ផឹកស៊ី​ផ្ទុះ​ជម្លោះ​ចាក់​គ្នា​ធ្លាយ​ពោះវៀន

ខេត្តបន្ទាយមានជ័យ ៖ បុរស​ម្នាក់​បាន​រង​របួស​ធ្លាយ​ពោះ​ចេញ​ពោះវៀន​មក​ក្រៅ ដោយសារ​ជម្លោះ​ក្នុង​វង់​ផឹកស៊ី​ត្រូវ​គេ​ចាក់​។

ហេតុការណ៍​ខាងលើ​បាន​កើតឡើង​កាលពី​វេលា​ម៉ោងជាង​២ ថ្ងៃ​ទី​១៧ ខែតុលា ឆ្នាំ​២០១៦ នៅ​បន្ទប់​ជួល​មួយ​ក្នុងភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត​។

ជន​រង​គ្រោះ​ឈ្មោះ ឆេ ឈិ​ន ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ស្នាក់​នៅ​កន្លែង​កើតហេតុ ជា​បុគ្គលិក​កាស៊ីណូ​ហ្គោ​ល​ដឹ​ន​ក្រោ​ន ផ្នែក​ខាង​បោសសំអាត​។ គេ​មិន​ទាន់​ប្រាប់​លម្អិត​ពី​ដើមចម​នៃ​រឿងរ៉ាវ​ខាងលើ​នៅឡើយ​ទេ ប៉ុន្តែ​ប្រភព​ពី​សន្តិសុខ​កាស៊ីណូ​ប្រាប់​ថា ជន​ដៃដល់​ចាប់ខ្លួន​បាន​ហើយ​។

ពេល​នេះ​ជន​រង​គ្រោះ​សន្លប់​ស្តូកស្តឹង​នៅ​ក្នុង​មន្ទីរពេទ្យ​បង្អែក ក្រុង​ប៉ោយ​ប៉ែ​ត ហើយ​ក្រុម​គ្រូពេទ្យ​កំពុង​រុំ​របួស ដើម្បី​ដឹក​បន្ត​ទៅ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​-​ជប៉ុន​មង្គលបុរី​។