ចិន​អាច​ផ្ដល់ជំនួយ​ដល់​កម្ពុជា ដើម្បី​ជំរុញ​ផលិតភាព​កម្លាំង​ពលកម្ម​ និពន្ធដោយ : People’s Daily       October-17-2016, 9:19 pm         342

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 086 654 846 - 012 722 108ចិន​អាច​ផ្ដល់ជំនួយ​ដល់​កម្ពុជា ដើម្បី​ជំរុញ​ផលិតភាព​កម្លាំង​ពលកម្ម​​ប្រធានាធិបតី​ចិន ស៊ី ជិន​ពីង បានបញ្ចប់​ទស្សនកិច្ច​រយៈពេល​ពីរ​ថ្ងៃ​នៅ​កម្ពុជា​កាលពី​សប្តាហ៍​មុន ដើម្បី​ពង្រឹង​ទំនាក់ទំនង​ទ្វេភាគី​រវាង​ចិន និង​កម្ពុជា ឲ្យ​កាន់តែ​រឹងមាំ​បន្ថែមទៀត​។ ទំនាក់ទំនង​ចិន និង​កម្ពុជា កាន់តែ​ស្អិតល្មួត​ស្ទើរ​គ្រប់​វិស័យ​ទាំង​សេដ្ឋកិច្ច នយោបាយ និង​ការទូត​ជាដើម​។ ជាមួយគ្នានេះ ចិន​ក៏​សំឡឹងមើល​លើ​ការជួយ​កម្ពុជា​លើ​ការបង្កើន​កម្លាំង​ពលកម្ម ដ្បិត​កម្ពុ​ជាមាន​សក្កា​នុព​ល​ខ្លាំង​លើ​វិស័យនេះ​។

​ដំណើរ​ទស្សនកិច្ច​ពីរ​ថ្ងៃ​របស់​ប្រធានាធិបតី​ចិន ស៊ី ជិន​ពីង មកកាន់​កម្ពុជា ជា​សញ្ញា​បង្ហាញ​ពី​ទំនាក់ទំនង​កាន់តែ​ល្អប្រសើរ​ថែមទៀត​ក្នុង​ចំណង​ការទូត​ចិន និង​កម្ពុជា​។ កិច្ចព្រមព្រៀង​ចំនួន​៣១ ដែល​ត្រូវបាន​ចុះហត្ថលេខា​អំឡុងពេល​នៃ​ទស្សនកិច្ច​នេះ​បានផ្ដល់​ប្រយោជន៍​ច្រើន​ដល់​កម្ពុជា​។ សេដ្ឋកិច្ច ទេសចរណ៍ កសិកម្ម និង​ហេដ្ឋារចនាសម្ព័ន្ធ គឺជា​វិស័យ​អាទិភាព ដែល​ចិន​បាន​ជួយ​កម្ពុជា ហើយ​ចិន​នឹង​បន្ត​ជួយ​លើ​ការបង្កើន​ពលកម្ម​បន្ថែមទៀត​។​

​តាមពិតទៅ កម្ពុជា​ដែលមាន​ប្រជាជន​១៥​លាន​នាក់​នោះ ពិតជា​សម្បូរ​ពលកម្ម​ណាស់ ដែល​អាចជួយ​ដល់​ការងារ​ឧស្សាហកម្ម​ដែរ​។ ប៉ុន្តែ​កង្វះ​ប្រព័ន្ធ​អប់រំ​ដែលមាន​ប្រសិទ្ធភាព និង​ការបណ្ដុះបណ្ដាល​បច្ចេកទេស ជា​ឧបសគ្គ​ដ៏​ធំ​។ ដោយសារតែ​បញ្ហា​នេះ កម្ពុ​ជាមាន​កំណើនសេដ្ឋកិច្ច​យឺត និង​ដើរ​មិនទាន់​ប្រទេសជិតខាង​ដូចជា​វៀតណាម ថៃ ដើម្បី​ក្លាយជា​ប៉ូល​ផលិតកម្ម​នោះ​។​

​ជាមួយនឹង​បញ្ហា​ប្រឈម​បែបនេះ អង្គការ​ពលកម្ម​អន្តរជាតិ (ILO) បាន​ដើរតួ​យ៉ាងសំខាន់ ក្នុង​ជួយ​ជំរុញ​កំណើន​សេដ្ឋកិច្ចកម្ពុជា​។ នាពេល​ចុង​ក្រោយនេះ តាមរយៈ ILO ចិន​បាន​ផ្ដល់ជំនួយ​ជាច្រើន​ដើម្បី​ជួយ​កម្មករ​ក្នុងស្រុក​ដែរ​។ ប៉ុន្តែ​ពេលនេះ ក្រុង​ប៉េកាំង កំពុង​សំឡឹងមើល​ការជួយ​ដោយផ្ទាល់​វិញ ស្រប​ពេលដែល​ទំនាក់ទំនង​ទ្វេភាគី​ចិន និង​កម្ពុជា កំពុងតែ​រឹងមាំ​នោះ​។​

​រដ្ឋាភិបាល​ចិន កំពុង​ពិចារណា​ផ្ដល់ជំនួយ​ហិរញ្ញវត្ថុ​ពិសេស ដើម្បី​ជួយ​កម្ពុជា​ក្នុងការ​បណ្ដុះបណ្ដាល​ពល​ករ​កម្ពុជា សម្រាប់​ធ្វើការ​នៅក្នុង​វិស័យ​ឧស្សាហកម្ម​ក្នុងស្រុក​។ វា​មិនមែនជា​គួរ​ឆ្ងល់​ឡើយ ព្រោះ​កម្ពុជា​នឹង​ទទួលបាន​ប្រយោជន៍​ជាច្រើន នៅពេលដែល​ចិន​ជួយ​ជំរុញ​ប្រសិទ្ធភាព​និង​ផលិតភាព​សេដ្ឋកិច្ច​នោះ​។ មិនតែប៉ុណ្ណោះ ហើយ​វា​ក៏​នឹង​ជួយ​ពង្រឹង​ទំនាក់ទំនង​ទ្វេភាគី​ផងដែរ​។​

​ទន្ទឹមនឹង​ការជួយ​កាន់តែច្រើន​លើ​ការជំរុញ​ផលិតភាព​ពលកម្ម​នោះ ចិន ក៏​នឹង​បន្ត​ជួយ​កម្ពុជា​លើ​វិស័យ​ផ្សេងទៀត​ដូចជា កសិកម្ម ទេសចរណ៍ និង​ការកសាង​ហេ​ដ្ឋ​រចនាសម្ព័ន្ធ​ជាដើម​។ កិច្ចព្រមព្រៀង​ទាំង​៣១​ខាងលើ សំដៅ​ពង្រឹង​វិស័យ​អាទិភាព​របស់​កម្ពុជា ក៏ដូចជា​ពង្រឹង​ទំនាក់ទំនង​កម្ពុជា និង​ចិន​ទៀតផង​៕