ប៉ូលិស​ឃាត់​៤​នាក់ ​គំរាម​ជម្រិត​ទារប្រាក់​២០​ម៉ឺន​ដុល្លារ​ ​

ខេត្តកណ្តាល ៖ ជនទាំង៤នាក់ត្រូងបានសាលាដំបូង ខេត្តកណ្តាលសម្រេចឃុំខ្លួន កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៦ បន្ទាប់ ពីមានពាក្យបណ្ដឹងពីក្រុមហ៊ុន ។
ពាក្យបណ្តឹងរបស់ក្រុមហ៊ុនស៊ីធីម៉ាតបានប្តឹងចូលទៅអយ្យការអមសាលាដំបូងខេត្តកណ្តាលបញ្ជាក់ច្បាស់ថា ប្តឹងជនសង្ស័យ ៤នាក់នោះថាបានគំរាមកំហែងជំរិតទារប្រាក់ពីក្រុមហ៊ុនចំនួន២០ម៉ឺនដុល្លារ និងរំលោភលើសេចក្តីសម្រេចរបស់តុលាការ ដែលប្រព្រឹត្តនៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៦ ។
ជនសង្ស័យ៤នាក់នោះមាន ១-ឈ្មោះ ស៊ីវ ពៅ ភេទស្រី អាយុ៦២ឆ្នាំ មានអាសយដ្ឋាននៅភូមិក្រាំងពុលទេព ឃុំរការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ, ២-ឈ្មោះ ហ៊ុន វិរាជ្យ ភេទប្រុស អាយុ៤៨ឆ្នាំ នៅភូមិស្លែងដីដុះ ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្តាល, ៣-ឈ្មោះ អៀច ដា ភេទប្រុស អាយុ៣៦ឆ្នាំ នៅភូមិអន្លង់ស្លែង ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្តាល និង ៤-ឈ្មោះ ទឹម ធឿន ភេទប្រុស អាយុ៣៥ឆ្នាំ នៅភូមិក្រោកគោ ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្តាល ។
អង្គហេតុនៃដើមបណ្តឹងគឺ ក្រុមហ៊ុនស៊ីធីម៉ាតបានប្រមូលទិញដីពីប្រជាពលរដ្ឋជាច្រើនហិកតា ស្ថិតនៅឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្តាល តាំងពីឆ្នាំ២០០៦មកម្ល៉េះ ដោយបានការទទួលពីអាជ្ញាធរមូលដ្ឋាន និងមានប័ណ្ណសំគាល់ សិទ្ធិកាន់កាប់អចលនវត្ថុ(ប្លង់រឹង)លើទីតាំងដីទាំងមូល ។ ស្របគ្នានោះដែរក្រុមហ៊ុនធ្លាប់បានលើកទំនប់ធ្វើជាផ្លូវក្រវាត់ព្រំ ដោយដាំបង្គោលជុំវិញដីទាំងមូល និងមានបុគ្គលិកយាមប្រចាំការរហូតដល់សព្វថ្ងៃនេះ ។ ក្រោយមកឈ្មោះ ស៊ីវ ពៅ និងបក្សពួក បានដើរញុះញង់ប្រជាពលរដ្ឋឲ្យផ្តិតមេដៃគាំទ្រពួកគេធ្វើជាតំណាងដើម្បីរកអ្នកទិញ ឬស្នើសុំទៅស្ថាប័នពាក់ ព័ន្ធនានាកាត់ដីចេញពីប្លង់រឹងរបស់ក្រុមហ៊ុនស៊ីធីម៉ាត ដោយសន្យាចែកលុយឲ្យប្រជាពលរដ្ឋក្នុងមួយគ្រួសារ ១៥០០ ដុល្លារអាមេរិក ដែលនោះជាទង្វើរំលោភបំពានលើសេចក្តីសម្រេចរបស់តុលាការ ។ ដោយឃើញសកម្មភាពបែបនេះ និងគោរពតាមគោលនយោបាយផ្ទាល់ជាមួយប្រជាពលរដ្ឋចំនួន៤៥០គ្រួសារដែលរស់នៅក្នុងភូមិពោង ឃុំសំបួរមាស ស្រុកមុខកំពូល ក្រុមហ៊ុនសុខចិត្តដោះស្រាយជាមួយប្រជាពលរដ្ឋស្ងប់ស្ងាត់ទៅ ។ ចំណែកឈ្មោះ ស៊ី ពៅ និងបក្សពួកមិនបានទទួលផលប្រយោជន៍អ្វីទេ នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៦ បានណាត់ជួបជុំគ្នានៅហាងកាហ្វេមួយ ដោយមានគំរោងទាក់ទងទៅក្រុមហ៊ុនឲ្យបង់ប្រាក់ទៅពួកគេសមស្រប បើមិនដូច្នោះទេ គេនឹងប្តឹង ហើយនិងប្រើសកម្មភាព ញុះញង់មិនឲ្យក្រុមហ៊ុនមានសេចក្តីសុខទេ ។ លុះថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៦ ជនសង្ស័យដូចមានឈ្មោះខាង លើបានផ្ញើលិខិតមួយច្បាប់ ទៅក្រុមហ៊ុន ជំរិតទារ ប្រាក់ ចំនួន២០ម៉ឺនដុល្លារអាមេរិក ។ ដោយមានលិខិតផ្ញើ មកគំរាម ជំរិតក្រុមហ៊ុននោះហើយ ក្រុមហ៊ុនសម្រេចដាក់ពាក្យ បណ្តឹង ទៅអយ្យការអមសាលាដំបូងខេត្ត ដើម្បីអន្តរាគមន៍ ទប់ស្កាត់ពីការគំរាមកំហែងជំរិតទារប្រាក់ និងចាត់ការចំពោះជន សង្ស័យតាមផ្លូវច្បាប់ ៕

ប៉ូលិស​ឃាត់​៤​នាក់ ​គំរាម​ជម្រិត​ទារប្រាក់​២០​ម៉ឺន​ដុល្លារ​ ​ ប៉ូលិស​ឃាត់​៤​នាក់ ​គំរាម​ជម្រិត​ទារប្រាក់​២០​ម៉ឺន​ដុល្លារ​ ​