ប្រទះ​ឃើញ​គ្រាប់ M79​ ចំនួន​១០​គ្រាប់ ​ប្រជាពលរដ្ឋ​រាយការណ៍​ជូនសមត្ថកិច្ច

ខេត្តសៀមរាប ​៖ ​ប្រជាពលរដ្ឋ​មួយ​គ្រួសារ បាន​ប្រទះ​ឃើញ​គ្រាប់​យុទ្ធ​ភ័​ណ្ឌ​មិន​ទាន់​ផ្ទុះ​ចំនួន​១០​គ្រាប់ នៅ​ពេល​ដែល​ពួក​គាត់​កាប់​ដី​មួយ​កន្លែង​ក្បែរ​ផ្ទះ ​នៅ​ក្នុងភូមិ​របស់​គាត់ យក​ទៅ​ដាក់​បាត​ផ្ទះ ហើយ​បាន​រាយការណ៍​ជូន​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​នគរធំ ភ្លាម​ៗ​សមត្ថកិច្ច ក៏​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ ដើម្បី​ធ្វើការ​គ្រប់គ្រង​គ្រាប់​យុទ្ធ​ភ័​ណ្ឌ​ទាំងនោះ និង​បាន​រាយការណ៍​បន្ត​ទៅ​កម្លាំង​ការិយាល័យ​នគរបាល​អាវុធ​ជាតិ​ផ្ទុះ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​។

ហេតុ​ការ​ដែល​ពលរដ្ឋ​ប្រទះ​ឃើញ​គ្រាប់​មិន​ទាន់​ផ្ទុះ​នោះ នៅ​ព្រឹកថ្ងៃ​ទី​១៧ ខែតុលា ឆ្នាំ​២០១៦ ស្ថិត​នៅ​ក្នុងភូមិ​អា​រៈ​ស្វាយ សង្កាត់​នគរធំ ក្រុង​-​ខេត្តសៀមរាប​។

លោក​វរសេនីយ៍ឯក ឆេ​ត ញ៉ា ប្រធាន​ការិយាល័យ​នគរបាល​អាវុធ​ជាតិ​ផ្ទុះ​បានឱ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​១៧ ​ខែតុលា ​ឆ្នាំ​២០១៦​នេះ​ថា គ្រាប់​យុទ្ធ​ទាំងនោះ​ជា​ប្រភេទ​គ្រាប់ ​M79 ដែល​កប់​ក្នុង​ដី​យូរ​មក​ហើយ​ ។ ​លោកបាន​បន្ត​ថា បន្ទាប់​ពី​ធ្វើការ​ត្រួតពិនិត្យ និង​គ្រប់គ្រង​ធ្វើ​កំណត់ហេតុ​រួច លោក​បាន​ទំនាក់ទំនង​ទៅ​អង្គភាពកម្ចាត់​មីន​កម្ពុជា ស៊ី​ម៉ាក់​មក​ទទួលយក​ទៅ​រក្សា​ទុក​នៅ​កន្លែង​មាន​សុវត្ថិភាព ដើម្បី​ធ្វើការ​កម្ទេច​ចោល នៅ​ក្នុង​ករណី​ខាងលើ​នេះ​មិន​មាន​គ្រោះថ្នាក់​ដល់​អ្នក​ណា​ម្នាក់​នោះ​ទេ ហើយ​ប្រកបដោយ​សុវត្ថិភាព​ទៀត​ផង​៕