ធ្លាប់​ជាប់​ពន្ធនាគារ ចេញ​មក​វិញ​ធ្វើ​សកម្មភាព​ទៀត !

ខេត្តតាកែវ ៖ ជនសង្ស័យ​៣​នាក់​ជា​ចោរប្លន់​យ៉ាង​សកម្ម និង​ធ្លាប់​ជាប់​ពន្ធនាគារ កន្លង​មក​បាន​ធ្វើ​សកម្មភាព​លួច​កាច់​សោក​ម៉ូតូ​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​បញ្ចូល​ទៅ​ពន្ធនាគារ​វិញ​ភ្លាម​ៗ ក្រោយ​កើតហេតុ​។ ហេតុ​ការ​នេះ​បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០១៦ វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក ស្ថិត​នៅ​ផ្សារ​សំរោង​យ៉ោ​ង ស្រុក​បាទី ខេត្តតាកែវ​។ ជនសង្ស័យ​មាន​គ្នា​៣​នាក់ ទី​១.​ឈ្មោះ នាក់ សុ​ផាត ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ រស់នៅ​ភូមិ​តា​ពូន ឃុំ​សំរោង ស្រុក​សំរោង ខេត្តតាកែវ ធ្លាប់​ជាប់​ពន្ធនាគារ​២​ដង លើក​ទី​១​ជាប់​ពន្ធនាគារ​នៅ​ខេត្តតាកែវ​ចំនួន​១​ខែ​៣​ថ្ងៃ ពី​បទ​លួច​កាច់ក​ម៉ូតូ លើក​ទី​២​ជាប់​ពន្ធនាគារ​ខេត្តតាកែវ​១​ឆ្នាំ ពី​បទ​លួច​ត្រាក់ទ័រ​។

ទី​២.​ឈ្មោះ យ​ន ដា ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ រស់នៅ​ភូមិ​ប្រ​ជ្រាយ ឃុំ​អង្គ​ប្រាសាទ ស្រុក​គី​រី​វង់ ខេត្តតាកែវ ធ្លាប់​ជាប់​ពន្ធនាគារ​ចំនួន​១០​ឆ្នាំ​ពី​បទ​ប្លន់​។ ទី​៣.​ឈ្មោះ ផេង សំបូរ ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ រស់នៅ​ភូមិរ​មុន ឃុំ​បឹង​ត្រាញ់​ខាងជើង ស្រុក​សំរោង ខេត្តតាកែវ​។ ចំណែក​ជន​រង​គ្រោះ​ដែល​ត្រូវ​ជនសង្ស័យ​ទាំង​៣​នាក់​ខាងលើ​កាច់​សោក​ម៉ូតូ​នោះ​មានឈ្មោះ ចាន់ សុវណ្ណ ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ រស់នៅ​ភូមិ​ចក ឃុំ​ត្រពាំង​សាប ស្រុក​បាទី ខេត្តតាកែវ​។

ក្រោយ​ពេល​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​៣​នាក់ ក្នុង​ករណី​ចោរកម្ម​តាម​ពាក្យបណ្តឹង​របស់​ជន​រង​គ្រោះ​រួច​មក ពួក​គេ​បាន​ឆ្លើយ​សារភាព​ថា​ខ្លួន​ពិតជា​បាន​ប្រព្រឹត្ត​ដូចដែល​ជន​រង​គ្រោះ​ប្តឹង​ចោទ​នោះ​មែន​។ បច្ចុប្បន្ន​ក្រោយ​កម្លាំង​សមត្ថកិច្ច​ស្រុក​បាទី​ទទួល​បាន​ចម្លើយ​សារភាព​រួច​មក បាន​កសាង​សំណុំរឿង និង​បញ្ជូន​ខ្លួន​ជនសង្ស័យ​ទាំង​បី​នាក់​មក​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ​ចាត់ការ​បន្ត​តាម​នីតិវិធី ចំណែក​ម៉ូតូ​ត្រូវ​បាន​ប្រគល់​ជូន​ជន​រង​គ្រោះជា​ម្ចាស់​វិញ​ហើយ​៕