បាត់​កូនស្រី មួយ​ថ្ងៃមួយ​យប់ ព្រឹក​ឡើង​ឃើញ សព​អណ្តែត​ក្នុង​រណ្តៅ​ដី

បាត់​កូនស្រី មួយ​ថ្ងៃមួយ​យប់ ព្រឹក​ឡើង​ឃើញ សព​អណ្តែត​ក្នុង​រណ្តៅ​ដី



កែប​: សព​កុមារី​ម្នាក់ ត្រូវ​បាន​ក្រុម​គ្រួសារ ប្រទះ​ឃើញ​អណ្តែត ក្នុង​រណ្តៅ​ដី​មួយ កាលពី​ព្រឹក​ព្រលឹម​ថ្ងៃ​ទី​១៧ ខែតុលា ឆ្នាំ​២០១៦ បន្ទាប់​ពី​បាត់​ខ្លួន អស់​មួយ​ថ្ងៃ មួយ​យប់​។ ករណី​នេះ បាន​កើតឡើង នៅ​ភូមិ​ដំណាក់​ចង្អើរ សង្កាត់​ព្រៃធំ ក្រុងកែប ខេត្ត​កែប​។កុមារ​ង​គ្រោះ ឈ្មោះ ឯម លី​ហ្សា អាយុ ៧​ឆ្នាំ រស់នៅ​ក្នុងភូមិ​សង្កាត់ កើតហេតុ​ខាងលើ​។

កាលពី​ព្រឹក​ថ្ងៃ​ទី​១៧ ខែតុលា ឆ្នាំ​២០១៦ សមត្ថកិច្ច បាន​ទទួល​ព័ត៌មាន​ថា ក្រុម​គ្រួសារ​មួយ បាន​ប្រទះ​ឃើញ សព​កូនស្រី​របស់​ខ្លួន អណ្តែត​ក្នុង​រណ្តៅ​ដី មួយ​កន្លែង ដែល​មាន​ចម្ងាយ​ប្រហែល មួយ​គីឡូម៉ែត្រ​ពី​ផ្ទះ​។ ភ្លាម​ៗ សមត្ថកិច្ច ក៏​បាន​ចុះ​ដល់​កន្លែង​កើតហេតុ និង​ធ្វើ​កោសល្យវិច័យ រក​ឃើញ​ថា កុមារី​រង​គ្រោះ ត្រូវ​គេ​វាយដំ​លើ​ដងខ្លួន និង​ក្បាល​ផ្នែក​ខាងក្រោយ​។

ដោយឡែក​ក្រុម​គ្រួសារ​សព អះអាង​ថា មុន​ពេល​បាត់​ខ្លួន កូនស្រី​របស់​ខ្លួន ពាក់​ក្រវិល​កាឡៃ​មួយគូ​។ ជាមួយ​ស្លាកស្នាម លើ​សាកសព និង​អំណះអំណាង​របស់​ឪពុក​ម្តាយ​សព សមត្ថកិច្ច សន្និដ្ឋាន​ថា ករណី​នេះ ជា​អំពើ​ប្លន់​យក​ទ្រព្យសម្បត្តិ​៕