សាលាដំបូង​កោះហៅ​សកម្មជន​បឹង​កក់ និង​បុរី​កីឡា​ម្នាក់​ទៅ​សាកសួរ

រាជធានី​ភ្នំពេញ ៖ កាលពី​ព្រឹក​ថ្ងៃ​ទី​១៧ តុលា ២០១៦ នៅ​ចំណុច​មុខ​សាលាដំបូង​រាជធានី​ភ្នំពេញ មាន​សកម្មជន​បុរី​កីឡា ដឹកនាំ​ដោយ​អ្នកស្រី ស ស៊ន និង​សកម្មជន​បឹង​កក់ ដឹកនាំ​ដោយ ប៊ូ​វ សោភា ប្រមាណ ២០​នាក់ មាន​កាន់​រូបថត​អ្នកស្រី ទេព វ​ន្នី ៣​សន្លឹក បាន​មក​ប្រមូលផ្តុំ​គ្នា ដើម្បី​គាំទ្រ​ឈ្មោះ ម៉ៅ ស្រី សកម្មជន​តវ៉ា​ដីធ្លី​បឹង​កក់ ដែល​លោក លឹ​ម មករ​ន្ត ចៅក្រម​ស៊ើបសួរ បាន​កោះហៅ​ឲ្យ​ចូល​បំភ្លឺ​លើ​សំណុំរឿង ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស ប្រព្រឹត្ត​នៅ​ថ្ងៃ​ទី​២៣ កញ្ញា ២០១៣ នៅ​វត្ត​ភ្នំ​។

ក្នុង​សម្លៀក​ន​បំពាក់​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ ក្រុម​អ្នកគាំទ្រ​បាន​ទៅ​អង្គុយ​នៅ​មុខ​បរិវេណ​សាលាដំបូង​រាជធានី​ភ្នំពេញ យ៉ាង​ស្ងៀមស្ងាត់​ដោយ​រង់ចាំ​មើល​លទ្ធផល នៃ​ការ​សាកសួរ​របស់​លោក​ចៅក្រម​ទៅ​ឈ្មោះ ម៉ៅ ស្រី ដែល​ម្នាក់​ៗ​មិន​ទុកចិត្ត​ប្រព័ន្ធ​តុលាការ​កម្ពុជា ច្រើន​តែ​សួរ​ហើយ​ចេញ​ដីកាឃុំខ្លួន​។ អស់​ពេល​ច្រើន​ម៉ោង​ចៅក្រម​ស៊ើបសួរ​បាន​សួរ​អ្នកស្រី ម៉ៅ ស្រី ចប់​ក៏​ឲ្យ​វិល​ទៅ​ផ្ទះ​វិញ ក្រុម​អ្នកគាំទ្រ​ក៏​បាន​ចាកចេញ​ទៅ​អស់​ដែរ​។ ប្រភព​ព័ត៌មាន​ពី​សាលាដំបូង​បាន​ឲ្យ​ដឹង​ថា សំណុំរឿង​នេះ​មាន​មនុស្ស​៤​ទៅ​៥​នាក់​ជាប់​ពាក់ព័ន្ធ ដែល​ត្រូវ​ហៅ​ទៅ​សាកសួរ​រហូត​គ្រប់​គ្នា គឺ​ចាប់ពី​ព្រឹក​នេះ​ទៅ​។ ក្រុម​អ្នក​ទ្រ​បាន​ទទូច​សុំ​ឲ្យ​តុលាការ បញ្ឈប់​ការ​កោះហៅ​សកម្មជន​បឹង​កក់ និង​សុំ​ឲ្យ​មានការ​ដោះ​លែង​អ្នកស្រី ទេព វ​ន្នី ឲ្យ​មាន​សេរីភាព​វិញ​ផង​ដែរ​៕