គណៈកម្មការ​បុណ្យ​បណ្ឌិត កែម ឡី បន្ត​កសាង​ចេតិយ​និង​ទីតាំង​តម្កល់​រូប​សំណាក

អ្នក​នាំ​ពាក្យ​គណៈកម្មការ​បុណ្យ​សព​លោក​បណ្ឌិត កែម ឡី ឲ្យ​ដឹង​ថា កម្មវិធី​បុណ្យ​គម្រប់​ខួប ១០០​ថ្ងៃ​លោក​បណ្ឌិត កែម ឡី បាន​ចប់​ទៅ​ហើយ ប៉ុន្តែ​គណៈកម្មការ​នៅ​មាន​ភារកិច្ច​បន្ត​ទៀត​មិន​ទាន់​បញ្ចប់​បេសកកម្ម​របស់​ខ្លួន​ទេ។ តាម​គម្រោង ការ​សាងសង់​ចេតិយ​នេះ​អាច​ត្រូវ​ការ​ថវិកា​ក្នុង​ទំហំ​ទឹកប្រាក់​ប្រហែល ៦​ម៉ឺន​ដុល្លារ​អាមេរិក។

សមាជិក​គណៈកម្មការ​បុណ្យ​សព​លោក​បណ្ឌិត កែម ឡី គឺ​លោក សៅ កុសល។ លោក​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៧ ខែ​តុលា ថា កិច្ចការ​ដែល​គណៈកម្មការ​នេះ​ត្រូវ​ធ្វើ​បន្ទាប់​ពី​បុណ្យ ១០០​ថ្ងៃ​បាន​បញ្ចប់​ទៅ​នោះ គឺ​ស្វែងរក​ថវិកា​ដើម្បី​រៀបចំ​ចេតិយ​ឲ្យ​បាន​សមរម្យ​សម្រាប់​លោក​បណ្ឌិត កែម ឡី។ លោក​បន្ត​ថា ប្លង់ និង​ទម្រង់​ចេតិយ គឺ​គណៈកម្មការ​បាន​សម្រេច និង​ឯកភាព​រួច​ហើយ​ជាមួយ​ក្រុម​គ្រួសារ គឺ​យក​តាម​លំនាំ​រចនាបថ​អង្គរ។ លោក​បន្ត​ថា «ចេតិយ​នេះ​យើង​សង់​មាន​គោល​បំណង​ពីរ​ធំ។ យើង​យក​តាម​គំរូ​អង្គរ​តូច។ គំរូ​ចេតិយ​តាម​អង្គរ​តូច តាម​ជំនាញ​គេ​គិត​ពិចារណា​ថា គំរូ​នេះ​វា​ល្បី​ដែល​ពិភពលោក​គេ​ដឹង​ឮ គេ​ចូល​ចិត្ត​ច្រើន។ គោល​បំណង​ទី​២ យើង​ធ្វើ​យ៉ាង​ម៉េច​ឲ្យ​ផ្នូរ​លោក​បណ្ឌិត​នៅ​ក្នុង​ចេតិយ​ហ្នឹង​ស្រាប់ ហើយ​មាន​ទីធ្លា​ធំ​នៅ​ពេល​យើង​មាន​កម្មវិធី​អី​ផ្សេងៗ យើង​អាច​ដាក់​មនុស្ស​បាន​ប្រហែល ៥០ ទៅ ៦០​នាក់»

គណៈកម្មការ​បុណ្យ​សព​លោក​បណ្ឌិត កែម ឡី បញ្ជាក់​ថា គម្រោង​ចេតិយ​ដែល​នឹង​ត្រូវ​សាងសង់​នៅ​ក្នុង​ប្លង់​មេ​នោះ គឺ​ទទឹង ៩​ម៉ែត្រ បណ្ដោយ ១៨​ម៉ែត្រ និង​កម្ពស់ ២០​ម៉ែត្រ។ ចេតិយ​នេះ​ត្រូវ​សាងសង់​ពី​លើ​ផ្នូរ​សព​លោក​បណ្ឌិត កែម ឡី តែ​ម្ដង។

បច្ចុប្បន្ន ប្លង់​មេ​នៃ​ទម្រង់​ចេតិយ​នេះ លោក សៅ កុសល ឲ្យ​ដឹង​ថា ខាង​បច្ចេកទេស​បាន​គូរ​រួច​ហើយ ហើយ​បាន​បញ្ជូន​ទៅ​ឲ្យ​លោក​បណ្ឌិត មាស នី ជា​អ្នក​ទទួល​បន្ទុក​ក្នុង​ការ​កៀរគរ​រក​ថវិកា​សាងសង់។ តាម​គម្រោង ចេតិយ​នេះ​អាច​ត្រូវ​ការ​ទឹកប្រាក់​កសាង​ក្នុង​ទំហំ​ប្រហែល ៦​ម៉ឺន​ដុល្លារ​សហរដ្ឋ​អាមេរិក។ ក្រៅ​ពី​គម្រោង​ចេតិយ​នេះ គណៈកម្មការ​បុណ្យ​សព​លោក​បណ្ឌិត កែម ឡី ក៏​កំពុង​ពិនិត្យ​លទ្ធភាព និង​ពិគ្រោះ​យោបល់​ជាមួយ​ក្រុម​គ្រួសារ​បន្ត រក​ទីតាំង​សមរម្យ​សម្រាប់​សាងសង់​កន្លែង​តម្កល់​រូប​សំណាក​លោក​បណ្ឌិត កែម ឡី។

សេចក្ដី​សម្រេច​ជា​ជំហាន​ដំបូង លោក សៅ កុសល បញ្ជាក់​ថា ទីតាំង​សម្រាប់​តម្កល់​រូប​សំណាក​លោក​បណ្ឌិត កែម ឡី នេះ នឹង​ត្រូវ​សាងសង់​នៅ​ពី​មុខ​ផ្ទះ​ក្នុង​បរិវេណ​ណា​មួយ។ ការ​កសាង​ទីតាំង​សម្រាប់​តម្កល់​រូប​សំណាក​នៅ​ពី​មុខ​ផ្ទះ​នេះ គឺ​ដើម្បី​ងាយ​ស្រួល​ឲ្យ​មហាជន​បាន​ឃើញ ពេល​ធ្វើ​ដំណើរ​តាម​ផ្លូវ។

លោក កែម រិទ្ធិសិទ្ធ ប្អូន​ប្រុស​បង្កើត​របស់​លោក​បណ្ឌិត កែម ឡី ឲ្យ​ដឹង​ថា រូប​សំណាក​នេះ​អាច​ត្រូវ​ការ ២​រូប គឺ​រូប​សំណាក​ទី​១ ត្រូវ​តម្កល់​នៅ​ក្នុង​ចេតិយ ហើយ​រូប​សំណាក​មួយ​ទៀត ដាក់​តាំង​នៅ​ពី​ខាង​មុខ​ផ្ទះ។ លោក​បន្ត​ថា រូប​សំណាក​ដែល​ត្រូវ​ការ​តម្កល់​នៅ​ក្នុង​ចេតិយ​នោះ អាច​ជា​រូប​មួយ​កំណាត់​ខ្លួន។ លោក​បន្ត​ថា «ការ​គិត​របស់​ខ្ញុំ ខ្ញុំ​ថា​បើ​នៅ​ក្នុង​ចេតិយ​យើង​អាច​ធ្វើ​មួយ​កំណាត់​ខ្លួន ហើយ​នៅ​ខាង​មុខ​អាច​បញ្ឈរ​សមរម្យ​ហើយ។ ប៉ុន្តែ​ថា​នេះ​ដោយសារ​គេ​តម្រូវ​អ៊ីចឹង យើង​ធ្វើ​ទៅ​តាម​អ្វី​ដែល​មាន​ហើយ»

លោក​បណ្ឌិត កែម ឡី ត្រូវ​បាន​ឃាតក​បាញ់​ប្រហារ​ចំនួន ២​គ្រាប់ បណ្ដាល​ឲ្យ​លោក​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែង កាល​ពី​ថ្ងៃ​ទី​១០ ខែ​កក្កដា។ ទាំង​ក្រុម​គ្រួសារ និង​អ្នក​គាំទ្រ ទាមទារ​ឲ្យ​រដ្ឋាភិបាល​ត្រូវ​បើក​ការ​ស៊ើប​អង្កេត​ឲ្យ​បាន​ស៊ី​ជម្រៅ និង​ម៉ត់ចត់ ដើម្បី​ធានា​ថា អ្នក​បញ្ជា និង​ឃាតក​ពិត​ត្រូវ​បាន​ផ្ដន្ទាទោស​តាម​ផ្លូវ​ច្បាប់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។