងត្រូវបង់សង មុនចាកចេញពីសេតវិមាន ដើមឆ្នាំ២០១៧តែម្តង។ នេះជាការគំរាមរបស់អ្នកនាំពាក្យ៕

ដោយោ៖ អៀង សុខម៉ិញ
ប្រភព៖ RFI

Loading...

  • អាមេរិក​ចាប់​បាន​សញ្ញានៃការ​​​​បាញ់​មីស៊ីល​បាលីស្ទិក​មិន​សម្រេច នៅ​កូរ៉េខាងជើង已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/10/17  Category:កំសាន្ត
Tags: