ឥណ្ឌា​ចុះកិច្ចសន្យា​ទិញ​គ្រឿងសព្វាវុធ​ពី​រុស្ស៊ី

ឥណ្ឌា​ចុះកិច្ចសន្យា​ទិញ​គ្រឿងសព្វាវុធ​ពី​រុស្ស៊ី
លោកវ៉្លាឌីមៀរ ពូទីន ប្រធានាធិបតីរុស្ស៊ី និងលោកណារិនដ្រា ម៉ូឌី នាយករដ្ឋមន្រ្តីឥណ្ឌា ថ្ងៃសៅរ៍ ទី១៥តុលា ២០១៦
Sputnik/Kremlin/Konstantin Zavrazhin via REUTERS

នៅថ្ងៃសៅរ៍នេះ លោកនាយករដ្ឋមន្រ្តីឥណ្ឌា ណារិនដ្រា ម៉ូឌី និងលោកប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀរ ពូទីន បានចុះហត្ថលេខាលើកិច្ចសន្យាជាច្រើន ទាក់ទងនឹងវិស័យយោធា និងថាមពល។ ការចុះហត្ថលេខាត្រូវបានធ្វើឡើង នៅក្នុងពេលដែលលោកពូទីន កំពុងស្ថិតនៅក្នុងប្រទេសឥណ្ឌា ដើម្បីចូលរួមក្នុងជំនួបកំពូលក្រុមប្រទេសដែលទើបនឹងរីកលូតលាស់ថ្មី (ហៅកាត់ថា BRICS) ដែលរួមមាន ប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និងអាហ្វ្រិកខាងត្បូង។

កិច្ចសន្យាដែលលោកម៉ូឌី និងលោកពូទីន បានចុះ កាលពីថ្ងៃសៅរ៍ មានរហូតដល់ទៅ ២០កិច្ចសន្យា ក្នុងនោះ រួមមាន ការព្រមព្រៀងបោះទុនវិនិយោគ រហូតដល់ទៅ ១៣ពាន់លានដុល្លារ ដោយក្រុមហ៊ុនប្រេងរុស្ស៊ី និងការពង្រីករោងចក្រអគ្គិសនីដើរដោយថាមពលនុយក្លេអ៊ែរ នៅប៉ែកខាងត្បូងប្រទេសឥណ្ឌា។

ចំណែកឯក្នុងវិស័យការពារជាតិវិញ គឺទាក់ទងនឹងការទិញឧទ្ធាម្ភាគចក្រយោធារុស្ស៊ី ចំនួន ២០០គ្រឿង និងនាវាចម្បាំង ៤គ្រឿង ដែលនឹងត្រូវផលិតនៅក្នុងប្រទេសឥណ្ឌា។ លោកម៉ូឌី និងលោកពូទីន ក៏បានព្រមព្រៀងគ្នាផងដែរ ទៅលើកិច្ចសន្យាលក់ប្រព័ន្ធមីស៊ីលការពារដែនអាកាសធុន S-400 ដែលជាប្រព័ន្ធការពារដែនអាកាសដ៏ទំនើបចុងក្រោយរបស់រុស្ស៊ី អាចបាញ់ទម្លាក់ទាំងយន្តហោះ និងមីស៊ីល។ ប្រព័ន្ធមីស៊ីលការពារដែនអាកាស ដែលរុស្ស៊ីទើបនឹងបានដាក់ពង្រាយនៅក្នុងប្រទេសស៊ីរី។

គួរបញ្ជាក់ថា នៅក្នុងពេលបច្ចុប្បន្ននេះ ឥណ្ឌាកំពុងធ្វើទំនើបកម្មកងទ័ពរបស់ខ្លួន ដោយគ្រោងចំណាយលុយរហូតដល់ទៅ ១០០ពាន់លានដុល្លារអាមេរិក ដើម្បីផ្លាស់ប្តូរគ្រឿងសព្វាវុធចាស់ៗ ដែលបន្សល់ទុកតាំងពីសម័យសង្រ្គាមត្រជាក់ ហើយដែលភាគច្រើន ទិញពីសហភាពសូវៀត ដែលកាលណោះ ប្រទេសទាំងពីរ គឺជាសម្ព័ន្ធមិត្តយ៉ាងជិតស្និទ្ធនឹងគ្នា។

ក៏ប៉ុន្តែ នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ គេសង្កេតឃើញថា ឥណ្ឌាបានងាកទៅទិញគ្រឿងសព្វាវុធពីអាមេរិក និងបារាំង ក្នុងពេលដែលរុស្ស៊ីព្យាយាមពង្រឹងទំនាក់ទំនងជាមួយប៉ាគីស្ថាន និងចិន ដែលជាគូសត្រូវរបស់ឥណ្ឌា។

កាលពីថ្ងៃសៅរ៍ ក្រោយពីបានជួបជជែកជាមួយនឹងលោកពូទីន លោកម៉ូឌីបានហៅថា លោកប្រធានាធិបតីរុស្ស៊ីថាជា “មិត្តចាស់” ហើយថា ការចុះកិច្ចសន្យាលើវិស័យការពារជាតិ និងថាមពលនេះ គឺជាការចាក់គ្រឹះ ដើម្បីឈានទៅពង្រឹងកិច្ចសហប្រតិបត្តិការខាងផ្នែកយោធា និងសេដ្ឋកិច្ច រវាងឥណ្ឌា និងរុស្ស៊ី នៅក្នុងរយៈពេលជាច្រើនឆ្នាំតទៅខាងមុខ។

ប្រមុខដឹកនាំទាំងពីរក៏បានជជែកគ្នាផងដែរ អំពីការគំរាមកំហែងភេរវកម្ម ទាំងភេរវកម្មនៅក្នុងតំបន់ និងភេរវកម្មអន្តរជាតិនៅទូទាំងពិភពលោក។ ក៏ប៉ុន្តែ គេមិនបានដឹងច្បាស់ទេថា តើនៅក្នុងការជជែកពីបញ្ហាភេរវកម្មនេះ លោកម៉ូឌី និងលោកពូទីន បាននិយាយដែរឬទេ អំពីភាពតានតឹង ដែលកំពុងតែកើតឡើងយ៉ាងខ្លាំង នៅក្នុងតំបន់កាស្មៀរ រវាងឥណ្ឌា និងប៉ាគីស្ថាន។ ជម្លោះ ដែលរុស្ស៊ីព្យាយាមមិនលូកដៃចូល ដោយមិនចង់ឲ្យមានការថ្នាំងថ្នាក់ជាមួយនឹងប៉ាគីស្ថាន ដែលបច្ចុប្បន្ននេះ រុស្ស៊ីកំពុងតែព្យាយាមពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យយោធាយ៉ាងខ្លាំងផងដែរ៕

ដោយ៖ សេង ឌីណា
ប្រភព៖ RFI

Loading...

  • ឥណ្ឌា​ចុះកិច្ចសន្យា​ទិញ​គ្រឿងសព្វាវុធ​ពី​រុស្ស៊ី已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/10/17  Category:ជីវិតនិងសង្គម
Tags: