បេឡា​ជាតិ​របប​សន្តិសុខ​សង្គម កំពុង​យកចិត្តទុកដាក់​ផ្តល់​របប​សន្តិសុខ​សង្គម ទៅលើ​កម្មករ និយោជិត​ជាង​១​លាន​នាក់​នៅក្នុង​ប្រទេស​កម្ពុជា​

​ខេត្តកំពង់ឆ្នាំង​៖ នៅក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ពី​គោលនយោបាយ​ថ្មីៗ និង​វឌ្ឍនភាព​របស់​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​នៃ​ក្រសួង​ការងារ បណ្តុះបណ្តាល​វិជ្ជាជីវៈ នា​ព្រឹក​ថ្ងៃទី​១៧ ខែតុលា ឆ្នាំ​២០១៦​នេះ នៅក្នុង​សាលាខេត្ត​កំពង់ឆ្នាំង លោកនាយ​ករង បេឡា​ជាតិ​របប​សន្តិសុខ​សង្គម បាន​ពន្យល់​អោយ​ម្ចាស់​សហគ្រាស គ្រឹះ ស្ថាន ជនរងគ្រោះ​ដោយ​គ្រោះថ្នាក់​ការងារ​ទាំងអស់​នៅក្នុង​ខេត្តកំពង់ឆ្នាំង​ដែល​បានរួម​ប្រជុំ យល់​ពី​សារៈប្រយោជន៍​នៃ​ការចុះបញ្ជី​ការ​ជាមួយ​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម ពេល​កម្មករនិយោជិត​មាន​គ្រោះថ្នាក់​ក្នុងពេល​បំពេញ​កិច្ចការងារ និង​ផលប្រយោជន៍​អ្វីខ្លះ ដែល​ជនរងគ្រោះ​ទទួលបាន​ពី​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម ។​

3

​លោក ម៉េង ហុង នាយករង​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម នៃ​ក្រសួង​ការងារ បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ថ្លែងថា​៖ គ្រោះថ្នាក់​ការងារ គឺជា​គ្រោះថ្នាក់​ដែល​កើតឡើង​នៅពេល​កម្មករ​កំពុងធ្វើកា​រ​នៅតាម​រោងចក្រ សហគ្រាស ក្រុមហ៊ុន គ្រឹះស្ថាន និង​គ្រោះថ្នាក់​ពេល​កម្មករ​ទៅ និង​ត្រឡប់​មកពី​ធ្វើការ​។ កិច្ចប្រជុំ​ថ្ងៃនេះ​មាន​គោលបំណង ធ្វើការ​ផ្សព្វផ្សាយ​គោលនយោបាយ​ថ្មីៗ និង​វឌ្ឍនភាព​របស់ ប​.​ស​.​ស ជាពិសេស​ធ្វើការ​ពង្រឹង​សេវា​នៃ​ការផ្តល់​តាវកាលិក​ហានិភ័យ​ការងារ​ជូន​កម្មករនិយោជិត​។ នាពេល​បច្ចុប្បន្ន ប​.​ស​.​ស មាន​សហគ្រាស គ្រឹះស្ថាន​ចុះបញ្ជី​កា​សរុប​ជាង​៨​ពាន់​សហគ្រាស និង​មាន​សមា​ជឹ​ក​សរុប​ប្រមាណ​ជាង​១​លាន​នាក់ ជាពិសេស​មាន​មន្ទីរពេទ្យ មណ្ឌល​សុខភាព ចុះ​កិច្ចព្រមព្រៀង​ក្នុង​ការផ្តល់សេវា​ជូន​សមា​ជឹ​ក ប​.​ស​.​ស ចំនួន​៩៥ ព្រមទាំង​បានផ្តល់​តាវកាលិក​បាន​ជាង​១១​ម៉ឺន​នាក់​ផងដែរ​។ ដោយឡែក​អត្ថប្រយោជន៍​ដែល​សហគ្រាស ក្រុមហ៊ុន គ្រឹះស្ថាន កម្មករនិយោជិត​ទទួលបាន​រួមមាន ការសង្គ្រោះ​បន្ទាន់ ការថែទាំ ការព្យាបាល ការទទួលបាន​ប្រាក់​បំណាច់​ប្រចាំថ្ងៃ ការទទួលបាន​ប្រាក់​ធនលាភ និង​ប្រាក់​វិភាជន៍ សោហ៊ុយ​បូជាសព តាវកាលិក​ឧ​ត្ត​រ​ជីវី សេវា​បុននីតិសម្បទា និង​ការសម្របសម្រួល​វិជ្ជាជីវៈ​ឡើងវិញ​។​

1

​លោកនាយ​ករង​បាន​បន្តថា​៖​កិច្ចប្រជុំ​ក្នុងថ្ងៃនេះ ផ្តោត​គោលបំណង​ពង្រឹង​សេវា​ការផ្តល់​តាវកាលិក​ហានិភ័យ​ការងារ​ជូន​កម្មករនិយោជិត ធ្វើការ​ផ្សព្វផ្សាយ​គោលនយោបាយ​ថ្មីៗ និង​វឌ្ឍនភាព​របស់ ប​.​ស​.​ស និង​ធ្វើការ​ចូលរួម​ពិភាក្សា​ពី​គ្រប់ភាគី​ពាក់ព័ន្ធ ក្នុងការ​ពិនិត្យ​តាមដាន​នូវ​កិច្ចដំណើរការ​ការអនុវត្ត​ន៍​របប​សន្តិសុខ​សង្គម ផ្នែក​ហានិភ័យ​ការងារ ដើម្បី​ជា​ចលករ​មួយ​ក្នុងការ​អភិវឌ្ឍន៍​នូវ​ការអនុវត្ត​កិច្ចដំណើរការ​ថ្នែ​ក​ហានិភ័យ​ការងារ​អោយមាន​ប្រសិទ្ធភាព​ខ្ពស់​ទៅ​មុខជា​និរន្ត​ន៍​។​

2

​ដោយឡែក​លោក ស៊ុន សុវណ្ណារិទ្ធ អភិបាលរង​ខេត្តកំពង់ឆ្នាំង​ដែល​បាន​ចូលរួម​ប្រជុំ​ការងារ​នេះ​បាន​មានប្រសាសន៍ថា​៖ ការប្រជុំ​នេះ​មាន​សារៈសំខាន់​ណាស់ នេះ​ជាការ​យកចិត្តទុកដាក់​ដោះស្រាយ​រាល់​បញ្ហា​របស់​និយោជិត ម្ចាស់​សហគ្រាស គ្រឹះស្ថាន និង​ជាពិសេស​ធ្វើការ​យកចិត្តទុកដាក់​ខ្លាំង​ក្នុង​ការផ្តល់សេវា ក្នុងការ​ផ្សព្វផ្សាយ​ពី​លទ្ធផល​នៃ​ការអនុវត្តន៍​ការងារ​កន្លងមក ព្រមទាំង​ធ្វើការ​ផ្សព្វផ្សាយ​ពី​ការបង្ការ​គ្រោះថ្នាក់​ការងារ ការយកចិត្តទុកដាក់​ពី​សុខភាព​អនាម័យ ជាពិសេស​សុវត្ថិភាព​ក្នុងពេល​ធ្វើដំណើរ​មក​បំ​ពេញ​ភារកិច្ច​រប​ស់បុ​គ្គ​លឹក កម្មករនិយោជិត នៅតាម​សហគ្រាស គ្រឹះស្ថាន និង​ធ្វើការ​ពង្រឹង​ការផ្តល់សេវា​ដែល​ពាក់ព័ន្ធ​នឹង​ការអនុវត្តន៍​រប​បស​ន្តិ​សុខ​សង្គម ផ្នែក​ហានិភ័យ​ការងារ​ផងដែរ​៕ ( រិទ្ធិជ័យ )

4