ខ្លាច​ខ្លាំង​ណាស់ ! សូ​ម្បី​តែ​មើល​មុខ​ក៏​មិន​ហ៊ាន​ផង

រាជធានី​ភ្នំពេញ ៖ ក្មេង​ស្រី​ម្នាក់​មាន​ស្នាម​ជាំ​ពេញ​ខ្លួន និង​មុខមាត់ មានការ​ភ័យ​ខ្លាច​រហូត​​រត់​ចេញពីផ្ទះ ហើយ​នៅ​ព្រឹក​ថ្ងៃ​ទី​៧ ខែតុលា ឆ្នាំ​២០១៦ ខណៈ​ម្តាយចុង​មក​សុំ​ធានា​យក​ត្រឡប់​ទៅ​ផ្ទះ​វិញ​នាង​ខ្លាច​ដល់​ថ្នាក់​សូ​ម្បី​តែ​មើល​មុខ​ម្តាយចុង​ក៏​មិន​ហ៊ាន​មើល​ផង ។

សូម​បញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​១៦ ខែតុលា ឆ្នាំ​២០១៦ ប្រជាពលរដ្ឋ​បាន​ប្រទះ​ឃើញ​ក្មេង​ស្រី​ម្នាក់​ឈ្មោះ អឿ​ន ស្រី​មុំ អាយុ​៨​ឆ្នាំ មក​អង្គុយ​នៅ​ចំណុច​លូ​៥ ស្ថិត​ក្នុងភូមិ​ទ្រា​៤ សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌ​មាន ហើយដោយ​មានការ​សង្ស័យ​ក៏​បាន​រាយការណ៍​ទៅ​សាលាសង្កាត់​នាំ​យក​ទៅ​សួរនាំ​ព្រោះ​ឃើញ​មាន​ស្នាម​ជាំ​ពេញ​នៅ​លើ​ខ្លួនប្រាណ និង​មុខមាត់ ។

ក្មេង​ស្រី អឿ​ន ស្រី​មុំ បាន​ឲ្យ​ដឹង​ថា នាង​មិន​ហ៊ាន​ទៅ​ផ្ទះ​វិញ​ទេ ដោយ​សុខចិត្ត​នៅ​ជាមួយ​មន្ត្រី​សាលាសង្កាត់​ដែល​មាន​ទឹកចិត្ត​អាណិតអាសូរ​រូប​នាង ហើយ​ម្យ៉ាងវិញទៀត​នៅ​ព្រឹក​ថ្ងៃ​ទី​១៧​តុលា​នេះ ខណៈ​ម្តាយចុង​ឈ្មោះ គង់ យ៉ា​ណា អាយុ​២៨​ឆ្នាំ មុខរបរ​កាត់ដេរ មក​សុំ​ធានា​យក​ត្រឡប់​ទៅ​ផ្ទះ​វិញ​នោះ ក្មេង​ស្រី អឿ​ន ស្រី​មុំ ដល់​ថ្នាក់​មិន​ហ៊ាន​ទាំង​មើល​មុខ​ផង​ព្រោះ​ខ្លាច​ការ​វាយ​ធ្វើបាប​ពី​ម្តាយចុង ។

មន្ត្រី​សាលាសង្កាត់​ស្ទឹង​មាន​ជ័យ​បាន​ឲ្យ​ដឹង​ថា បើ​នាង​មិន​ហ៊ាន​ទៅ​ផ្ទះ​ជាមួយ​ម្តាយចុង​វិញ​ទេ ខាង​សង្កាត់​នឹង​បញ្ជូន​ក្មេង​ស្រី​នេះ​ទៅ​សមាគមនារី​ខណ្ឌមានជ័យ​ដើម្បី​យក​ទៅ​ឲ្យ​អង្គការ​កុមារ​កំព្រា ចិញ្ចឹម និង​គ្រប់គ្រង ៕