ឧកញ៉ា ឌី ឌុ​ក កំពុង​បង្កើន​សកម្មភាព​កាប់​ឈើ តាម​អំពើ​ចិត្ត​ ​

ព្រះវិហារ៖ ប្រជាពលរដ្ឋនៅស្រុកឆែប ខេត្តព្រះវិហារ បានឲ្យដឹងថា មួយរយៈពេលកន្លងទៅនេះ ពួកគាត់ឃើញ ឈ្មួញឈ្មោះឧកញ៉ា ឌី ឌុក ដំឡើងម៉ាស៊ីនអារឈើខ្នាតធំក្នុងស្រុកឆែប ហើយបានកេណ្ឌអ្នកភូមិឲ្យចូលកាប់ឈើក្នុងព្រៃការពារ ព្រៃសហគមន៍ យ៉ាងមហន្តរាយ។ ប្រភពបានឲ្យដឹងទៀតថាឧកញ៉ា ឌី ឌុក ឈរជើងចាំទិញឈើគ្រប់ប្រភេទនៅខាងក្រៅព្រៃអភិរក្ស ព្រៃសហគមន៍ ហើយការដែលឈ្មួញរូបនេះអាច ធ្វើអ្វីៗតាមអំពើចិត្ត គឺមានការឃុបឃិតពីមន្ត្រីជំនាញ និងសមត្ថកិច្ចពុករលួយផងដែរ។
ប្រភពព័ត៌មានបានឲ្យដឹងទៀតថា មួយថ្ងៃៗពួកគាត់ឃើញអ្នកភូមិមួយចំនួនដឹកជញ្ជូនរណារយន្តប្រភេទ ត្រង់ស៊ីន័រជាច្រើន គ្រឿងចូលក្នុងព្រៃដើម្បីធ្វើសកម្មភាពអាររំលំដើមឈើ និងអារច្រៀកឈើក្នុងព្រៃអភិរក្ស ហើយដឹកចេញមកលក់ឲ្យក្រុម មនុស្សរបស់ឧកញ៉ា ឌី ឌុក។ មន្ត្រីអាជ្ញាធរមូលដ្ឋានក៏បានឲ្យដឹងដែរថា មេការរបស់ឧកញ៉ា ឌី ឌុក ដែលឈរជើងចាំ ប្រមូលទិញឈើពីប្រជាពលរដ្ឋដែលចូលកាប់ក្នុងព្រៃអភិរក្សនោះ មានឈ្មោះ អឿន ដោយមានការសម្របសម្រួលពី មន្ត្រីរដ្ឋបាលព្រៃឈើក្នុងស្រុកឆែបតែម្តង ទើបអ្វីៗអាចប្រព្រឹត្តទៅដោយរលូន។ ប្រសិនបើប្រជាពលរដ្ឋណាមិនយក ឈើមកលក់ឲ្យខ្លួនទេនោះ ឈ្មោះ អឿន ដែលជាមេការរបស់ឧកញ៉ា ឌី ឌុក រាយការណ៍ឲ្យមន្ត្រីរដ្ឋបាលព្រៃឈើ បង្ក្រាបជាមិនខាន។
ក្រុមហ៊ុនរបស់ឧកញ៉ា ឌី ឌុក ទទួលបានច្បាប់អនុញ្ញាតអភិរឌ្ឍន៍តំបន់ព្រៃសម្បទានសង្គមកិច្ចប្រមាណ៣០០០ហិកតា ក្នុងស្រុកឆែប និងស្រុកជ័យសែន ក្រោមលក្ខខណ្ឌគោរពគោលការណ៍និងច្បាប់របស់រដ្ឋាភិបាល។ ក៏ប៉ុន្តែជាក់ស្ដែងឧកញ៉ា ឌី ឌុក មិនអនុវត្តន៍ទៅតាមគោលការណ៍និងច្បាប់របស់រដ្ឋាភិបាលទេ ហើយកំពុងប្រើច្បាប់អនុញ្ញាតនោះដើម្បី កាប់ឈើនិងទិញឈើដឹកជញ្ជូនឈើខុសច្បាប់ស្រេចតែអំពើចិត្ត គ្មានសមត្ថកិច្ចណាប៉ះពាល់ឡើយ។ ដូច្នេះលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ក៏ដូចជាលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម គួរទប់ស្កាត់បទល្មើស បំផ្លាញព្រៃឈើរបស់ក្រុមហ៊ុនឧកញ៉ា ឌី ឌុក ជាបន្ទាន់ព្រោះបច្ចុប្បន្នបទល្មើសកាប់ឈើនិងដឹកជញ្ជូនឈើខុសច្បាប់កំពុង កើតឡើងយ៉ាងអនាធិបតេយ្យនៅស្រុកឆែប ខេត្តព្រះវិហារ៕
ឧកញ៉ា ឌី ឌុ​ក កំពុង​បង្កើន​សកម្មភាព​កាប់​ឈើ តាម​អំពើ​ចិត្ត​ ​ ឧកញ៉ា ឌី ឌុ​ក កំពុង​បង្កើន​សកម្មភាព​កាប់​ឈើ តាម​អំពើ​ចិត្ត​ ​