យូនីសេហ្វ​រក​ឃើញ​ថា​ក្មេង​៥​នាក់​ក្នុង​ចំណោម​៦​នាក់​ខ្វះ​សារធាតុ​ចិញ្ចឹម​នៅ​ប្រទេស​កំពុង​អភិវឌ្ឍ

ប្រទេស​កម្ពុជា ក៏ដូចជា​ប្រទេស​អភិវឌ្ឍន៍​ដទៃ​ទៀត ត្រូវ​បាន​អង្គការ​យូនីសេហ្វ (UNICEF) រក​ឃើញ​ថា ក្មេង ៥​នាក់​ក្នុង​ចំណោម ៦​នាក់​កំពុង​ជួប​បញ្ហា​កង្វះ​សារធាតុ​ចិញ្ចឹម។ ការ​លើក​ឡើង​របស់​អង្គការ​យូនីសេហ្វ​នេះ គឺ​ធ្វើ​ឡើង​ស្រប​នឹង​ទិវា​ស្បៀង​អាហារ​ពិភពលោក​របស់​អង្គការ​សហប្រជាជាតិ នៅ​ថ្ងៃ​អាទិត្យ ទី​១៦ តុលា។

គោលដៅ​ពិភពលោក​មួយ​សម្រាប់ ១៥​ឆ្នាំ​ខាង​មុខ គឺ​ការ​ធ្វើ​ឲ្យ​កម្រិត​នៃ​ភាព​អត់​ឃ្លាន​ធ្លាក់​មក​កម្រិត​សូន្យ។

ជា​រៀង​រាល់​ឆ្នាំ​នៅ​ថ្ងៃ​ទី​១៦ តុលា អង្គការ​សហប្រជាជាតិ ប្រារព្ធ​ទិវា​ស្បៀង​អាហារ​ពិភពលោក ដែល​ជា​ថ្ងៃ​ដែល​អង្គការ​ស្បៀង​អាហារ និង​កសិកម្ម ហ្វាវ (FAO) ត្រូវ​បាន​បង្កើត​ឡើង។ គោល​បំណង​នៃ​ទិវា​នេះ គឺ​ដើម្បី​ជំរុញ​ឲ្យ​ប្រទេស​ទាំងអស់​ងាក​មក​មើល​បញ្ហា​នានា​ទាក់ទង​នឹង​ចំណី​អាហារ និង​សហការ​គ្នា​បំបាត់​កង្វះ​ស្បៀង​អាហារ។

នៅ​ថ្ងៃ​សុក្រ ទី​១៤ តុលា អង្គការ​យូនីសេហ្វ ប្រកាស​ថា​នៅ​ប្រទេស​កំពុង​អភិវឌ្ឍ​ក្មេង​ជាង ៨៥​ភាគរយ​នៅ​ចន្លោះ ៦​ខែ​ទៅ ២​ឆ្នាំ កំពុង​ជួប​បញ្ហា​កង្វះ​សារធាតុ​ចិញ្ចឹម។

បញ្ហា​នេះ​មិន​មែន​កើត​ឡើង​តែ​លើ​កុមារ​ដែល​មិន​មាន​ចំណី​អាហារ​បរិភោគ​គ្រប់គ្រាន់​នោះ​ទេ ពោល​គឺ​កុមារ​ដែល​បាន​បរិភោគ​ច្រើន​ហើយ តែ​មិន​ត្រឹមត្រូវ​តាម​អ្វី​ដែល​រាងកាយ​ត្រូវ​ការ ក៏​ជួប​បញ្ហា​កង្វះ​សារធាតុ​ចិញ្ចឹម​ដែរ។

ប្រជាជន​នៅ​ប្រទេស​កម្ពុជា ក្រោម​ការ​សិក្សា​ស្រាវជ្រាវ​របស់​អង្គការ​យូនីសេហ្វ បាន​រក​ឃើញ​ថា ជា​មធ្យម​ពួក​គេ​ចំណាយ​ប្រាក់ ៦% ទៅ ៧% នៃ​ប្រាក់​ចំណូល​សរុប​របស់​ពួក​គេ​ទៅ​លើ​នំ​ចំណី ហើយ​នំ​ចំណី​ទាំងនោះ​ទៀតសោត គឺ​សម្បូរ​ទៅ​ដោយ​ខ្លាញ់ ស្ករ និង​អំបិល។

អាស៊ីសេរី មិន​អាច​ទាក់ទង​អ្នក​នាំ​ពាក្យ​អង្គការ​យូនីសេហ្វ នៅ​កម្ពុជា បាន​ទេ​នៅ​ថ្ងៃ​ទី​១៦ ខែ​តុលា ឆ្នាំ​២០១៦។

អ្នក​ឯកទេស​ផ្នែក​អាហារូបត្ថម្ភ​របស់​អង្គការ​យូនីសេហ្វ អ្នកស្រី ហ្វ្រាន បេហ្គីន (France Begin) ថ្លែង​ទៅ​ទីភ្នាក់ងារ​សារព័ត៌មាន រ៉យទ័រ (Reuters) ថា «ហេតុ​អ្វី​បាន​ជា​មក​ដល់​ឆ្នាំ​២០១៦ ហើយ យើង​នៅ​តែ​បណ្តោយ​ឲ្យ​ក្មេង​ជាច្រើន​ជួប​បញ្ហា​កង្វះ​សារធាតុ​ចិញ្ចឹម​ទៀត? រយៈពេល​ពីរ​ឆ្នាំ​ដំបូង​នៃ​ជីវិត​របស់​ក្មេង គឺ​មាន​សារសំខាន់​បំផុត​ដែល​យើង​មិន​អាច​ត្រឡប់​ក្រោយ​បាន​ទេ»

ទាក់ទិន​នឹង​រឿង​នេះ អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល លោក លី សូវ៉ាន់ ឆ្លើយ​តប​ថា ទិន្នន័យ​របស់​អង្គការ​យូនីសេហ្វ មិន​ឆ្លុះ​បញ្ចាំង​ពី​កម្ពុជា ឡើយ ដែល​លោក​ថា​មាន​ភាព​ល្អ​ប្រសើរ​ជាង​នេះ ប៉ុន្តែ​លោក​មិន​បាន​បង្ហាញ​ស្ថិតិ​ណា​មួយ​ច្បាស់លាស់​ឡើយ។

ចំណែក​ឯ​ការ​រក​ឃើញ​ថា នំ​ចំណី​ដែល​កុមារ​បរិភោគ​នៅ​កម្ពុជា គឺ​ពោរពេញ​ទៅ​ដោយ​ខ្លាញ់ ស្ករ និង​អំបិល មន្ត្រី​សុខាភិបាល​រូប​នេះ​បកស្រាយ​ថា វា​បណ្ដាល​មក​ពី​ការ​រីក​ចម្រើន​នៃ​ទីផ្សារ​ចំណី​អាហារ​ទៅ​វិញ​ទេ៖ «បច្ចុប្បន្ន យើង​ប្រឈម​នឹង​ការ​ផ្សព្វផ្សាយ និង​ការ​រីក​ចម្រើន​នៃ​ចំណី​អាហារ​បរទេស​ដែល​សម្បូរ​ទៅ​ដោយ​ប៊័រ និង​ជាតិ​ខ្លាញ់ ដែល​ធ្វើ​ឲ្យ​កុមារ​ធាត់។ ឯ​កុមារ​ដែល​បរិភោគ​មិន​បាន​គ្រប់គ្រាន់ បែរ​ជា​ខ្វះ​សារធាតុ​ចិញ្ចឹម​ទៅ​វិញ»

យ៉ាង​ណា​ក៏ដោយ លោក លី សូវ៉ាន់ អំពាវនាវ​ឲ្យ​ប្រជាជន​ងាក​មក​ចាប់​អារម្មណ៍​លើ​នំ​ចំណី​ក្នុង​ស្រុក​ដែល​លោក​ថា​មាន​សារធាតុ​ចិញ្ចឹម​យ៉ាង​ច្រើន។

អង្គការ​យូនីសេហ្វ​នៅ​កម្ពុជា រក​ឃើញ​ថា មាន​ក្មេង​នៅ​ចន្លោះ​អាយុ ៦​ខែ​ដល់ ៨​ខែ​ជាង ៨០​ភាគរយ​មិន​បាន​ទទួល​អាហារូបត្ថម្ភ​គ្រប់គ្រាន់​នោះ​ទេ។ ក្មេង​ជាង ៣៥​ភាគរយ​ក្រោម​អាយុ ៥​ឆ្នាំ​កើត​រោគ​ក្រិន ហើយ​ជាង ២៥​ភាគរយ​មាន​រាងកាយ​ស្គម​រីងរៃ​ខ្លាំង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។