ព្រះសង្ឃ​៣០០​អង្គ​និមន្ត​បិណ្ឌបាត​ពេល​ចេញ​ព្រះ​វស្សា ពុទ្ធសាសនិក​សប្បាយចិត្ត​ធ្វើបុណ្យ

ខេត្តកំពង់ចាម ៖ ព្រះ​ស​ង្ឈ​ចំនួន​៣០០​អង្គ​និមន្ត​មក​ពី​បណ្តា​វត្ត​នានា អម​ដោយ​កម្លាំង​នគរបាល និង​អាវុធហត្ថ​បាន​ចេញ​និមន្ត​បិណ្ឌបាត​តាម​គោលដៅ​ចំនួន​៣​កន្លែង​ក្នុង​ក្រុង​កំពង់ចាម នា​ព្រឹក​ថ្ងៃ​ទី​១៧ ខែតុលា ឆ្នាំ​២០១៦ ទៅ​តាម​គន្លង​ព្រះពុទ្ធ​សាសនា ហើយ​ពលរដ្ឋ​សប្បាយ​ទឹក​ជ្រះថ្លា​ក្នុង​ការ​ដាក់​ចង្ហាន់​ព្រមទាំង​បាន​បួងសួង​សុំ​សេចក្តីសុខ​ក្នុង​ក្រុម​គ្រួសារ​នីមួយ​ៗ​ផង​ដែរ ។

ស្ត្រី​ចំណាស់​ឈ្មោះ គី​ម អ៊ី​ន អាយុ​៦៧​ឆ្នាំ រស់នៅ​ភូមិ​ជ្រោយ​ថ្ម សង្កាត់​បឹង​កុក ក្រុង​កំពង់ចាម មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា នៅ​ពេល​ដែល​គាត់​បាន​ចេញពី​ផ្ទៃ​ម្តា​យមក លុះ​ពេល​ដែល​ដឹងក្តី​កាលពី​នៅ​កុមារភាព​នោះ​បានឃើញ​ជីដូន​ជីតា​របស់​គាត់​ជា​អ្នក​ដែល​ស្រលាញ់ និង​គោរព​ព្រះពុទ្ធ​សាសនា ហើយ​ចំណង់​ចំណូលចិត្ត​របស់​គាត់​ក៏​ទៅ​តាម​នោះ​ដែរ។ រហូត​ដល់​ទៅ​ពេញវ័យ​ក្រមុំ​រៀប​ការ​ប្តី​គាត់ ក៏​ជា​អ្នក​ដែល​គោរព​ព្រះពុទ្ធ​ដូច​គ្នា  សាច់ញាតិ​ប្តី​ដោយសារ​តែ​ស្រលាញ់​ចិត្ត​នោះ ថែម​ទាំង​បាន​បួស​ជា​សង្ឃគង់នៅ​វត្ត​ជ្រោយ​ថ្ម​កាលពី​សង្គមចាស់   ។

ស្ត្រី​ចំណាស់​ឈ្មោះ គី​ម អ៊ី​ន មាន​ប្រសាសន៍​បន្ត​ថា ទោះបីជា​ប្រទេស​កម្ពុជា បាន​ឆ្លងកាត់​នៅ​ភ្លើង​សង្គ្រា​ម​ជា​ច្រើន​ឆ្នាំ​កន្លង​មក​យ៉ាងណា​ក្តី ក្រោយ​ឆ្នាំ​១៩៧៩  គាត់​និង​ប្តី ព្រមទាំង​កូន​ៗ៤​នាក់ គឺ​គោរព និងប្រតិបត្តិ​តាម​ព្រះពុទ្ធ​ជា​រាង​រហូត​មក​ដល់​សព្វ​ថ្ងៃនេះ ជាមួយ​នោះ​គាត់​បាន​កាន់​សិល្ប៍​៥​ផង​ដែរ ។ ស្ថិត​នៅ​ក្នុង​វ័យ​ក្បែរ​៧០​ឆ្នាំ​នៅ​ថ្ងៃ​សិល្ប៍ ជា​ញឹកញាប់​បាន​ទៅ​វត្ត​ជ្រោយ​ថ្ម​សុំ​សិល្ប៍ ហើយ​នៅ​ពេល​ណាដែល​សុខភាព​មិន​អំណោយផល កម្លាំង​ចុះ​ខ្សោយ​អាច​នៅ​សូត្រ​ព្រ​ធម៌​នៅផ្ទះ បួងសួង​សុំ​សេចក្តីសុខក្នុង​ក្រុម​គ្រួសារ​។ ជាក់ស្តែង​នៅ​ព្រឹក​ថ្ងៃ​ទី​១៧ ខែតុលា ឆ្នាំ​២០១៦ គាត់​ត្រូវ​បានកូន​ស្រី​ច្បង​យក​ថវិកា​មក​ជូន ដើម្បី​ឲ្យ​គាត់​បាន​រៀបចំ​ចង្ហាន់ ពេល​ដែល​ចេញ​បិណ្ឌបាត​ចេញ​ព្រះ​វស្សា​នេះ ។

តា​អាចារ្យ​ឈ្មោះ មួ​ង យាន អាយុ​៨១​ឆ្នាំ នៅ​វត្ត​ជ្រោយ​ថ្ម  ក្រុង​កំពង់ចាម មាន​ប្រសា​សស​ន៍​ឲ្យ​ដឹង​ថា ក្នុង​ពេល​ដែល​ចេញ​ព្រះ​វស្សា​នេះ ព្រះ​ឧត្តម​ប្រ​យ៍​ជា អន  ធាង​អាន ព្រះ​​មេគណ​ខេត្ត គង់នៅ​វត្ត​ជ្រោយថ្ម ក្រុង​កំពង់ចាម បាន​និមន្ត​ដឹកនាំ​ព្រះសង្ឃ​ចំនួន​៣០០​អង្គ ដែល​និមន្ត​មក​ពី​តាម​បណ្តា​វត្ត​ដូច​ជា វត្ត​នគរ​បា​ជ័យ​ក្រៅ និង​ក្នុង​វត្ត​ដីដុះ និង​វត្ត​ជ្រោយ​ថ្ម  ដោយ​បាន​ចេញ​ទៅ​ចំនួន​៣​គោលដៅ​ក្នុង​ក្រុង​កំពង់​ចាម ដើម្បី​បិណ្ឌបាត​ចង្ហាន់​នោះ ព្រោះថា ព្រះសង្ឃ​បាន​គង់​ចាំ​អស់​មួយ​ត្រីមាស​ស្មើ​៣​ខែ ដោយ​កាលពី​ល្ងាច​ថ្ងៃ​ទី​១៦ ខែតុលា បាន​បណ្តែតប្រទីប លុះ​ព្រឹក​ថ្ងៃ​ទី​១៧ តុលា បាន​និមន្ត​គោចរ​បិណ្ឌបាត​ប្រោសសត្វ លោកតា​ចង់​ឲ្យ​កុលបុត្រ​កុលធីតា ក្លាយទៅជា​មនុស្ស​ល្អ​ក្នុង​សង្គម​ជាតិ​ដើរ​តាម​ឱវាទ ព្រះពុទ្ធ​នៃ​យើង​នោះ ។

លោកស្រី សុ​ភ័​ក្រ ប្រធាន​មន្ទីរ​ធម្មការ និង​សាសនា​ខេត្ត ប្រាប់​ឲ្យ​ដឹង​ដែរ​ថា សម្រាប់​អ្នក​កាន់​ព្រះពុទ្ធ​សាសនា​នៅ​ថ្ងៃ​ទី​១៦ តុលា ត្រូវ​បាន​រៀបចំ​បុណ្យ​ចេញ​ព្រះ​វស្សា​នៅ​គ្រប់​ទី​វត្ត​អារាម​នានា​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា បន្ទាប់​ពី​ព្រះសង្ឃ​គង់នៅ​វត្ត​អស់​រយៈពេល​៣​ខែ ហើយ​តាម​វត្ត​ខ្លះ​មាន​រាប​បាត ដើម្បី​បំពេញ​កុសល​ប្រោស​ដល់​សព្វ​សត្វ​ផង​ដែរ៕