សមត្ថកិច្ច​៣​ខណ្ឌ​ចេញ​ចាប់​បាន​ទាំង​២​នាក់​បន្តបន្ទាប់​គ្នា

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​២​នាក់​ត្រូវ​បាន​សមត្ថកិច្ច​៣​ខណ្ឌ​នាំ​គ្នា​ធ្វើការ​ឡោម​ព័ទ្ធ​ដេញ​ចាប់ខ្លួន​បាន​បន្តបន្ទាប់​គ្នា ដោយ​នគរបាល​ខណ្ឌចំការមន​ចាប់​បាន​ម្នាក់ និង​កងរាជអាវុធហត្ថ​ខណ្ឌ​៧​មក​រា​ចាប់​បាន​ម្នាក់ បន្ទាប់​ពី​ពួក​គេ​ទាំង​២​នាក់​បាន​ធ្វើ​សកម្មភាព​ឆក់​ខ្សែ​ក​ពី​ស្ត្រី​ម្នាក់​មិន​បាន​សម្រេច​កាលពី​វេលា​ម៉ោង​៩ និង​៤៥​នាទី​ព្រឹក ថ្ងៃ​ទី​១៧ ខែតុលា ឆ្នាំ​២០១៦ នៅ​តាម​បណ្តោយ​ផ្លូវ​លេខ​៧១ (​ម្តុំ​មុខ​ស្តា​ត​ចាស់​) ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ ។

ប្រភព​ព័ត៌មាន​ពី​មន្ត្រី​នគរបាល​បាន​ប្រាប់​ឱ្យ​ដឹង​ថា ជន​សង​សង្ស័យ​ទាំង​២​នាក់​មាន ១-​ឈ្មោះ រ៉​សេត អេស​អា​រី ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ និង ២-​ឈ្មោះ ហ្វា ស៊ី ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ក្នុង​សង្កាត​ច្រាំង​ចំរេះ ខណ្ឌឫស្សីកែវ​ជាមួយ​គ្នា ។

ប្រភព​បន្ត​ថា មុន​ពេល​កើតហេតុ​ខណៈ​ពេល​ដែល​ស្ត្រី​ម្នាក់​ឈ្មោះ គិត ស្រី​ពៅ អាយុ​៥៣​ឆ្នាំ ជិះ​ម៉ូតូ​ម៉ាក  ZOOMER-X ដោយ​មានកូន​ស្រី​របស់​គាត់​ជា​អ្នក​ឌុ​ប​ក្នុង​បំណង​ទៅ​លេង​ផ្ទះ​បងប្អូន​នៅ​ឯ​កោះ​ឧកញ៉ា​តី ស្រាប់តែ​លេចមុខ​ក្រុម​ជនសង្ស័យ​២​នាក់​ជិះ​ម៉ូតូ​ម៉ាក​ស្មាស់ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1BF-3898 មក​ក្បែរ ហើយ​ធ្វើ​សកម្មភាព​ឆក់​យក​ខ្សែ​ក​របស់​គាត់​តែ​ម្តង ។

ប្រភព​បញ្ជាក់​ថា ពេល​ដែល​ជនសង្ស័យ​ទាំង​២​នាក់​ឆក់​ខ្សែ​ក​ប្លា​ទី​១​ខ្សែ​ដែល​មាន​ទម្ងន់​៣​ជី​ពី​ស្ត្រី​រង​គ្រោះ គឺ​ឆក់​មិន​បាន​ឡើយ ក៏​ត្រូវ​ស្ត្រី​រូប​នោះ​ស្រែក​ឆោឡោ ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ និង​កម្លាំង​មាន​សម្ថ​កិច្ច​ធ្វើការ​ដេញ​តាម​ចាប់​តែ​ម្តង ។

ក្រោយ​ពេល​ដែល​មានការ​ភ្ញាក់ផ្អើល​កើតឡើង​ដោយ​កម្លាំង​សមត្ថកិច្ច​ខណ្ឌដូនពេញ​កំពុង​តែ​ធ្វើការ​ដេញ​តាម​ចាប់​នោះ កម្លាំង​នគរបាល​ខណ្ឌចំការមន​ក៏​ធ្វើការ​ស្ទាក់​ចាប់​បាន​ជនសង្ស័យ​ម្នាក់ ចំណែក​កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌ​៧​មក​រា​ក៏​ស្ទាក់​ចាប់​បាន​ម្នាក់​ផង​ដែរ ។

ក្រោយ​ពេល​កម្លាំង​នគរបាល​ខណ្ឌចំការមន​ធ្វើការ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ម្នាក់ និង​ដកហូត​បាន​ម៉ូតូ​មួយ​គ្រឿង​រួច​ហើយ ក៏​បាន​បញ្ជូន​ខ្លួន​ទៅ​កាន់​មូលដ្ឋាន​កងរាជអាវុធហត្ថ​ខណ្ឌ​៧​មក​រា ដើម្បី​ចាត់ការ​ទៅ​តាម​ផ្លូវច្បាប់​ជា​បន្ត​ទៀត ៕