សហគមន៍​បឹងកក់​ផ្អាក​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ​ដើម្បី​ឃ្លាំ​មើល​តុលាការ​សាកសួរ​សកម្មជន

តំណាង​អ្នក​បឹងកក់ លោកស្រី បូវ សោភា ឲ្យ​ដឹង​ថា យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ​នៅ​សប្ដាហ៍​ទី​២៤ អាក់ខាន​មិន​បាន​ធ្វើ ដោយសារ​អ្នក​បឹងកក់ ២​នាក់ គឺ​លោកស្រី ម៉ៅ សុខា រស់នៅ​ភូមិ​២៣ និង​លោក សំ សឹង្ហ រស់នៅ​ភូមិ​១ ត្រូវ​បាន​តុលាការ​កោះ​ហៅ​ទៅ​សាកសួរ​ក្នុង​នាម​ជា​ដើម​បណ្ដឹង នៅ​ថ្ងៃ​ទី​១៧ ខែ​តុលា។

អ្នក​ទាំង​ពីរ​ប្ដឹង​អភិបាល​រង​ខណ្ឌ​ដូនពេញ លោក សុខ ពេញវុធ សមាជិក​ក្រុមប្រឹក្សា​ខណ្ឌ​ដូនពេញ លោកស្រី ពេជ្រ សុជាតា និង​អធិការ​ខណ្ឌ​ដូនពេញ លោក សៅ ណុល ពី​បទ​ប៉ុនប៉ង​មនុស្ស​ឃាត និង​បង្ក​របួស​ស្នាម​ក្បែរ​រមណីយដ្ឋាន​វត្ត​ភ្នំ កាល​ពី​យប់​ថ្ងៃ​ទី​២២ ខែ​កញ្ញា ឆ្នាំ​២០១៣៖ «ចៅក្រម​ស៊ើបសួរ សួរ​ថា​ចង់​បាន​អ្វី? ពួក​ខ្ញុំ​ថា ចង់​បាន​ឲ្យ​ចាប់​ជន​ល្មើស​មក​ផ្ដន្ទាទោស រក​យុត្តិធម៌​ជូន​ពួក​ខ្ញុំចំណែក​សំណង​សង​លុយ​កាក់ ពួក​ខ្ញុំ​មិន​ចង់​បាន​ទេ»

អ្នក​បឹងកក់​ផ្សេង​ទៀត នឹង​ចូល​ខ្លួន​ទៅ​បំភ្លឺ​នៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ជា​បន្តបន្ទាប់ ក្នុង​នាម​ជា​ដើម​បណ្ដឹង ប្ដឹង​អភិបាល​រង​ខណ្ឌ​ដូនពេញ និង​អធិការ​ខណ្ឌ​ដូនពេញ ដូច​គ្នា។ នៅ​ថ្ងៃ​ទី​១៨ និង​ថ្ងៃ​ទី​១៩ តុលា លោកស្រី ស្រី សុខឿន និង​លោក ខាញ់ ស្រស់ នឹង​ត្រូវ​ចូល​ខ្លួន​ទៅ​បំភ្លឺ​នៅ​មុខ​ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​រាជធានី​ភ្នំពេញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។