២​នាក់​ឪពុក​កូន ចាញ់ក្តី​អស់​ផ្ទះ​ហើយ ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ទៀត

ខេត្តសៀមរាប ៖ ២​នាក់​ឪពុក​និង​កូន​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​បញ្ជូន​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត បន្ទាប់​ពី​បាន​ស្រែក​ឡូឡា​រារាំង​សមត្ថកិច្ច​ចុះ​អនុវត្ត​សាលដីកា​តុលាការ​ជា​លើក​ទី​៣​កាលពី​វេលា​ម៉ោង​៩​ព្រឹក ថ្ងៃ​ទី​១៧ ខែតុលា ឆ្នាំ​២០១៦ ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦ ក្នុងភូមិ​ចុង​កៅស៊ូ សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប ។

លោក សំ​រិ​ទ្ធ សុ​ខុន ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តសៀមរាប បាន​ឲ្យ​ដឹង​ថា ដោយ​មាន​សេចក្តីសម្រេច​របស់​តុលាការ​កំពូល ទើប​លោក​ចុះ​ដឹកនាំ​កម្លាំង​សមត្ថកិច្ច​ចម្រុះ​រួម​មាន កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ខេត្ត និង​កម្លាំង​ការិយាល័យ​បទល្មើស​ព្រហ្មទណ្ឌ នៃ​កងរាជអាវុធហត្ថ​ខេត្ត ចុះ​រុះរើ​ផ្ទះ​មួយ​កន្លែង​នេះ ។

លោក​បញ្ជាក់​ទៀត​ថា អ្នក​ឈ្នះក្តី​តាម​ការ​សម្រេច​របស់​តុលាការ​កំពូល​មានឈ្មោះ ឡោ ប៉េង​លន់ ភេទ​ប្រុស អាយុ​៦០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​បន្ទាយ​ចាស់ សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប ។ ចំណែក​អ្នក​ចាញ់ក្តី​ឈ្មោះ ថៃ ម៉េ​ង អាយុ​៥៧​ឆ្នាំ រស់នៅ​ភូមិ​ចុង​កៅស៊ូ សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប ។

លោក សំ​រិ​ទ្ធ សុ​ខុន បន្ត​ថា ខណៈ​ចុះ​រុះរើ​ផ្ទះ​ខាងលើ ក្រុម​គ្រួសារ​របស់​អ្នក​ចាញ់ក្តី​បាន​ធ្វើការ​រារាំង​ជា​ច្រើន​ដង ធ្វើ​ឱ្យ​សមត្ថកិច្ច​របស់​យើង​ធ្វើការ​មិនកើត ដូច្នេះ​លោក​ឱ្យ​សមត្ថកិច្ច​អនុវត្ត​ទៅ​ធ្វើ​តាម​ច្បាប់ ត្រូវ​តែ​ឃាត់ខ្លួន​២​នាក់​ឪពុក និង​កូន យក​ទៅ​ទុក​នៅ​ស្នងការ​នគរបាល​ខេត្ត​បណ្តោះ​អ​សន្ន​សិន ដោយ​ចោទ​ពី​បទ​រារាំង​សមត្ថកិច្ច ដែល​បាន​ចុះ​អនុវត្ត​សាលដីការ​របស់​តុលាការ​កំពូល គ្រប់​ដំណាក់កាល និង​គំរាម​កាប់​កម្មករ និង​កងកម្លាំងប្រដាប់អាវុធ ព្រមទាំង​ប្រឆាំង​ការ​អនុវត្ត​របស់​តុលាការ​ថែម​ទៀត ។

ឈ្មោះ ឡោ ប៉េង​លន់ អ្នក​ឈ្នះក្តី បាន​រៀបរាប់​ប្រាប់​«​កោះសន្តិភាព​»​ថា ករណី​រឿង​ដីធ្លី​ដ៏​រ៉ាំរ៉ៃ​អស់​រយៈពេល​ជាង​២០​ឆ្នាំ​កន្លង​ទៅ​នោះ វា​ជា​រឿង​យុត្តិធម៌​របស់​តុលាការ​កំពូល ព្រោះ​ដី​នេះ​ជា​ដី​របស់ខ្ញុំ​ពិតប្រាកដ មិនមែន​ខ្ញុំ​យក​ដី​របស់​គេ​ដូច​ក្នុង​សង្គម​ហ្វេ​ស​ប៊ុ​ក បាន​បង្ហោះ​តាម​សម្តី​របស់​អ្នក​ចាញ់ក្តី​ខ្ញុំ​នោះ​ទេ ។ លោក​បាន​រៀបរាប់​បន្ថែម​ថា បន្ទាប់​ពី​បាន​ប្តឹងផ្តល់​គ្នា​អស់​រយៈពេល​ជា​យូរ​ឆ្នាំ​មក​នោះ លោក​បាន​ឈ្នះក្តី​តាំងពី​ខេត្តសៀមរាប​រហូត​ដល់​តុលាការ​កំពូល ។ លោក​បាន​បញ្ជាក់​បន្ថែម​ថា ក្រោយ​ពី​តុលាការ​កំពូល​បាន​ចេញ​សាលដីកា​សម្រេច​មក​ឱ្យ តុលាការ​ខេត្តសៀមរាប​ចុះ​អនុវត្ត​សាលដីកា​ចំនួន​៣​ដង​ហើយ ទើបបាន​សម្រេច​នៅ​ព្រឹក​ថ្ងៃ​ទី​១៧​តុលា​នេះ​។

រីឯ​អ្នក​ចាញ់ក្តី​ឈ្មោះ ថៃ ម៉េ​ង បាន​ស្រែក​ឡូឡា​ពេញ​មុខ​ផ្ទះ​របស់​គាត់​ថា អយុត្តិធម៌​ណាស់ ដែល​តុលាការ​បានឱ្យ​កម្លាំង​សមត្ថកិច្ច​ចុះ​រុះរើ​ផ្ទះ​របស់​គាត់ ដោយ​គ្មាន​បាន​ប្រាប់​គាត់​ជា​មុន ព្រោះ​គាត់​មានច្បាប់​ចេញ​ដោយ​មន្ទីរ​សូ​រិ​យោ​ដី​ត្រឹមត្រូវ តើ​ខាង​នោះ​មាន​អ្វី​មក​និយាយ​ជាមួយ​គាត់ ៕