ប្រភព​កាល់ស្យូម​ល្អ​បំផុត​សម្រាប់​កូនៗ​របស់​អ្នក

ដោយ​សារ​កូនៗ​របស់​អ្នក​កំពុង​ធំ​លូតលាស់​ជា​រៀង​រាល់​ថ្ងៃ រាង​កាយ​ពួកគេ​ត្រូវ​ការ​សារធាតុ​ចិញ្ចឹម​ផ្សេងៗ​គ្នា។ សារធាតុ​ចិញ្ចឹម​ទាំង​នេះ រួម​មាន កាល់ស្យូម  វីតាមីន រ៉ែ​ខនិក កាបូអ៊ីដ្រាត ប្រូតេអ៊ីន និង​ខ្លាញ់ សុទ្ធ​តែ​ជា​តម្រូវ​ការ​ចាំបាច់​ដូច​គ្នា​សម្រាប់​មនុស្ស​ពេញ​វ័យ​ គ្រាន់​តែ​បរិមាណ​ខុស​គ្នា​ប៉ុណ្ណោះ។

 

តម្រូវការ​សម្រាប់​ការ​លូតលាស់​របស់​កុមារ​រួម​ទាំង​ការ​ធ្វើ​លំហាត់​ប្រាណ និង​កត្តា​ជីវសាស្ត្រ ដូចជា ភេទ និង​មាឌ​នៃ​រាង​កាយ ជា​ដើម មាន​តួនាទី​សំខាន់​ក្នុង​ការ​កំណត់​តម្រូវ​ការ​អាហារូបត្ថម្ភ​របស់​ពួក​គេ។ គន្លឹះ​ចាំបាច់​ក្នុង​ការ​បំពេញ​តម្រូវ​ការ​របស់​ពួក​គេ គឺ​អាស្រ័យ​តាម​របប​អាហារ​ចម្រុះ​ផ្សេងៗ។

 

នេះ​គឺ​ដោយសារ​តែ​របប​អាហារ​ដែល​មាន​តុល្យភាព​ល្អ ផ្គត់ផ្គង់​សារធាតុ​ចិញ្ចឹម​ដែល​សំខាន់​ដែល​កូន​អ្នក​ត្រូវ​ការ។ ក្នុង​ចំណោម​សារធាតុ​ចិញ្ចឹម​ទាំង​នេះ កាល់ស្យូម គឺ​ជា​សារធាតុ​ចិញ្ចឹម​ដែល​ត្រូវ​បាន​ស្គាល់​ថា​ជា​តម្រូវ​ការ​ចាំបាច់​បំផុត​សម្រាប់​ការ​លូតលាស់​សុខភាព​ឆ្អឹង និង​ធ្មេញ។ ជំងឺ​ពុក​ឆ្អឹង​ដែល​បណ្ដាល​ឲ្យ​ឆ្អឹង​ផុយ​បង្កើន​នូវ​ហានិភ័យ​ឆ្អឹង​បាក់​កម្រិត​ខ្ពស់​ដោយ​សារ​ឆ្អឹង​មិន​រឹង​មាំ ចាប់​ផ្ដើម​តាំង​ពី​នៅ​វ័យ​កុមារ​ បើ​ការ​ផ្ដល់​នូវ​របប​អាហារ​មិន​បាន​គ្រប់​គ្រាន់​ពិសេស​អាហារ​ដែល​សម្បូរ​ជាតិ កាល់​ស្យូម។

 

យ៉ាង​ណា កាល់ស្យូម​មិន​សុទ្ធ​តែ​សម្រាប់​ជួយ​ឲ្យ​ឆ្អឹង និង​ធ្មេញ​រឹងមាំ​នោះ​ទេ។ វា​ក៏​សំខាន់​ណាស់​ដែរ​សម្រាប់​ជំរុញ​មុខងារ​សរសៃ​ប្រសាទ និង​សាច់​ដុំ ជួយ​កំណក​ឈាម និង​ជំរុញ​មុខ​ងារ​អង់ហ្ស៊ីម​ដែល​បម្លែង​អាហារ​ទៅ​ជា​ថាមពល។ រ៉ែ​ខនិជ​នេះ​ក៏​ជួយ​បង្ការ​ជំងឺ​ក្រិន (កម្ពស់​ទាប​ធៀប​អាយុ) ដែល​បណ្តាល​ឲ្យ​ឆ្អឹង​កុមារ​ទន់។

 

ប្រភព​កាល់ស្យូម​ល្អ​បំផុត​សម្រាប់​កូនៗ​របស់​អ្នក

 

កម្រិត​របប​អាហារ​ទ្រទ្រង់​ប្រចាំ​ថ្ងៃ (RDA)

ដោយ​សារ​តែ​កុមារ​មាន​ការ​លូត​លាស់​ឆ្អឹង​ខ្ចី​គ្រប់​ពេល ពួកគេ​ត្រូវ​ការ​ផ្គត់ផ្គង់​កាល់ស្យូម​ទៀង​ទាត់​ដើម្បី​ជួយ​ឲ្យ​ការ​លូត​លាស់​ល្អ។ ដើម្បី​ឲ្យ​ការ​លូត​លាស់​បាន​ល្អ​ប្រសើរ​បំផុត វិទ្យាស្ថាន​ឱសថ​សាស្ត្រ (IOM) នៃ​សហរដ្ឋ​អាមេរិក​ បាន​បង្កើត​គោលការណ៍​ណែនាំ​ដូច​ខាង​ក្រោម៖
– កុមារ​អាយុ​ចន្លោះ​ពី ១ ទៅ ៣ឆ្នាំ ត្រូវ​បាន​ណែនាំ​ឲ្យ​ទទួល​ទាន​កាល់ស្យូម ៧០០ ​មិល្លីក្រាម​ ជា​រៀង​រាល់​ថ្ងៃ។
– កុមារ​ដែល​មាន​អាយុ​ចន្លោះ​ពី ៤ ទៅ ៨ ឆ្នាំ ត្រូវ​ការ ១០០០ មិល្លីក្រាម​ប្រចាំ​ថ្ងៃ។
– ឯ​កុមារ​ដែល​មាន​អាយុ​ចន្លោះ​ពី ៩ ទៅ ១៨​ឆ្នាំ ត្រូវ​ការ ១៣០០ មិល្លីក្រាម​ក្នុង​មួយ​ថ្ងៃ។
https://ods.od.nih.gov/factsheets/Iron-HealthProfessional/

 

វា​មាន​សារៈសំខាន់​សម្រាប់​កុមារ​ក្នុង​ការ​បំពេញ​តម្រូវ​ការ​កាល់ស្យូម​គ្រប់​គ្រាន់​តាម​កម្រិត​របប​អាហារ​ទ្រទ្រង់​ប្រចាំ​ថ្ងៃ (RDAs) ដើម្បី​ទប់​ស្កាត់​ក្រិន ឬ​បញ្ហា​កង្វះ​អាហារូបត្ថម្ភ​រ៉ាំរ៉ៃ។​ កុមារ​ដែល​ក្រិន តែង​បង្ហាញ​នូវ​រូបរាង​សមាមាត្រ​ធម្មតា​ ប៉ុន្តែ​តាម​ពិត​បើ​ប្រៀប​ធៀប​នឹង​ការ​លូត​លាស់​របស់​កុមារ​ដែល​មាន​វ័យ​ស្របាល​គ្នា គឺ​គេ​មាន​កម្ពស់​ទាប​ជាង​កម្រិត​ធម្មតា។ តាម​របាយ​ការណ៍​ស្ទង់​មតិ​ប្រជា​សាស្ត្រ និង​សុខភាព​កម្ពុជា ឆ្នាំ​២០១៤ បាន​បង្ហាញ​ឲ្យ​ឃើញ​ថា កុមារ​កម្ពុជា​អាយុ​ក្រោម​៥​ឆ្នាំ​ជាង ៣២% ជួប​បញ្ហា​ក្រិន។

 

សូម​ចាំ​ថា​បើ​កូន​អ្នក​មិន​បាន​ទទួល​ជាតិ​កាល់ស្យូម​តាម​កម្រិត​របប​អាហារ​ទ្រទ្រង់​ប្រចាំ​ថ្ងៃ​ពី​វ័យ​ដំបូង​របស់​គេ​នោះ​ទេ ពួកគេ​នឹង​ប្រឈម​ហានិភ័យ​ដោយ​សារ​មាន​មូលដ្ឋាន​សុខភាព​ឆ្អឹង​មិន​រឹង​មាំ​នៅ​ពេល​ធំ​ពេញ​វ័យ។

 

ប្រភព​កាល់ស្យូម​ដ៏​ល្អ​បំផុត

ប្រភេទ​បន្លែ​បៃតង​ចាស់​ ដូចជា ផ្កា​ស្ពៃ​បៃតង (ប្រូខូលី) ស្ពៃ​តឿ មើម​បន្លែ និង​ស្ពៃ​ក្រញាញ់​ម្យ៉ាង​ មាន​ផ្ទុក​ជាតិ​កាល់ស្យូម​ខ្ពស់។ ប៉ុន្តែ អ្នក​នឹង​ឃើញ​មាន​កាល់ស្យូម​នៅ​ក្នុង​តៅហ៊ូ ត្រី​ដែល​មាន​ឆ្អឹង​ ដូចជា សាឌីន​តូច និង​ធំ ឬ​ត្រី​សាល់ម៉ុង គ្រាប់​អាល់ម៉ុន សណ្តែក និង​សណ្ដែក​ក្រហម​ និង​អាហារ​ផលិត​ពី​ទឹក​ដោះ ដូចជា ទឹក​ដោះ​គោ​ស្រស់ ទឹក​ដោះ​គោ​ជូរ (យ៉ាអ៊ួ) និង​ឈីស​ ជា​ដើម សុទ្ធ​សឹង​តែ​ផ្ទុក​នូវ​ជាតិ​កាល់ស្យូម​ខ្ពស់​ដែល​រាង​កាយ​ត្រូវ​ការ​ស្រូប​យក។ ដោយ​សារ​អាហារ​ផលិត​ពី​ទឹក​ដោះ​ទាំង​នោះ​មិន​សម្បូរ​នៅ​កម្ពុជា ប្រជាជន​ខ្មែរ​ភាគ​ច្រើន​ទទួល​បាន​របប​កាល់ស្យូម​ទ្រទ្រង់​ប្រចាំ​ថ្ងៃ (RDA) តាម​រយៈ​បន្លែ និង​ត្រី​ជា​ដើម។
http://pubs.iclarm.net/resource_centre/3494-11879-1-PB.pdf

 

ប្រភព​កាល់ស្យូម​ល្អ​បំផុត​សម្រាប់​កូនៗ​របស់​អ្នក

 

អាហារ​ផ្សេង​ពី​ទឹក​ដោះ​គោ​ទាំង​នេះ​បន្ថែម​ជាតិ​កាល់ស្យូម​ដល់​កូន​អ្នក ដូច្នេះ​សូម​កុំ​មើល​រំលង​ពួក​វា​ឲ្យ​សោះ ត្រូវ​ចាំ​ថា​សុខភាព​ត្រូវ​ការ​របប​អាហារ​ចម្រុះ។ បើ​អ្នក​ត្រូវ​ការ​ជម្រើស​ជាតិ​កាល់ស្យូម​ច្រើន​នោះ​ក៏​មាន​អាហារ​ផ្ទុក​ជាតិ​កាល់ស្យូម​ជា​ច្រើន​ទៀត​ដែល​ផ្ដល់​នូវ​សារធាតុ​ចិញ្ចឹម​ដែល​សំខាន់​ចាំ​បាច់។ បើ​អ្នក​ត្រូវ​ការ​ជម្រើស​ជាតិ​កាល់ស្យូម​ច្រើន​នោះ​ក៏​មាន​អាហារ​ផ្ទុក​ជាតិ​កាល់ស្យូម​ជា​ច្រើន​ទៀត​ដែល​ផ្ដល់​សារធាតុ​ចិញ្ចឹម​សំខាន់​ចាំ​បាច់។ បើ​កូន​អ្នក​មិន​ចូល​ចិត្ត​ញ៉ាំ​ទឹក​ដោះ​គោ ឬ​បន្លែ​ផ្សេងៗ អាច​រក​ទិញ​បាន​សារធាតុ​កាល់ស្យូម​ពី​ផលិត​ផល​នានា​ដែល​ងាយ​ញ៉ាំ ដូចជា កាល់ស្យូម​អំពូល​សម្រាប់​ក្មេង​ជា​ដើម។

 

​ពេល​អ្នក​ដើរ​ផ្សារ​រក​ទិញ​អាហារ​បំពេញ​តម្រូវ​ការ​ជាតិ​កាល់ស្យូម​សម្រាប់​កូន​អ្នក កុំ​ភ្លេច​ទិញ​អាហារ​ណា​ដែល​ផ្ទុក​ជាតិ​កាល់ស្យូម​ឲ្យ​បាន​ច្រើន​ មាន​ដូចជា ទឹក​ក្រូច​ស្រស់​ ផលិត​ផល​អាហារ​ធ្វើ​ពី​សណ្ដែក តៅហ៊ូ នំប៉័ង និង​គ្រាប់​ធញ្ញជាតិ។ សូម​អាន​ស្លាក​បិទ​លើ​អាហារ​ដោយ​ប្រុង​ប្រយ័ត្ន​ដើម្បី​ធានា​ថា​អ្នក​ទិញ​អាហារ​ដែល​មាន​ជាតិ​កាល់ស្យូម​ខ្ពស់​ ហើយ​ចងចាំ​ពី​អ្វី​ដែល​ជា​តម្រូវ​ការ​អាហារូបត្ថម្ភ​កូន​អ្នក នៅ​ពេល​ជ្រើស​រើស​ផលិត​ផល​ទាំង​នេះ។

 

 

មាន​អ្វី​ទៀត​ដែល​អាច​ពង្រឹង​សុខភាព​ឆ្អឹង​កុមារ និង​មនុស្ស​ពេញ​វ័យ?

ខណៈ​ដែល​កាល់ស្យូម​ដើរ​តួនាទី​ខុស​គ្នា​ក្នុង​មុខងារ​ជា​ច្រើន​នៃ​រាង​កាយ​កូន​របស់​អ្នក អ្នក​ក៏​អាច​មាន​ជម្រើស​ជា​ច្រើន​ទៀត​ដែល​ត្រូវ​ធ្វើ​ដើម្បី​ធានា​ដល់​ការ​លូត​លាស់​សុខភាព​ឆ្អឹង​រឹង​មាំ។

 

វីតាមីន D

រាង​កាយ​ត្រូវ​ការ​វីតាមីន D ដើម្បី​ស្រូប​យក​កាល់ស្យូម។ កូន​របស់​អ្នក​អាច​ទទួល​យក​វីតាមីន D បាន​ច្រើន​បំផុត​ដែល​គេ​ត្រូវ​ការ​តាម​រយៈ​ឲ្យ​ត្រូវ​ពន្លឺ​កាំ​រស្មី​ព្រះ​អាទិត្យ (ប្រហែល​ពី ១០ ទៅ ១៥​នាទី​ក្នុង​មួយ​ថ្ងៃ) និង​ទទួល​ទាន​របប​អាហារ។ អាហារ​ដែល​សម្បូរ​ទៅ​ដោយ​វីតាមីន D រួម​មាន​ ស៊ុត ត្រី​ទឹក​ប្រៃ ថ្លើម និង​ទឹក​ដោះ​គោ។
http://www.mayoclinic.org/healthy-lifestyle/nutrition-and-healthy-eating/in-depth/calcium-supplements/art-20047097
http://www.niams.nih.gov/health_info/bone/bone_health/nutrition/

 

ការ​ធ្វើ​លំហាត់​ប្រាណ

ការ​ធ្វើ​លំហាត់​ប្រាណ​ក៏​មាន​សារៈសំខាន់​ផង​ដែរ​ចំពោះ​ឆ្អឹង​ ដូចជា​ លំហាត់​ប្រាណ​បង្កើន​ការ​លូត​លាស់​ឆ្អឹង​ដែល​ផ្ដល់​នូវ​ការ​ជំរុញ​ភាព​លូត​លាស់​ឆ្អឹង​ក្នុង​រាង​កាយ។ សកម្មភាព​ផ្សេងៗ​ ដូចជា ការ​ជិះ​កង់ ការ​រត់​ត្រឹកៗ លេង​បាល់ រាំ និង​ហាត់​លើក​ទម្ងន់​យ៉ាង​ហោច​ណាស់ ៣០ ទៅ ៦០ នាទី​ក្នុង​មួយ​ថ្ងៃ​ឲ្យ​បាន​៣​ទៅ​៥​ដង​ក្នុង​មួយ​សប្ដាហ៍​អាច​ជួយ​ធ្វើ​ឲ្យ​កំហាប់ និង​ម៉ាស​ឆ្អឹង​រឹង​មាំ។

 

កុំ​ជក់​បារី ឬ​សេព​គ្រឿង​ស្រវឹង និង​កាហ្វេអ៊ីន

បើ​សិន​ក្នុង​វ័យ​ជំទង់ កូន​អ្នក​ជក់​បារី ឬ​ផឹក​គ្រឿង​ស្រវឹង សូម​បញ្ឈប់​គេ​ជា​បន្ទាន់។ លើស​ពី​នេះ ផល​ប៉ះ​ពាល់​អវិជ្ជមាន​ជា​ច្រើន​ចំពោះ​ពួកគេ ដូចជា បារី​ និង​គ្រឿង​ស្រវឹង​ជា​ដើម​ធ្វើ​ឲ្យ​ម៉ាស​កំហាប់​ឆ្អឹង​ថយ​ចុះ។ ម្យ៉ាង​វិញ​ទៀត កាហ្វេ តែ និង​សូដា​អាច​ធ្វើ​ឲ្យ​រាង​កាយ​កូន​អ្នក​ពិបាក​ស្រូប​យក​ជាតិ​កាល់ស្យូម។

 

កាត់​បន្ថយ​ការ​ទទួល​ទាន​ប្រៃ

របប​អាហារ​ប្រៃ​ខ្លាំង​ធ្វើ​ឲ្យ​បាត់​បង់​ជាតិ​កាល់ស្យូម​ពី​រាង​កាយ​ដោយ​បង្កើន​បរិមាណ​ក្នុង​ទឹក​​​នោម។ ត្រូវ​យក​ចិត្ត​ទុក​ដាក់​ឲ្យ​កូន​អ្នក​តម​អាហារ​សម្រន់​ដែល​មាន​ជាតិ​ប៊ីចេង​សូដ្យូម​ខ្ពស់ ដូចជា ទឹក​ស៊ីអ៊ីវ​ ជា​ដើម។

 

បើ​កូន​អ្នក​មិន​បាន​ទទួល​កាល់ស្យូម​គ្រប់​គ្រាន់​ពី​របប​អាហារ​របស់​គេ​ទេ សូម​ផ្ដល់​របប​កាល់ស្យូម​អំពូល​បន្ថែម។ ថ្វី​បើ​វា​សម​ស្រប​បំផុត​សម្រាប់​កុមារ​ឲ្យ​ទទួល​បាន​ជាតិ​កាល់ស្យូម​ពី​ទឹក​ដោះ​គោ​ដែល​សម្បូរ​ជាតិ​កាល់ស្យូម​ក្ដី ជួន​កាល​វា​មិន​អាច​ទៅ​រួច​ទេ​ដោយ​សារ​វា​បង្ក​អាល្លែកហ្ស៊ី​ ឬ​មិន​អាច​រំលាយ​ជាតិ​ស្ករ​ឡាក់​តូស​ពី​ក្នុង​ទឹក​ដោះ​គោ​បាន។ សូម​ពិភាក្សា​ជាមួយ​វេជ្ជបណ្ឌិត​របស់​អ្នក​អំពី​បរិមាណ​ជាតិ​ជំនួយ​កាល់ស្យូម​បន្ថែម​ដ៏​ត្រឹម​ត្រូវ​សម្រាប់​តម្រូវ​ការ​របស់​កូន​អ្នក បើ​អ្នក​បារម្ភ​ក្រែង​ពួកគេ​មិន​ទទួល​សារធាតុ​បំប៉ន និង​រ៉ែ​ខនិជ​ពង្រឹង​សុខភាព​ធ្មេញ និង​ឆ្អឹង​គ្រប់​គ្រាន់​ទេ​នោះ៕

 

អត្ថបទ៖ ពាណិជ្ជកម្ម