​បក្សប្រឆាំង នៅតែ​ស្វែងរក​ការចរចា និពន្ធដោយ : ម៉ៅ សុផា       October-17-2016, 6:07 pm         69

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 086 654 846 - 012 722 108​បក្សប្រឆាំង នៅតែ​ស្វែងរក​ការចរចា​ភ្នំពេញ​៖ គណបក្ស​សង្គ្រោះ​ជាតិ បាន​អំពាវនាវ​ទៅកាន់​គណបក្ស​ប្រជាជន​កម្ពុជា​ម្តងទៀត ដើម្បី​ឲ្យ​មាន​ជំនួប​ទ្វេភាគី ក្នុង​គោលបំណង​បញ្ចប់​កម្តៅ​នយោបាយ មុន​ការបោះឆ្នោត​ឈាន​មកដល់​។ ការអំពាវនាវ​របស់​បក្សប្រឆាំង ត្រូវបាន​បក្ស​កាន់អំណាច បដិសេធ និង​សើចចំអក​ឲ្យ​សាជាថ្មី​។​

​ជាថ្មី​ម្តងទៀត នៅ​ថ្ងៃទី​១៧​តុលា​នេះ លោក យឹម សុវណ្ណ ដែលជា​អ្នកនាំពាក្យ​បក្សប្រឆាំង​បានលើកឡើង​ថា គណបក្ស​លោក បាន​ខិតខំ​គ្រប់ពេលវេលា ដើម្បី​ស្វែងរក​ការចរចា​ជាមួយ​បក្ស​កាន់អំណាច ជុំវិញ​ការឃុំខ្លួន​អ្នកនយោបាយ និង​សកម្មជន​បក្សប្រឆាំង រួមទាំង​មន្ត្រី​សិទ្ធិមនុស្ស​។ ការអះអាង​របស់លោក យឹម សុវណ្ណ បែបនេះ ធ្វើឡើង​បន្ទាប់ពី​លោក រួមទាំង​មន្ត្រីជាន់ខ្ពស់​មួយចំនួនទៀត  ចាក​ចេញពី​សួរសុខទុក្ខ​តំណាងរាស្ត្រ និង​សកម្មជន ដែល​កំពុង​ជាប់ឃុំ​នៅក្នុង​ពន្ធនាគារ​ព្រៃ​សនា​ព្រឹក​ថ្ងៃ​ចន្ទ​នេះ​។

​ក្រៅពី​ការចរចា លោក យឹម សុវណ្ណ ដូចជា​មិនមាន​ជំនឿ​លើ​យន្តការ​ផ្សេង​ឡើយ​។ លោក យឹម សុវណ្ណ បាន​សង្កត់ធ្ងន់ថា បញ្ហានយោបាយ និង​ករណី​សកម្មជន​បក្សប្រឆាំង រួមទាំង​មន្ត្រី​សង្គម​ស៊ីវិល​ចំនួន អាច​នឹង​ត្រូវបាន​ដោះលែង ប្រសិនបើ​ភាគី​នៃ​គណបក្ស​ជាប់ឆ្នោត​ទាំងពីរ ដើរទៅ​រក​តុ​ចរចា​ជាមួយគ្នា​។

​លោក យឹម សុវណ្ណ បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​បែបនេះ​ថា​៖«​គណបក្ស​សង្គ្រោះ​ជាតិ ដើរតួនាទី​ជា​ទឹក ទៅ​ពន្លត់ភ្លើង ដើរតួនាទី​ជា អ្នក​ពន្លត់​អគ្គិភ័យ អ្នក​ពន្លត់ (​កម្តៅ​) នយោបាយ​។ [……] គណបក្ស​សង្គ្រោះ​ជាតិ ស្វែងរក​ដំណោះស្រាយ​ជានិច្ច គ្រប់​វិនាទី​ទាំងអស់​។ មានតែ​ការជួបគ្នា មានតែ​ការដោះស្រាយ​ដោយ​សន្តិវិធី​ទេ ដែល​ប្រជាពលរដ្ឋ​បាន​សុខ​»​។

​នៅពេល​មន្ត្រី​បក្សប្រឆាំង សម្តែង​ការព្រួយបារម្ភ​ចំពោះ​កម្តៅ​នយោបាយ លោក សុខ ឥសាន អ្នកនាំពាក្យ​បក្ស​កាន់អំណាច បែរជា​ឆ្លើយថា ប្រទេស​កម្ពុជា មាន​ភាពស្ងប់ស្ងាត់ ហើយ​ស្ថានការណ៍​នយោបាយ ក៏មាន​ប្រក្រតីភាព​។ លោក សុខ ឥសាន បាន​ប្រាប់​បក្សប្រឆាំង​ម្ដង​ទៀតថា ការចរចា​សុំ​ឲ្យ​ដោះលែង​អ្នកនយោបាយ និង​សកម្មជន​របស់ខ្លួន រួមទាំង​មន្ត្រី​សិទ្ធិមនុស្ស ដែល​កំពុង​ជាប់ពន្ធនាគារ​នោះ គឺ​រឿង​ខុសច្បាប់ និង​ជាការ​លោភ​លើ​អំណាចតុលាការ​។

​អ្នកនាំពាក្យ​បក្ស​កាន់អំណាច​រូបនេះ និយាយ​យ៉ាងខ្លី​ថា​៖«​បើ​ចរចា​សុំ​ឲ្យ​ដោះលែង​នោះ គឺ​ទៅ​មិន​រួច​ទេ​។ ការអនុវត្ត​របស់​តុលាការ គឺ​ធ្វើទៅ​តាមច្បាប់ មិនមែនជា​រឿង​នយោបាយ​អ្វី​ឡើយ​»៕