ទប់​លែង​ជាប់ ! បាក់​ទំនប់​ស្វាយ ជន់​លិច​ច្រើន​ភូមិ និង​ផ្លូវជាតិ​លេខ​៣

ខេត្ត​កំពង់​ស្ពឹ ៖ ដោយសារ​តែ​ទឹកជំនន់​ទឹកភ្លៀង​ជន់​ជោរ​ខ្លាំង​បាន​ធ្វើ​ឲ្យ​ទំនប់​ស្វាយ​(​ទំនប់​ស្លា​)​ស្ថិត​ក្នុងភូមិ​ស្វាយ ឃុំ​ស្រង់​ស្រុក​គងពិសី បាក់​បណ្ដាល​ឲ្យ​លិច​ភូមិ​ជា​ច្រើន​ក្នុងស្រុក​គងពិសី និង​បន្ត​រហូត​ទៅ​ដល់​ផ្លូវជាតិ​លេខ​៣ ពេល​នេះ​អាជ្ញាធរ និង​ជំនាញ​បាន​និង​កំពុង​កាយ​បើកមុខ​ទឹក​ដើម្បី​រំដោះ​ទឹក​ចេញ ។ នេះ​បើ​តាម​ការ​ប្រាប់​ពី​លោក ម៉ា សាវ៉ា​ត អភិបាល​ស្រ​យក​គងពិសី​កាលពី​រសៀល​ថ្ងៃ​ទី​១៧ ខែតុលា ឆ្នាំ​២០១៦​នេះ ។

លោក​អភិបាលស្រុក​បន្ត​ថា ពេល​នេះ​អាជ្ញាធរ​ខេត្ត​បាន​ចុះ​ទៅ​ទីនោះ​ដើម្បី​រក​ដំណោះស្រាយ និង​រក​វិធានការ​ការពារ និង​ជួសជុល​ឡើង​វិញ ។ ហើយ​នៅ​រសៀល​នេះ​លោក វ៉ី សំណាង អភិបាលខេត្ត និង​លោក ហ៊ុន ម៉ា​នី អ្នកតំណាង​រាស្ត្រ​មណ្ឌល​កំពង់ស្ពឺ កំពុង​ធ្វើ​ដំណើរ​ទៅ​កាន់​ទីនោះ​ក្រោយ​ពី​ចុះ​ពិនិត្យ​នៅ​តាម​បណ្តា​ភូមិ​មួយ​ចំនួន​នៅ​ជាប់​ផ្លូវជាតិ​លេខ​៣​ដែល​ជន់​លិច​ដោយសារ​ការ​បាក់​ទំនប់​នេះ ។ ក្នុង​នោះ​ឃុំ​ដែល​រង​ការ​ជន់​លិច​ខ្លាំង​រួម​មាន​ឃុំ​ស្រង់ ឃុំ​ទឹកល្អក់ ឃុំ​វាល និង​ឃុំ​ជង្រុក ។

លោក​អភិបាលស្រុក​បន្ត​ថា ការ​ជន់​លិច​ដែល​បណ្តាល​មក​បាក់​ទំនប់​នេះ​មិន​មាន​ប៉ះពាល់​ដល់​អាយុជីវិត​មនុស្ស​សត្វ​ឡើយ​រីឯ​ផលដំណាំ​ដូច​ជា​ស្រូវ​ជាដើម​នោះ​នៅ​មិន​ទាន់​ដឹង​ចំនួន​នៅឡើយ​ទេ ពេល​នេះ​មេ​ភូមិ និង​មេឃុំ​កំពុង​តែ​ស្រង់​រក​ចំនួន​នៃ​ការ​ខូចខាត ។

លោក ញ៉ា​ញ់ ជៀប​ហ័​ង ប្រធាន​មន្ទីរ​ធនធានទឹក ឧតុនិយម​ខេត្តកំពង់ស្ពឺ បាន​ប្រាប់​តាម​ទូរស័ព្ទ​ថា ទំនប់​ស្វាយ​នេះ​ស្តុក​ទឹកបាន​១០​លាន​ម៉ែត្រគូប ពេល​នេះ​ជំនាញ​កំពុង​តែ​រក​ដំណោះស្រាយ​ការពារ​ដើម្បី​កុំ​ឲ្យ​មានការ​ខូចខាត​ធ្ងន់ធ្ងរ​ជាង​នេះ ។

លោក វ៉ី សំណាង អភិបាលខេត្ត​កំពង់ស្ពឺ បាន​ឲ្យ​ដឹង​ថា អាជ្ញាធរ​ខេត្ត​បាន​និង​កំពុង​រក​វិធានការ​ទប់ស្កាត់​កុំ​ឲ្យ​មានការ​បាក់​ជា​បន្ត​ទៀត ។ ពេល​នេះ​រូប​លោក និង​លោក ហ៊ុន ម៉ា​នី អ្នកតំណាង​រាស្ត្រ​មណ្ឌល​កំពង់ស្ពឺ បាន​ចុះ​ទៅ​ពិនិត្យ​មើល​ស្ថានភាព​ជាក់ស្តែង​នៅ​លើ​ទំនប់​នេះ​ហើយ​ដើម្បី​ប្រជុំ​ដាក់​ផែនការ​ការពារ​បន្ត ។ នេះ​ជា​ជំនន់​ទឹកភ្លៀង​ដែល​បាន​ធ្លាក់​ជាប់​គ្នា​៣​ថ្ងៃ គឺ​ថ្ងៃ​ទី​១៤, ១៥ និង ១៦ ខែតុលា ដោយ​ទឹក​ពេញ​ប្រៀប​ទំនប់​មិន​អាច​ទប់​បាន​ក៏​បាក់​តែ​ម្តង ។

លោក វ៉ី សំណាង ក្នុង​នាម​អភិបាលខេត្ត​ក៏​បាន​សំណូមពរ​ដល់​ប្រជាពលរដ្ឋ សូម​មានការ​សហការ​គ្នា និង​សូម​ប្រជាពលរដ្ឋ​យើង​កុំ​មើល​ស្រាល​សភាពការណ៍​ធ្វើ​យ៉ាងណា​គួរ​រក​វិធានការ​ស្ទាក់​ទឹក​ទុក​ប្រើប្រាស់​នៅ​ពេល​ក្រោយ​បន្ទាប់​ពី​ទឹក​ស្រក​អស់ ព្រោះ​តាម​ការ​ពិនិត្យ​របស់​លោក តាម​ប្រឡាយ​មួយ​ចំនួន​ទឹកបាន​ហូរ​ស្រក​អស់​ទៅ​ហើយ បន្ទាប់​ពី​ការ​បាក់​នេះ​គឺ​ទឹកបាន​ហូរ​ធ្លាក់​ទៅ​ក្រោម​រហូត​ដល់​ផ្លូវជាតិ​លេខ​៣ មិន​ក្រោម​២​ម៉ោង​ទេ​ទឹកនឹង​ស្រក​វិញ​អស់ហើយ ៕