តុលាការ​ខេត្ត​សៀមរាប​ឃាត់​ខ្លួន​បុរស​ពីរ​នាក់​ឪពុក​កូន​ពេល​អនុវត្ត​សាល​ដីកា​តុលាការ​កំពូល

ព្រះរាជអាជ្ញា​រង​អម​សាលា​ដំបូង​ខេត្ត​សៀមរាប ដែល​ដឹកនាំ​ការ​អនុវត្ត​សាល​ដីកា​របស់​តុលាការ​កំពូល ក្នុង​រឿង​ទំនាស់​ដីធ្លី បាន​បញ្ជា​ឲ្យ​សមត្ថកិច្ច​មាន​ប៉ូលិស និង​កង​រាជ​អាវុធហត្ថ ចាប់​ខ្លួន​ប្រជាពលរដ្ឋ ២​នាក់​ឪពុក និង​កូន បញ្ជូន​ទៅ​កាន់​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ កាល​ពី​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​១៧ ខែ​តុលា។

ការ​ចាប់​ខ្លួន​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​សមត្ថកិច្ច​អះអាង​ថា បុរស ២​នាក់​ឪពុក និង​កូន មាន​កាន់​កាំបិត​ខ្វែវ និង​ពូថៅ​នៅ​ក្នុង​ដៃ រារាំង​ដំណើរ​ការ​អនុវត្ត​សាល​ដីកា​របស់​តុលាការ​កំពូល។

ប្រជាពលរដ្ឋ ១​គ្រួសារ​នៅ​ភូមិ​ចុងកៅស៊ូ សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ដែល​ជា​ភាគី​ចាញ់​ក្តី អំពាវនាវ​ឲ្យ​ប្រមុខ​រដ្ឋាភិបាល ជួយ​រក​យុត្តិធម៌​សម្រាប់​ក្រុម​គ្រួសារ​របស់​គេ​ក្នុង​រឿង​ដែល​តុលាការ​កំពូល បាន​ចេញ​សាល​ដីកា​រឹប​អូស​យក​ដី​មួយ​ផ្នែក​ទំហំ​ជាង ១១​ម៉ែត្រ​គុណ​នឹង​ជាង ៣៨​ម៉ែត្រ ប្រគល់​ទៅ​ឲ្យ​ភាគី​ជម្លោះ​ម្ខាង​ទៀត។

ការ​អំពាវនាវ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​ព្រះរាជអាជ្ញា​រង​នៃ​សាលា​ដំបូង​ខេត្ត​សៀមរាប បាន​ដឹកនាំ​ការ​ចុះ​អនុវត្ត​សាល​ដីកា​របស់​តុលាការ​កំពូល ដើម្បី​កាត់​ដី​ឡូត៍ ព្រម​ទាំង​មាន​ការ​ចាប់​ខ្លួន​បុរស ២​នាក់​ឪពុក និង​កូន​ដែល​ជា​ចុង​ចោទ បញ្ជូន​ទៅ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​ផង នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​១៧ ខែ​តុលា។

ស្ត្រី​ដែល​ជា​កូន​ស្រី​របស់​ភាគី​ចុង​ចោទ គឺ​លោកស្រី ថៃ លីឈុង។ លោកស្រី​មាន​ប្រសាសន៍​ទាំង​ទឹក​ភ្នែក​ថា តុលាការ​ខេត្ត​សៀមរាប មិន​ត្រឹម​តែ​ចុះ​មក​អនុវត្ត​សាល​ដីកា​របស់​តុលាការ​កំពូល កាត់​ដី​របស់​គាត់​ទៅ​ឲ្យ​ភាគី​ម្ខាង​ទៀត​ប៉ុណ្ណោះ​ទេ គឺ​ថែម​ទាំង​ចាប់​ខ្លួន​ឪពុក​របស់​គាត់​ឈ្មោះ ថៃ ម៉េង និង​បង​ប្រុស​ឈ្មោះ ថៃ ឆិក បញ្ជូន​ទៅ​កាន់​ការិយាល័យ​ព្រហ្មទណ្ឌ​ទៀត​ផង។

ស្ត្រី​ដដែល​មិន​ទទួល​យក​ការ​សម្រេច​របស់​តុលាការ​កំពូល ដែល​កាត់​ដី​ផ្នែក​ខ្លះ​ទៅ​ឲ្យ​ភាគី​ជម្លោះ​ម្ខាង​ទៀត​នោះ​ទេ ពីព្រោះ​នាង​អះអាង​ថា ដី​របស់​នាង​មាន​ប្លង់​រឹង ព្រម​ទាំង​មាន​ការ​ទទួល​ស្គាល់​ពី​ស្ថាប័ន​មួយ​ចំនួន​របស់​រដ្ឋាភិបាល​ទៀត​ផង៖ «វា​អយុត្តិធម៌​ចំពោះ​ក្រុម​គ្រួសារ​ខ្ញុំ​ពេក ហើយ​ខាង​គេ​មិន​ដឹង​ថា​យោង​លើ​ឯកសារ​អ្វី បាន​ជា​តុលាការ​សម្រេច​កាត់​ដី​ឲ្យ​គេ​ដល់​ថ្នាក់​ហ្នឹង»

ទោះ​បី​ជា​យ៉ាង​ណា អាស៊ីសេរី មិន​អាច​សុំ​ការ​អធិប្បាយ​ពី​ព្រះរាជអាជ្ញា​រង​នៃ​សាលា​ដំបូង​ខេត្ត​សៀមរាប លោក សំរិទ្ធ សុខុន ដែល​ដឹកនាំ​ការ​ចុះ​អនុវត្ត​សាល​ដីកា​របស់​តុលាការ​កំពូល ក្នុង​រឿង​រដ្ឋប្បវេណី​នោះ​បាន​ទេ​នៅ​ថ្ងៃ​ទី​១៧ ខែ​តុលា។

តំណាង​ឲ្យ​ភាគី​ដើម​ចោទ លោក ឡោ ប៉េងលន់ បាន​ច្រាន​ចោល​ការ​អះអាង​របស់​ចុង​ចោទ ​ដោយ​ថា​មិន​មែន​រូប​លោក​ទៅ​ដណ្ដើម​យក​ដី​របស់​គេ​ទេ គឺ​បុរស​ឈ្មោះ ថៃ ម៉េង ទៅ​វិញ​ទេ​ដែល​ជា​អ្នក​រំលោភ​យក​ដី​ម្ដាយ​របស់​លោក។

លោក ឡោ ប៉េងលន់ បញ្ជាក់​ថា ចាប់​តាំង​ពី​ឆ្នាំ​១៩៨៧ ម្ដាយ​របស់​លោក​ឈ្មោះ ផ្លោក ភឿន បាន​កាន់​កាប់​ដី​ទំហំ ២៥​ម៉ែត្រ​គុណ​នឹង​បណ្ដោយ ១០៥​ម៉ែត្រ។ ប៉ុន្តែ​នៅ​ឆ្នាំ​១៩៩០ នៅ​ពេល​ដែល​ម្ដាយ​របស់​លោក​ទៅ​ភ្នំពេញ​រយៈពេល ៣​ខែ ដើម្បី​មើល​ថែ​កូន​ស្រី​ម្នាក់​ឆ្លង​ទន្លេ គឺ​ឈ្មោះ ថៃ ម៉េង បាន​ធ្វើ​រោង​រំលោភ​យក​ដី ហើយ​ចាប់​ពី​ឆ្នាំ​១៩៩៤ មក គឺ​លោក​បាន​ដាក់​ពាក្យ​បណ្ដឹង​ទៅ​តុលាការ​តែ​ម្ដង។

លោក ឡោ ប៉េងលន់ អះអាង​ថា ពេល​នេះ​លោក​មិន​មែន​ជា​ភាគី​ឈ្នះ​ក្តី​ទេ ពីព្រោះ​តែ​លោក​ខំ​តស៊ូ​រឿង​ក្តី​រយៈពេល ២២​ឆ្នាំ គឺ​បាន​ត្រឹម​តែ​តុលាការ​សម្រេច​កាត់​ដី​មក​ឲ្យ​វិញ​ទំហំ​ជាង ១១​ម៉ែត្រ​គុណ​នឹង​ជាង ៣៨​ម៉ែត្រ​ប៉ុណ្ណោះ៖ «ពិត​ជា​ឈ្មោះ ថៃ ម៉េង រំលោភ​យក​ដី​របស់​ខ្ញុំ។ សាច់រឿង​របស់​ខ្ញុំ បើ​និយាយ​ទៅ​វា​ប៉ះពាល់ បើ​ទោះ​បី​ជា​តុលាការ​កំពូល សម្រេច​កាត់​ដី​មក​ឲ្យ​ខ្លះ​វិញ​ក៏ដោយ ក៏​វា​មិន​ទាន់​ត្រឹមត្រូវ​ទេ»

កាល​ពី​ខែ​មករា ឆ្នាំ​២០១៥ តុលាការ​កំពូល បាន​សម្រេច​កាត់​ដី​មួយ​ផ្នែក​ទៅ​ឲ្យ​ដើម​បណ្ដឹង​រដ្ឋប្បវេណី​ឈ្មោះ ផ្លោក ភឿន បាន​កាន់​កាប់​ដី​ទំហំ​ជាង ១១​ម៉ែត្រ​គុណ​នឹង​ជាង ៣៨​ម៉ែត្រ នៅ​ក្នុង​ចំណោម​ទំហំ​ដី​សរុប​ជាង ២.៣៤០​ម៉ែត្រ​ក្រឡា ដែល​ឈ្មោះ ថៃ ម៉េង កំពុង​កាន់​កាប់ ហើយ​ចាប់​ពី​ខែ​មករា ឆ្នាំ​២០១៥ ដែរ សាលា​ដំបូង​ខេត្ត​សៀមរាប បាន​ចាប់​អនុវត្ត​សាល​ដីកា​របស់​តុលាការ​កំពូល ជា​បន្តបន្ទាប់ ប៉ុន្តែ​មិន​បាន​សម្រេច។ ទើប​តែ​លើក​ទី​៣ នៅ​ថ្ងៃ​ទី​១៧ ខែ​តុលា ឆ្នាំ​២០១៦ តុលាការ​ខេត្ត​សៀមរាប ត្រូវ​តែ​បង្ខំ​អនុវត្ត​សាល​ដីកា​របស់​តុលាការ​កំពូល ឲ្យ​ទាល់​តែ​បាន។

រហូត​មក​ដល់​ម៉ោង​ជាង ៤ និង ៣០​នាទី​ល្ងាច​ថ្ងៃ​ទី​១៧ តុលា នេះ ប៉ូលិស​នៃ​ការិយាល័យ​ព្រហ្មទណ្ឌ នៅ​មិន​ទាន់​ដោះលែង​បុរស​ដែល​ជា​ឪពុក និង​កូន​នៅ​ឡើយ​ទេ គឺ​នៅ​បន្ត​ការ​សាកសួរ​ជុំវិញ​រឿង​ពូថៅ និង​កាំបិត​ដែល​គាត់​យក​មក​គំរាម រារាំង​ការ​អនុវត្ត​សាល​ដីកា​នោះ​មួយ​ករណី​ផ្សេង​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។