ទីប្រឹក្សា​ក្រសួង​ធម្មការ៖ ការ​ប្រតិបត្តិ​អង្គ​កឋិន​ទាន​បច្ចុប្បន្ន ​ពុំ​សូវ​ត្រឹម​ត្រូវ

ទីប្រឹក្សា​ក្រសួង​ធម្មការ៖ ការ​ប្រតិបត្តិ​អង្គ​កឋិន​ទាន​បច្ចុប្បន្ន ​ពុំ​សូវ​ត្រឹម​ត្រូវ

ថ្ងៃទី ១៧ ខែ តុលា នេះ គឺជាថ្ងៃទីមួយនៃបុណ្យកឋិនទាន ដែលអ្នកគោរពព្រះពុទ្ធសាសនា តែងតែនាំគ្នាប្រារព្ធជារៀងរាល់ឆ្នាំ។ កឋិនទាន ជាកាលដ៏ពិសេសមួយមានកំណត់ពេលវេលាច្បាស់លាស់ ពោលគឺមានរយៈពេលចំនួន ២៩ ថ្ងៃ គិតចាប់ពីថ្ងៃ ១ រោចខែ អស្សុជ ដល់ថ្ងៃ ១៥ កើត ខែកត្តិក។ យ៉ាងណាក៏ដោយ ទីប្រឹក្សាក្រសួងធម្មការ មើលឃើញថា បច្ចុប្បន្ន ការប្រតិបត្តិរបស់ភិក្ខុសង្ឃមួយចំនួនមិនបានត្រឹមត្រូវតាមអង្គកឋិននោះទេ។

តាមការសង្កេតរបស់ លោក វ៉ាយ វិបុល ទីប្រឹក្សាក្រសួងធម្មការ និងសាសនា បច្ចុប្បន្ននេះការប្រតិបត្តិអង្គកឋិន ពុំសូវជាមានភាពត្រឹមត្រូវនោះទេ ជាក់ស្តែង មានភិក្ខុសង្ឃនៅតាមវត្តអារាមមួយចំនួន បានដើរទៅទាក់ទងពុទ្ធបរិស័ទ ឲ្យមកធ្វើបុណ្យកឋិននៅក្នុងវត្តរបស់ខ្លួន ដែលការណ៍នេះ គឺមិនត្រឹមត្រូវនោះទេ ឬធ្វើឲ្យអោយខូចកឋិន។ លោក វ៉ាយ វិបុល ពន្យល់ថា តាមបញ្ញត្តិនៅក្នុងព្រះវិន័យ គឺត្រូវព្រះសង្ឃ ត្រូវគង់ចាំពុទ្ធបរិស័ទជាអ្នកផ្តូចផ្តើមធ្វើបុណ្យវិញ។

កឋិនទាន គឺជាបុណ្យ ដែលមានចែងនៅក្នុងពុទ្ធបញ្ញត្តិ ពោលគឺពុំមែនជាបុណ្យ ប្រពៃណីរបស់អ្នកគោរពរាប់អាន ព្រះពុទ្ធសាសនា ដូចជាបុណ្យភ្ជុំបិណ្ឌ និងបុណ្យផ្កាជាដើមឡើយ។ កឋិនទាន មានតែនៅក្នុងព្រះពុទ្ធសាសនាប៉ុណ្ណោះ ហើយក៏ជាកាលទានដ៏ពិសេសមួយមាន កំណត់ពេលវេលាច្បាស់លាស់ គឺមិនមែនអាចធ្វើពេលណាក៏បាន គឺអាចធ្វើបានតែក្នុងរយៈពេល ២៩ថ្ងៃគត់ចាប់ពីថ្ងៃ១ រោចខែអស្សុជដល់ថ្ងៃ ១៥ កើត ខែកត្តិក ហៅថា កឋិនកាល ជារយៈពេលបន្ទាប់ ពីព្រះសង្ឃបវរណាចេញព្រះវស្សា។ កឋិនទាន មិនមែនត្រូវបានធ្វើឡើងតែនៅកម្ពុជាប៉ុណ្ណោះទេ ក៏មានផងដែរនៅបណ្តាប្រទេសមួយចំនួន ដែលកាន់ព្រះពុទ្ធសាសនាថេរវាទ ដូចជា ប្រទេសថៃ ភូមា និងឡាវជាដើម ព្រោះថាកឋិនទានកិច្ចមានចែងក្នុងវិន័យ។

លក្ខណៈពិសេសមួយនៃបុណ្យកឋិនទាន គឺទាំងពលរដ្ឋពុទ្ធបរិស័ទជាគ្រហស្ថអ្នកគ្រប់គ្រងផ្ទះ ទាំងព្រះសង្ឃជាបុព្វជិត អាចធ្វើកឋិនទានបានដូចគ្នា។ ព្រះពុទ្ធជាម្ចាស់ ទ្រង់អនុញ្ញាតឲ្យភិក្ខុសង្ឈទទួលកឋិន ហើយភិក្ខុធ្វើកឋិនត្ថារកិច្ច គឺក្រាលគ្រងអនុមោទនាកឋិននោះ ដើម្បីសម្រាលនូវទុក្ខលំបាក ក្នុងការប្រើប្រាស់បច្ច័យមួយចំនួន ដូចជា ត្រៃចីវរ អាហារភោជន និងលាភសក្ការៈផ្សេងៗ ដែលកើតមានដល់សង្ឃ ហើយការសម្រាល ទុក្ខនេះទៀតសោត ក៏បានតែត្រឹមរយៈកាល ៥ខែ និងបានចំពោះតែភិក្ខុ ដែលចូលបុរិមិកាវស្សា អស់ត្រីមាស បានត្រឹមត្រូវ មិនដាច់វស្សា។

ម្យ៉ាងទៀត ការធ្វើកឋិន លោកសំដៅយកតែចីវរបច្ច័យ គឺអ្នកធ្វើកឋិន មានសំពត់ត្រឹមតែអាចធ្វើស្បង់មួយ ក៏អាចធ្វើកឋិនបានដែរ ព្រោះលោកទទួលក្រាលកឋិន ក្នុងចំណោមត្រៃចីវរ (ស្បង់១ ចីវរ១ សង្ឃាដី១) គឺក្រាលបានតែ ១មុខប៉ុណ្ណោះ បើក្រាលដល់ទៅពីរមុខ មិនឡើងជាកឋិនឡើយ លោកហៅថា ខូចកឋិន ឬកឋិនត្ថារវិបត្តិ។ ប៉ុន្តែការដែលអ្នកមានសទ្ធា ជាអ្នកមានធូរធា ស្តុកស្តម្ភ អាចនាំសម្ភារៈច្រើនៗ ដូចជា ចីវរ១ ត្រៃ២ ឬ ៣ត្រៃ ឬក៏លើសទៅទៀត ក៏អាចទាំងសេនាសនបច្ច័យ គិលានបច្ច័យ បិណ្ឌបាតបច្ច័យ ឲ្យកាន់តែសម្បូរបែបច្រើនៗទៅទៀត ក៏រឹតតែប្រសើរវិសេស គឺបានផល្លានិសង្សដល់អ្នកធ្វើកឋិន កាន់តែច្រើនលើសលប់ តាមសម្ភារៈបរិក្ខារ គឺអានិសង្សលាភ ឬបរិវារកឋិន៕

ប្រភព ៖ rfi

Loading...

  • ទីប្រឹក្សា​ក្រសួង​ធម្មការ៖ ការ​ប្រតិបត្តិ​អង្គ​កឋិន​ទាន​បច្ចុប្បន្ន ​ពុំ​សូវ​ត្រឹម​ត្រូវ已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/10/17  Category:កំសាន្ត
Tags: