ទីក្រុង​ទាំង​១៣​ដែល​មាន​តុល្យភាព​រវាង​ជីវិត​និង​ការងារ​ល្អ​បំផុត​ក្នុង​ពិភពលោក​

គេហទំព័រ Online Business -to- Business Marketplace Expert Market បានធ្វើចំណាត់ថ្នាក់ប្រទេសដែលមានតុល្យភាពរវាងជីវិត និងការងារល្អបំផុតក្នុងពិភពលោក ដោយផ្អែកលើទិន្នន័យដែលទទួលបានពី Swiss Banking Group UBS និងដោយពិនិត្យទៅលើចំនួនម៉ោងដែលមនុស្សធ្វើការក្នុងមួយសប្ដាហ៍ និងក្នុងមួយឆ្នាំ ព្រមទាំងចំនួនថ្ងៃសម្រាកដែលពួកគេមាន។ ខាងក្រោមនេះជាទីក្រុងទាំង១៣ ដែលមានតុល្យភាពរវាងជីវិត និងការងារដ៏ល្អបំផុតក្នុងពិភពលោក៖

13ទីក្រុងម៉ាឌ្រីដ ប្រទេសអេស្ប៉ាញ

មនុស្សនៅក្នុងទីក្រុងនេះ ធ្វើការ៣៣.២៨ម៉ោងក្នុងមួយសប្ដាហ៍ ហើយអ្នកធ្វើការសម្រាកនៅពាក់កណ្ដាលថ្ងៃរសៀលបន្ទាប់ពីអាហារថ្ងៃត្រង់ ដើម្បីគេចពីកម្ដៅព្រះអាទិត្យដ៏អាក្រក់ ហើយដែលការសម្រាកនេះ ធ្វើឲ្យចំនួនម៉ោងធ្វើការមានការថយចុះ។

12ទីក្រុងអាស្ត៊ែរដាំ ប្រទេសហូឡង់

មនុស្សនៅក្នុងទីក្រុងនេះ ធ្វើការ៣៣.២០ម៉ោងក្នុងមួយសប្ដាហ៍។ ទីក្រុងនេះល្បីថាស្ថិតក្នុងចំណោមទីក្រុងដែលមានភាពធូរស្រាលខាងការងារនៅអឺរ៉ុប។ មនុស្សធ្វើការជាមធ្យម១,៧២៦ ម៉ោងក្នុងមួយឆ្នាំតិចជាងកម្រិតម៉ោងធ្វើការជាមធ្យមរបស់ពិភពលោកចំនួន១៦៥ម៉ោង។

11ទីក្រុងម៊ូនិច ប្រទេសអាល្លឺម៉ង់

មនុស្សក្នុងទីក្រុងនេះ ធ្វើការ៣៣.១ម៉ោងក្នុងមួយសប្ដាហ៍ ទីក្រុងនេះល្បីល្បាញខាងការរៀបចំកម្មវិធីបាល់ទាត់កំពូលៗ និងOktobertfest ដែលធ្វើឲ្យមានថ្ងៃសម្រាកជាមធ្យម២៩ថ្ងៃក្នុងមួយឆ្នាំ។ ការណ៍នេះធ្វើឲ្យចំនួនម៉ោងធ្វើការក្នុងទីក្រុងនេះទាបជាងទីក្រុងនានាក្នុងប្រទេសអាល្លឺម៉ង់។

10ទីក្រុងប្រ៊ុចសែល ប្រទេសបែលហ្សិក

មនុស្សក្នុងទីក្រុងនេះ ធ្វើការ៣៣.០២ម៉ោងក្នុងមួយសប្ដាហ៍ និងត្រឹមតែ១,៧១៧ ម៉ោងក្នុងមួយឆ្នាំ។ ទោះបីជាទីក្រុងនេះមានថ្ងៃសម្រាកតិចជាងគេក្នុងចំណោមទីក្រុង១៣នេះក៏ដោយ ក៏អ្នកធ្វើការនៅក្នុងទីក្រុងនេះ នៅតែតុល្យភាពរវាងជីវិត និងការងារ។

9ទីក្រុងVilnius ប្រទេសលីទុយអានី

មនុស្សក្នុងទីក្រុងនេះ ធ្វើការ៣៣ម៉ោងក្នុងមួយសប្ដាហ៍ ពោលគឺតិចជាង៧ម៉ោងក្នុងមួយថ្ងៃ និងតិចជាង៥ថ្ងៃក្នុងមួយសប្ដាហ៍ ដែលធ្វើឲ្យមនុស្សក្នុងទីក្រុងនេះទទួលបានតុល្យភាពយ៉ាងល្អរវាងជីវិតពេលទំនេរ និងការងាររបស់ពួកគេ។

8ទីក្រុងលុចហ្សំបួរ ប្រទេសលុចហ្សំបួរ

មនុស្សក្នុងទីក្រុងនេះ ធ្វើការ៣២.៧៥ម៉ោងក្នុងមួយសប្ដាហ៍ ដោយក្នុងនោះអ្នកធ្វើការហាក់ដូចជាធូរស្រាលពីការងារដែលពួកគេធ្វើ ដោយចំណាយពេលធ្វើការត្រឹមតែ១,៧០៣ម៉ោងក្នុងមួយឆ្នាំ និងមានថ្ងៃសម្រាក៣១ថ្ងៃក្នុងមួយឆ្នាំ។

7ទីក្រុងCopenhagen ប្រទេសដាណឺម៉ាក

មនុស្សក្នុងទីក្រុងនេះ ធ្វើការ៣២.៦៤ម៉ោងក្នុងមួយសប្ដាហ៍ ហើយជាទីក្រុងដែលប្រជាជនមានឥរិយាបថធូរស្រាលពីការងារ។ ជាមធ្យមប្រជាជនធ្វើការ១១.៤%តិចជាងចំនួនម៉ោងធ្វើការជាមធ្យមក្នុងពិភពលោក។

6ទីក្រុងMilan ប្រទេសអ៊ីតាលី

ប្រជាជនក្នុងទីក្រុងនេះធ្វើការត្រឹមតែ៣២.៥២ម៉ោងក្នុងមួយសប្ដាហ៍។ ប្រជាជនក្នុងទីក្រុងនេះ មានភាពធូរស្រាលខ្លាំងក្នុងការងារ ដោយធ្វើការក្នុងការិយាល័យប្រហែល១២% តិចជាងចំនួនម៉ោងធ្វើការជាមធ្យមក្នុងពិភពលោក។

5ទីក្រុងវីយ៉ែនណា ប្រទេសអូទ្រីស

មនុស្សក្នុងទីក្រុងនេះ ធ្វើការ៣២.២៧ម៉ោងក្នុងមួយសប្ដាហ៍ និងចំណាយពេលធ្វើការជាមធ្យម ១,៦៧៨ម៉ោងក្នុងមួយឆ្នាំ ព្រមទាំងថ្ងៃសម្រាកចំនួន២៧ថ្ងៃក្នុងមួយឆ្នាំ។

4ទីក្រុងHelsinki ប្រទេសហ្វាំងឡង់

មនុស្សក្នុងទីក្រុងនេះ ធ្វើការ៣១.៩១ម៉ោងក្នុងមួយសប្ដាហ៍ ពោលគឺតិចជាង៦ម៉ោងកន្លះក្នុងមួយថ្ងៃ និង៥ថ្ងៃក្នុងមួយសប្ដាហ៍។ ចំនួនម៉ោងដែលប្រជាជនក្នុងទីក្រុងនេះធ្វើការគឺតិចជាងចំនួនម៉ោងធ្វើការជាមធ្យមក្នុងពិភពលោកចំនួន១៤%។

3ទីក្រុងមូស្គូ ប្រទេសរុស្ស៊ី

មនុស្សក្នុងទីក្រុងនេះ ធ្វើការ៣១.៦៦ម៉ោងក្នុងមួយសប្ដាហ៍។ ប្រជាជនក្នុងរដ្ឋធានីនេះ ធ្វើការចំនួន១,៦៤៦ម៉ោងក្នុងមួយឆ្នាំ និងមានថ្ងៃសម្រាកចំនួន៣១ថ្ងៃ ក្នុងមួយឆ្នាំ។

2ទីក្រុងលីយ៉ុង ប្រទេសបារាំង

មនុស្សក្នុងទីក្រុងនេះ ធ្វើការ៣១.៣៦ម៉ោងក្នុងមួយសប្ដាហ៍។ ប្រជាជនក្នុងទីក្រុងមានលក្ខណៈល្អប្រសើរច្រើនខាងតុល្យភាពរវាងជីវិត និងការងារ ដោយពួកគេត្រូវធ្វើការត្រឹមតែ១,៦៣០ម៉ោងក្នុងមួយឆ្នាំ និងមានថ្ងៃសម្រាកជាមធ្យម២៨.៥ថ្ងៃក្នុងមួយឆ្នាំ។

1ទីក្រុងប៉ារីស ប្រទេសបារាំង

មនុស្សក្នុងទីក្រុងនេះ ធ្វើការ៣០.៨៤ម៉ោងក្នុងសប្ដាហ៍។ អ្នកទីក្រុងប៉ារីស គឺជាមនុស្សដែលងាយៗជាងគេ និងមានភាពធូរស្រាលចំពោះការងារ ដោយធ្វើការតិចជាង៣១ម៉ោងក្នុងសប្ដាហ៍ ឬ១,៦០៣.៨ម៉ោងក្នុងមួយឆ្នាំ ពោលគឺតិចជាងចំនួនម៉ោងធ្វើការជាមធ្យមរបស់ពិភពលោកចំនួន១៨%។
ប្រែសម្រួល៖ Sophany
ប្រភព៖

  • ទីក្រុង​ទាំង​១៣​ដែល​មាន​តុល្យភាព​រវាង​ជីវិត​និង​ការងារ​ល្អ​បំផុត​ក្នុង​ពិភពលោក​已关闭评论
  • 9 views
  • Hide Sidebar
    A+
Publish on:2016/10/17  Category:ជីវិតនិងសង្គម
Tags: