ប៉ះទង្គិច​គ្នា​ក្នុង​ពន្ធនាគារ​ប្រេ​ស៊ី​ល​មួយ​ស្លាប់​25​នាក់

យោង​តាម​ប្រភព​ព័ត៌មាន​ផ្លូវការ​ថា អ្នកទោស​យ៉ាងតិច​២៥​នាក់​ស្លាប់​កាលពី​ថ្ងៃ​ទី​១៦ តុលា ពេល​មានការ​ប៉ះទង្គិច​គ្នា រវាង​ក្រុម​អ្នកទោស​ដែល​ប្រជែង​គ្នា​ក្នុង​ពន្ធនាគារ​រដ្ឋ RORAIMA នា​ភាគ​ខាងជើង​ប្រេ​ស៊ី​ល ។ ក្នុង​ចំណោម​អ្នកទោស​ដែល​ស្លាប់​ទាំងនោះ​៧​នាក់ ត្រូវ​គេ​កាត់​ក្បាល ហើយ​៦​នាក់​ទៀត​ដុត​សម្លាប់​ទាំង​រស់ ។

កងកម្លាំង​ប៉ូលិស​បាន​បញ្ចប់​ការ​ប៉ះទង្គិច​គ្នា​នោះ​ដែល​កើត​មាននៅ​ពន្ធនាគារ​MONTE CRISTO ក្រុង​BOA VISTA រដ្ឋធានី​រដ្ឋ​RORAIMA ជាប់​ព្រំដែន​វេ​ណេ​ស៊ុ​យ​អេ​ឡា ។

អ្នក​ទទួលខុសត្រូវ​រដ្ឋ​RORAIMA ម្នាក់​រៀបរាប់​ថា ឪពុក​ម្តាយ​អ្នកទោស​ប្រមាណ​ជា​១០០​នាក់ ត្រូវ​ចាប់​ជា​ចំណាប់ខ្មាំង​ពេល​មានការ​ប៉ះទង្គិច​គ្នា នា​វេលា​រសៀល​ពេល​ម៉ោង​គ្រួសារ​អាច​ទៅ​ជួប​ពួក​អ្នកទោស ។ ការ​ប៉ះទង្គិច​គ្នា​កើត​មាន​ពេល​ពួក​អ្នកទោស​នៃ​ផ្នែក​មួយ​លុក​ចូល​ផ្នែក​មួយទៀត​នៃ​ពន្ធនាគារ BOA VISTA ។ កងកម្លាំង​ពិសេស​របស់​ប៉ូលិស​បាន​លុក​ចូល​ក្នុង​បរិវេណ​ពន្ធនាគារ​រំដោះ​ចំណាប់ខ្មាំង​ភាគច្រើន​ជា​ម្តាយ​ពួក​អ្នកទោស​ហើយ​បញ្ចប់​ការ​បះបោរ​។ ពួក​អ្នកទោស​ប៉ះ​គ្នា​ដោយ​កាំបិត​និង​ដុំ​ឈើ ៕