ជម្រើស​១៨​យ៉ាង​ដែល​សេដ្ឋី​ជ្រើស​រើស​ធ្វើ​ ហើយ​ដែល​មនុស្ស​ទូទៅ​មិន​បាន​ធ្វើ​

ការ​ក្លាយ​ជា​អ្នក​មាន​ ឬ​សេដ្ឋី​មិន​មែន​ពឹង​ផ្អែក​ទៅ​លើ​តែ​សំណាង​នោះ​ទេ។ ចំណែក​ការ​ធ្វើ​ខ្លួន​ឲ្យ​ក្លាយ​ជា​មនុស្ស​ពូកែ​ទាក់ទាញ​លុយ​ឲ្យ​ចូល​មក​រក​ខ្លួន​ ក៏​មិន​មាន​ភាព​ខុស​ប្លែក​ខ្លាំង​ពី​ការ​ទាក់ទាញ​អ្វី​ផ្សេង​ទៀត​នោះ​ដែរ​។ មនុស្ស​គ្រប់​រូប​អាច​ក្លាយ​ជា​អ្នក​មាន​ ឬ​សេដ្ឋី​បាន​ដោយ​ចាប់​ផ្ដើម​​ពី​ការ​គិត​ ជំនឿ​ និង​ជម្រើស​ដែល​ខ្លួន​ត្រូវ​ធ្វើ។ ខាង​ក្រោម​នេះ​ គឺជា​ជម្រើស​១៨​យ៉ាង​ ដែល​សេដ្ឋី​ជ្រើសរើស​ធ្វើ​វា​ ខណៈ​ដែល​មនុស្ស​ទូទៅ​មិន​បាន​ជ្រើស​ធ្វើ​៖

១. អ្នក​មាន​ជ្រើស​ធ្វើ​ជា​អ្នក​គ្រប់គ្រង​លើ​ជោគជ័យ​របស់​ខ្លួន​

អ្នក​មាន​ជឿ​ថា​ ខ្លួន​គេ​ជា​អ្នក​បង្កើត​ជីវិត​របស់​​គេ​ឡើង ដូចនេះ​ហើយ​គេ​ត្រូវ​តែ​ជា​អ្នក​គ្រប់គ្រង​នូវ​ហិរញ្ញវត្ថុ និង​ភាព​ជោគជ័យ​​សម្រាប់​ជីវិត​របស់​ខ្លួន​គេ​ផ្ទាល់​ ដូច​នេះ​ គេ​​ត្រូវ​តែ​ខិតខំ​ប្រឹងប្រែង​ឲ្យ​ខ្លាំង​។

២. អ្នក​មាន​​​ជ្រើស​យក​ការ​គិត​ឲ្យ​ធំ​

ការ​គិត​ឲ្យ​ធំ​ និង​ធ្វើ​សកម្មភាព​ឲ្យ​ធំ​ នឹង​នាំ​អ្នក​​ឲ្យ​មាន​លុយ​កាក់​​កាន់​តែ​ច្រើន​ផង​ដែរ​​។ ខណៈ​ដែល​មនុស្ស​ទូទៅ​មិន​ហ៊ាន​គ្រោង​ធ្វើ​ផែនការ​ធំ​​ ព្រោះ​តែ​ខ្លាច​បរាជ័យ​ និង​គិត​ថា​ខ្លួន​មិន​ទាន់​ល្អ​គ្រប់គ្រាន់​ អ្នក​មាន​មាន​​​ការ​គិត​ដែល​ធំ​ ហើយ​ចង់​ធ្វើ​ឲ្យ​មាន​ភាព​ផ្លាស់​ប្ដូរ​ក្នុង​ជីវិត​រស់នៅ​របស់​មនុស្ស​។ ប្រសិន​បើ​អ្នក​ចង់​បាន​លុយ​ច្រើន​ នោះ​អ្នក​ក៏​ត្រូវ​គិត​ និង​ធ្វើ​ផែនការ​ឲ្យ​ធំ​ផង​ដែរ​។

៣. អ្នក​មាន​ជ្រើស​យក​ការ​ប្ដេជ្ញា​ចិត្ត​ក្លាយ​ជា​អ្នក​មាន​ទ្រព្យ​សម្បត្តិ​ច្រើន​

អ្នក​មាន​ គឺ​មិន​មែន​គ្រាន់​តែ​គិត​ចង់​ក្លាយ​ជា​អ្នក​មាន​នោះ​ទេ​ ប៉ុន្តែ​គេ​ប្ដេជ្ញា​ចិត្ត​ក្លាយ​ជា​អ្នក​មាន​។ ការ​ក្លាយ​ជា​អ្នក​មាន​ ត្រូវ​ការ​ការ​ផ្ដោត​ការ​យក​ចិត្ត​ទុក​ដាក់​ ភាព​ក្លាហាន​ ចំណេះដឹង​ និង​ជំនាញ​ គួប​ផ្សំ​ជាមួយ​នឹង​ឥរិយាបថ​ដែល​មិន​ព្រម​បោះបង់​ ឬ​ក៏​ការ​មាន​នូវ​ផ្នត់គំនិត​ដែល​ចង់​ក្លាយ​ជា​អ្នក​មាន​។ ដូចនេះ​ហើយ​ ប្រសិន​បើ​អ្នក​មិន​មាន​ការ​ប្ដេជ្ញា​ចិត្ត​ពិត​ប្រាកដ​ និង​ពេញ​លេញ​ក្នុង​ការ​ក្លាយ​ជា​អ្នក​មាន​ទេ​ នោះ​ឱកាស​ក្នុង​ការ​ក្លាយ​ជា​អ្នក​មាន​គឺ​មិន​មាន​នោះ​ទេ​។​ មូលហេតុ​ដែល​មនុស្ស​ភាគ​ច្រើន​មិន​អាច​បាន​នូវ​អ្វី​ដែល​ចង់​បាន​​ ព្រោះ​គេ​មិន​បាន​ដឹង​​ពី​អ្វី​ដែល​ខ្លួន​ចង់​បាន​ឲ្យ​ប្រាកដ​ និង​ច្បាស់លាស់​ ដែល​នេះ​ ខុស​ពី​អ្នក​មាន​ដែល​គេ​មាន​ទិសដៅ និង​ចក្ខុវិស័យ​ច្បាស់លាស់​សម្រាប់​ជីវិត​របស់​គេ ហើយ​ប្ដេជ្ញា​ធ្វើ​គ្រប់​យ់ាង​ដើម្បី​ឲ្យ​បាន​អ្វី​ដែល​គេ​ចង់​បាន​ ដរាប​ណា​វិធី​ដែល​គេ​ធ្វើ​ស្រប​ច្បាប់ និង​សីលធម៌។

៤. អ្នក​មាន​ជ្រើស​យក​ការ​ធ្វើ​លំហាត់​ប្រាណ​

ការ​ធ្វើ​លំហាត់​ប្រាណ​ ធ្វើ​ឲ្យ​កោសិកា​ក្នុង​ខួរក្បាល​លូតលាស់​ និង​បង្កើន​ជាតិ​គ្លុយកូស​ដែល​ជា​ថាមពល​សម្រាប់​ខួរក្បាល​។ ពេល​ណា​ដែល​អ្នក​បង្កើន​ថាមពល​ដល់​ខួរក្បាល​អ្នក​កាន់​តែ​ច្រើន​ នោះ​អ្នក​នឹង​កាន់​តែ​ឆ្លាត​។

៥. អ្នក​មាន​ជ្រើស​ផ្ដោត​ការ​យក​ចិត្ត​ទុកដាក់​លើ​ឱកាស​

ខណៈ​ដែល​មនុស្ស​ភាគ​ច្រើន​​ផ្ដោត​ការ​យក​ចិត្ត​ទុកដាក់​លើ​ឧបសគ្គ​ អ្នក​មាន​ផ្ដោត​ការ​យក​ចិត្ត​ទុក​ដាក់​លើ​ឱកាស​។ អ្នក​ក្រ​សម្លឹង​ឃើញ​​ការ​ប្រឈម​នឹង​ការ​ខាតបង់​ ចំណែក​អ្នក​មាន​សម្លឹង​មើល​ភាព​ដែល​អាច​រីកចម្រើន​។ អ្នក​ក្រ​​ផ្ដោត​លើ​ហានិភ័យ​​ ចំណែក​អ្នក​មាន​ផ្ដោត​លើ​រង្វាន់​ដែល​គេ​អាច​ទទួល​បាន​។

៦. អ្នក​មាន​ជ្រើស​ត្រួសត្រាយ​ផ្លូវ​ដើរ​របស់​ខ្លួន​

មនុស្ស​ភាគ​ច្រើន​ព្យាយាម​ភ្ជាប់​ខ្លួន​ទៅ​នឹង​សង្គម​ ហើយ​ធ្វើ​គ្រប់យ៉ាង​​ដើម្បី​កុំ​ឲ្យ​​ខ្លួន​គេ​​ត្រូវ​បាន​ដាច់​ចេញ​ពី​ក្រុម​មនុស្ស​ដទៃ​ទៀត។ ប៉ុន្តែ​អ្នក​មាន​វិញ​ ផ្ដាច់​ខ្លួន​ចេញ​ពី​ក្រុម​មនុស្ស​ ដើម្បី​ទៅ​បង្កើត​ក្រុម​របស់​ខ្លួន​ផ្ទាល់​ ហើយ​ទាញ​អ្នក​ដទៃ​ឲ្យ​ចូល​មក​កាន់​​ក្រុម​ដែល​ខ្លួន​បង្កើត​ឡើង​។

៧. អ្នក​មាន​ជ្រើស​យក​ការ​ដើរ​លេង​ខាង​ក្រៅ​ជា​មួយ​អ្នក​មាន​ផ្សេង​ទៀត​

មនុស្ស​ដែល​ជោគជ័យ​ សម្លឹង​មើល​មនុស្ស​ដែល​ជោគជ័យ​ផ្សេងទៀត​ ដើម្បី​ជំរុញ​ចិត្ត​ខ្លួន​ឲ្យ​ខ្លាំងក្លា​ជាង​មុន និង​រៀន​សូត្រ​ពី​អ្នក​ជោគជ័យ​ទាំង​នោះ​ ដើម្បី​រក​វិធី​អភិវឌ្ឍន៍​ខ្លួន​ឲ្យ​ក្លាយ​ជា​អ្នក​មាន​បាន​កាន់​តែ​លឿន​។

៨. អ្នក​មាន​ជ្រើស​លេង​ដើម្បី​ឈ្នះ​

ខណៈ​ដែល​មនុស្ស​ទូទៅ​លេង​​គ្រាន់​តែ​ដើម្បី​កុំ​ឲ្យ​ចាញ់ អ្នក​មាន​វិញ​​លេង​ដើម្បី​ឈ្នះ​។ អ្នក​មាន​មាន​មហិច្ឆតា​​ក្នុង​ការ​មាន​លុយ​ឲ្យ​ច្រើន​បំផុត​ មិន​មែន​​មាន​លុយ​តែ​ល្មម​រស់​នោះ​ទេ​។ ប្រសិន​បើ​គោលដៅ​របស់​អ្នក​ គ្រាន់​តែ​មាន​លុយ​​គ្រប់គ្រាន់​​ដើម្បី​រស់​នៅ​ប្រកប​ដោយ​ក្ដី​សុខ​នោះ អ្នក​ប្រាកដ​ជា​មិន​អាច​ក្លាយ​ជា​អ្នក​មាន​នោះ​ទេ​។

៩. អ្នក​មាន​ជ្រើស​មិន​ដើរ​ចេញ​ពី​ផ្លូវ​របស់​ខ្លួន​ព្រោះ​តែ​បញ្ហា​​ដែល​គេ​ជួប​នោះ​ទេ​

អាថ៌កំបាំង​នៃ​ភាព​ជោគ​ជ័យ​ ​មិន​មែន​ជា​ការ​​គេច​ជៀស​ពី​បញ្ហា​ ឬ​ចេញ​ពី​បញ្ហា​ ឬ​ធ្វើ​ឲ្យ​បញ្ហា​រួញ​តូច​នោះ​ទេ​ ប៉ុន្តែ​ជា​ការ​ធ្វើ​ខ្លួន​ឲ្យ​ខ្លាំង​ឡើង​ និង​ឲ្យ​ធំ​ជាង​បញ្ហា​ដែល​ខ្លួន​ជួប​។

១០. អ្នក​មាន​ជ្រើស​ធ្វើ​អ្វី​ដែល​ខ្លួន​ស្រលាញ់​

គេ​អាច​មើល​ឃើញ​ថា​ អ្នក​មាន​ធ្វើ​ការ​គ្រប់​ពេល ប៉ុន្តែ​គេ​ប្រហែល​ជា​មិន​បាន​ដឹង​ទេ​ថា​ អ្នក​មាន​ទាំង​នោះ​ កំពុង​តែ​ធ្វើ​អ្វី​ដែល​គេ​ចង់​ធ្វើ​ ហើយ​ព្យាយាម​រក​ចំណូល​ពី​អ្វី​ដែល​គេ​ធ្វើ​នោះ​។ នេះ​ខុស​ពី​មនុស្ស​មួយ​ចំនួន​ដែល​ធ្វើ​អ្វី​ដែល​គេ​មិន​​សូវ​រីករាយ​នឹង​ធ្វើ​ ប៉ុន្តែ​ធ្វើ​វា​ព្រោះ​តែ​ចង់​បាន​លុយ​។

១១.​​​ អ្នក​មាន​ជ្រើស​ប្រើប្រាស់​លុយ​របស់​អ្នក​ដទៃ​

អ្នក​មាន​មិន​ខ្លាច​ក្នុង​ការ​ប្រើប្រាស់​លុយ​​របស់​អ្នក​ដទៃ​ ដើម្បី​យក​មក​ធ្វើ​ជា​ទុន​សម្រាប់​អនាគត​របស់​ខ្លួន​ឡើយ​ អ្វី​ដែល​សំខាន់​គឺ​គេ​ចោទ​ជា​សំណួរ​ដល់​ខ្លួន​ឯង​​ថា​ តើ​វា​មាន​តម្លៃ​គ្រប់គ្រាន់​ទេ​ ក្នុង​ការ​ទិញ​ វិនិយោគ​ និង​ស្វែង​រក​នូវ​អ្វី​ដែល​គេ​ចង់​បាន​នោះ? គំនិត​នេះ​ផ្ទុយ​ពី​មនុស្ស​ទូទៅ​មួយ​ចំនួន​ធំ​ ដែល​យល់​ថា​ត្រូវ​មាន​លុយ​ដោយ​ខ្លួន​ឯង​ ដើម្បី​ធ្វើ​នូវ​កិច្ច​ការ​​ដែល​ខ្លួន​ចង់​ធ្វើ​។

១២. អ្នក​មាន​​ជ្រើស​ផ្ដោត​លើ​តម្លៃ​សរុប​

ការ​វាស់វែង​ទ្រព្យ​សម្បត្តិ​​ពិត​ប្រាកដ​នោះ គឺ​ការ​គិត​ពី​តម្លៃ​សរុប​ ដែល​ជា​តម្លៃ​ហិរញ្ញវត្ថុ​នៃ​អ្វី​គ្រប់យ៉ាង​ដែល​ខ្លួន​មាន​ មិន​មែន​គិត​តែ​ពី​តម្លៃ​នៃ​ប្រាក់​ចំណូល​ដែល​កំពុង​ត្រូវ​បាន​ប្រើប្រាស់​ក្នុង​ការងារ​​នោះ​​ទេ​។

១៣.​ អ្នក​មាន​ជ្រើស​យក​ការ​ទទួល​​តម្លៃ​តបស្នង​តាម​លទ្ធផល​ការងារ​

អ្នក​មាន​ចង់​បាន​នូវ​តម្លៃ​តបស្នង​ដោយ​ផ្អែក​លើ​លទ្ធផល​ការងារ​ដែល​គេ​​ធ្វើ​បាន​ ទោះ​មិន​បាន​ទាំង​ស្រុង​ ក៏​បាន​ដោយ​ផ្នែក​ដែរ​។ ដូច​នេះ​ហើយ​ បាន​ជា​អ្នក​មាន​តែង​បង្កើត​នូវ​អាជីវកម្ម​ផ្ទាល់​ខ្លួន​។

១៤. អ្នក​មាន​ជ្រើស​ធ្វើ​ជា​អ្នក​គ្រប់គ្រង​លុយ​

អ្នក​មាន​មិនមែន​ជា​អ្នក​ដែល​ឆ្លាត​ជាង​អ្នក​ផ្សេង​នោះ​ទេ​ គ្រាន់​តែ​គេ​ជា​អ្នក​ដែល​មាន​ទម្លាប់​ក្នុង​​ផ្នែក​លុយ​កាក់​ដែល​ខុស​ពី​មនុស្ស​ទូទៅ​។ អ្នក​មាន​ជ្រើស​ធ្វើ​​ជា​អ្នក​គ្រប់គ្រង​លុយ​របស់​ខ្លួន​ ហើយ​គេ​ដឹង​ច្បាស់​ថា​ ចំនួន​លុយ​មិន​សំខាន់​នោះ​ទេ​ អ្វី​ដែល​សំខាន់​គឺ​វិធី​គ្រប់គ្រង​លុយ​ដែល​គេ​មាន​។

១៥. អ្នក​មាន​ជ្រើស​យក​ការ​រៀន​សូត្រ​ និង​ការ​រីកចម្រើន​មិន​ឈប់​

អ្នក​មាន​​តែង​តែ​​អប់រំ​ខ្លួន​ឯង​ឲ្យ​កាន់​តែ​ល្អ​ប្រសើរ​ឡើង​តាម​រយៈ​ការ​អាន​ និង​​រៀន​សូត្រ​ពី​មនុស្ស​ដែល​មាន​ និង​ជោគជ័យ​ជាង​ខ្លួន បើ​ទោះបី​ជា​ខ្លួន​​មាន​ទ្រព្យសម្បត្តិ​ច្រើន​ និង​ជោគជ័យ​ហើយ​ក៏​ដោយ​។​

១៦. អ្នក​មាន​ជ្រើស​ជួយ​អ្នក​ដទៃ​

អ្នក​មាន​ភាគ​ច្រើន​គិត​ថា​ ការ​ជួយ​មនុស្ស​ដែល​មាន​ចង់​ជោគជ័យ​ ឲ្យ​ឈាន​ទៅ​មុខ​ និង​ជោគជ័យ​ដូច​ខ្លួន​​ នឹង​ជួយ​ឲ្យ​គេ​ជោគជ័យ​មួយ​​កម្រិត​​ទៀត​​​​។

១៧. អ្នក​មាន​ជ្រើស​ភ្ញាក់​ពី​ព្រលឹម​

ជិត៥០​%​នៃ​អ្នក​មាន​ តែង​ក្រោក​មុន​ពេលវេលា​​ធ្វើការ​របស់​ខ្លួន​​៣ម៉ោង ដែល​នេះ​ជា​វិធីសាស្ត្រ​មួយ​ក្នុង​ការ​​ជួយ​​​​ដោះស្រាយ​ចំពោះ​ការ​បង្អាក់​ ឬ​រំខាន​ប្រចាំ​ថ្ងៃ​ដែល​មិន​អាច​ជៀស​បាន​មួយ​ចំនួន​ ដែល​អាច​មាន​ដូចជា​ ការ​ប្រជុំ​​ដែល​ប្រើ​ពេល​យូរ​ បញ្ហា​ចរាចរណ៍​ និង​ការ​ទៅ​ទទួល​កូន​ពី​សាលារៀន​ជា​ដើម​។

១៨. អ្នក​មាន​ជ្រើស​ប្រថុយប្រថាន​នឹង​ហានិភ័យ​ដែល​អាច​គណនា​បាន​

នៅ​ក្នុង​ពេលខ្លះ​អ្នក​វិនិយោគ​អាច​បាត់បង់​​លុយ​របស់​ខ្លួន​ ប៉ុន្តែ​​មិន​ថា​មាន​អ្វី​កើតឡើង​ គេ​តែង​​គិត​ថា​គេ​នឹង​រក​បាន​ច្រើន​ជាង​អ្វី​ដែល​គេ​បាត់​បង់។ ដូចនេះ​ គេ​ហ៊ាន​ក្នុង​ការ​ប្រថុយ​នឹង​ហានិភ័យ​ដែល​គេ​​អាច​គណនា​បាន​។ ចំណែក​មនុស្ស​ទូទៅ​វិញ​ មាន​ការ​ព្រួយបារម្ភ​ច្រើន​​ពី​ការ​បាត់បង់​នូវ​អ្វី​ដែល​គេ​មាន​។

ប្រែ​សម្រួល​៖ Sophany
ប្រភព​៖

  • ជម្រើស​១៨​យ៉ាង​ដែល​សេដ្ឋី​ជ្រើស​រើស​ធ្វើ​ ហើយ​ដែល​មនុស្ស​ទូទៅ​មិន​បាន​ធ្វើ​已关闭评论
  • 11 views
  • Hide Sidebar
    A+
Publish on:2016/10/17  Category:វីដេអូ
Tags: