ស្ពានត្នោត​ទេ​ក្លាយ​ជា​កន្លែង​កម្សាន្ត​ដ៏​ពេញ​និយម នៅ​រដូវវស្សា

 

ស្ពានត្នោត​ទេ​ក្លាយ​ជា​កន្លែង​កម្សាន្ត​ដ៏​ពេញ​និយម  នៅ​រដូវវស្សា
 

ស្ពាន​ត្នោត​ទេ ស្ថិត​នៅ​ភូមិ​ត្នោត​ទេ ឃុំ​ទ្រា ស្រុក​សំរោង ខេត្ត​តាកែវ។ ថ្វី​ត្បិត​ទីនេះ​មិនមែន​ជា​រមណីយដ្ឋាន​ទេសចរណ៍​ដែល​បាន​ចុះ​បញ្ជី​ផ្លូវការ​ក៏​ដោយ ប៉ុន្តែ​អោយ​តែ​ដល់​រដូវ​វស្សា​មាន​ភ្លៀង​ធ្លាក់​ច្រើន​ហូរ​កាត់​ក្រោម​ស្ពាន ធ្វើ​អោយ​ទីនេះ​ក្លាយ​ជា​ទី​លំហែ​មួយ​ដ៏​ពេញ​និយម ជាពិសេស​នៅ​អំឡុង​ពេល​បុណ្យ​ភ្ជុំបិណ្ឌ​និង​បុណ្យ​អុំទូក​មាន​ភ្ញៀវ​ជិត​ឆ្ងាយ​មក​កម្សាន្ត​ក្នុង ១ថ្ងៃៗ រហូត​ដល់​រាប់​ពាន់​នាក់​ឯណោះ។

 

ស្ពានត្នោត​ទេ​ក្លាយ​ជា​កន្លែង​កម្សាន្ត​ដ៏​ពេញ​និយម  នៅ​រដូវវស្សា

 

ស្ពាន​ដ៏​សំខាន់​នេះ​ចែក​បឹង​ជា​ពីរ​ផ្នែក។ ផ្នែក​ខាង​លើ​មាន​ប្រភព​ទឹក​មក​ពី​ស្ទឹង​ស្វាយ​ព្រៃ ផ្លូវជាតិ​លេខ២ និង​ផ្នែក​ខាង​ក្រោម​ជាប់​នឹង​ទន្លេ។វា​មាន​ចម្ងាយ​ប្រមាណ ១០គីឡូរម៉ែត្រ ពី​ខេត្ត​តាកែវ​បើ​ធ្វើ​ដំណើរ​តាម​ផ្លូវ​កាត់​ពី​សកលវិទ្យាល័យ​បៀលប្រាយ ខេត្តតាកែវ ឆ្ពោះ​ទៅ​ទិស​ខាង​ជើង​កាត់តាម​ទំនប់​សៃវៀន រួច​បត់​ស្តាំ​តាម​ទំនប់​មួយ​ទៀត​ប្រមាណ ១គីឡូម៉ែត្រ​ភ្ជាប់​ទៅ​ខាងលើ។

 

ផ្ទុយ​ទៅ​វិញ​ភ្ញៀវ​ខ្លះ​អាច​ធ្វើ​ដំណើរ​តាម​ផ្លូវ​ជាតិ​លេខ​២ ខាង​ត្បូង​ផ្សារ​ស្វាយ​ព្រៃ​ចុះ​ត្រង់​មក​ទិស​ខាង​កើត​ប្រហែល​៤គីឡូម៉ែត្រ។ ទោះ​បី​មាន​ទឹក​ហូរ​តិចៗ​តែ​ភ្ញៀវ​ដែល​មក​ឈរ​កម្សាន្ត​លើ​ស្ពាន​ស្រូប​ខ្យល់​បរិសុទ្ធ​ចាប់​អារម្មណ៍​ខ្លាំង​ជាមួយ​សំឡេង​ទឹកហូរ​កាត់​ក្រោម​ស្ពាន​ធ្លាក់​ចូល​ចន្លោះ​ផ្ទាំងថ្មរ​តូច​ធំ​តម្រៀប​គ្នា​ចុះ​ទៅ​បឹង​ផ្នែក​ខាង​ក្រោម។

 

សំឡេង​ទឹក​ហូរ​លាន់​ឭ​រងំ​ប្រៀប​បាន​នឹង​តន្ត្រី​ធម្មជាតិ​ប្រគុំ​បំពេ​អារម្មណ៏​ទាំង​ភ្ញៀវ​នៅ​លើ​ស្ពាន​និង​ខ្លះ​ទៀត​ចុះ​ងូត​ទឹក​លេង​យ៉ាង​សប្បាយ ធ្វើ​អោយ​ភ្លេច​អស់​នូវ​ទុក្ខ​កង្វល់​ទាំង​ពួង។មិន​តែ​ប៉ុណ្ណោះ​ភ្ញៀវ​ខ្លះ​ទៀត​ទទួល​អារម្មណ៏​ស្រស់ស្រាយ​នឹង​ការ​ជិះ​អូប័រ​កម្សាន្ត​លើ​ផ្ទៃ​ជលសារ​ដើម្បី​គយគន់​សម្រស់​ទេសភាព​នានា​ពេល​ព្រះអាទិត្យ​ហៀប​អស្ដង្គត។ ទោះ​បី​យ៉ាង​ណា ការ​ជួបជុំ​ដ៏​ច្រើន​នេះ​មាន​ត្រឹម​អំឡុង​បុណ្យ​ភ្ជុំបិណ្ឌ និង​បុណ្យ​អុំទូក​ប៉ុណ្ណោះ ក្រៅ​ពី​នោះ​មាន​ភ្ញៀវ​ខ្លះ​មក​លម្ហែ​នៅ​ថ្ងៃ​សៅ អាទិត្យ ដែរ តែភាគច្រើនជាយុវវ័យ។

 

គួរ​រំលឹក​ថា​ស្ពាន​ដ៏​ចំណាស់​នេះ​ត្រូវ​បាន​កសាង​ឡើង​តាំង​ពី​ជំនាន់​ប៉ុលពត​មក​ម្លេះ ប៉ុន្តែ​ត្រូវ​បាន​ជួសជុល​ស្តារ​ឡើង​វិញ​ក្រោយ​ឆ្នាំ១៩៩៣។ ក្រៅ​ពី​ជា​ទី​លំហែ​កាយ​នា​រដូវ​ភ្ជុំបិណ្ឌ​ ស្ពាន​ខាង​លើ​នេះ​ជា​ផ្លូវ​ភ្ជាប់​សេដ្ឋកិច្ច​ដ៏​សំខាន់ ព្រម​ទាំង​ផ្តល់​នូវ​ធនធាន​មច្ឆា​ជាតិ​ដល់​ប្រជាពលរដ្ឋ​រាប់ពាន់​គ្រួសារ​ក្នុង​តំបន់​នេះ​ផង​ដែរ។

 

ស្ពានត្នោត​ទេ​ក្លាយ​ជា​កន្លែង​កម្សាន្ត​ដ៏​ពេញ​និយម  នៅ​រដូវវស្សា
ស្ពានត្នោត​ទេ​ក្លាយ​ជា​កន្លែង​កម្សាន្ត​ដ៏​ពេញ​និយម  នៅ​រដូវវស្សា
ស្ពានត្នោត​ទេ​ក្លាយ​ជា​កន្លែង​កម្សាន្ត​ដ៏​ពេញ​និយម  នៅ​រដូវវស្សា
អ្នក​ណា​ខ្លះ ធ្លាប់​បាន​ទៅ​លេង​ស្ពាន​ត្នោត​ទេ?
អត្ថបទ៖ ជិន វេន
រូបថត៖ ទូរសព្ឌដៃ