ទស្សនកិច្ច​បី​ប្រទេស​របស់លោក ស៊ី ជិន​ពីង នឹង​ជួយ​ដល់​ការកសាង «​ខ្សែក្រវ៉ាត់ និង​ផ្លូវ​» និពន្ធដោយ : People’s Daily       October-17-2016, 10:19 pm         470

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 086 654 846 - 012 722 108ទស្សនកិច្ច​បី​ប្រទេស​របស់លោក ស៊ី ជិន​ពីង នឹង​ជួយ​ដល់​ការកសាង «​ខ្សែក្រវ៉ាត់ និង​ផ្លូវ​»​បន្ទាប់ពី​ចាកចេញ​ពី​កម្ពុជា ប្រធានាធិបតី​ចិន ស៊ី ជិន​ពីង ក៏បាន​ហោះហើរ​តាម​យន្តហោះ Air China សំដៅទៅ​បង់​ក្លា​ដែ​ស ដែលជា​គោលដៅ​ទី​ពីរ​របស់លោក​។ កិច្ចព្រមព្រៀង​ផ្ដល់​កម្ចី​២៤​ពាន់​លាន​ដុល្លារ ត្រូវបាន​ចុះហត្ថលេខា មុន​ប្រធានាធិបតី​ចិន ចាកចេញ​ទៅកាន់​ទីក្រុង Goa ប្រទេស​ឥណ្ឌា ដើម្បី​ចូលរួម​កិច្ចប្រជុំ BRICS​។ ទស្សនកិច្ច​នេះ នឹង​ជួយ​ជំរុញ​ការកសាង «​ខ្សែក្រវ៉ាត់ និង​ផ្លូវ​» ក៏ដូចជា​កិច្ចសហប្រតិបត្តិការ​ស​មា​ជិ​ក BRICS ដែរ​។​

​ប្រធានាធិបតី​ចិន ស៊ី ជិន​ពីង បាន​ចាក​ចេញពី​រដ្ឋធានី​ប៉េកាំង ក្នុង​ទស្សនកិច្ច​បី​ប្រទេស កម្ពុជា បង់​ក្លា​ដែ​ស និង​ឥណ្ឌា ចាប់ពី​ថ្ងៃទី​១៣ ដល់​ថ្ងៃទី​១៧ ខែតុលា ដើម្បី​ពង្រឹង​ទំនាក់ទំនង​ទ្វេភាគី​។ ក្នុង​អត្ថបទ​អធិប្បាយ​របស់​សារព័ត៌មាន People’s Daily កម្ពុជា និង​ចិន គឺជា​អ្នកជិតខាង​ល្អ ស្មោះត្រង់ និង​មាន​ទំនាក់ទំនង​ល្អ​ដូចជា​បងប្អូន​។

​អត្ថបទ​ដដែល​នោះ​បន្ថែមថា កម្ពុជា តែងតែ​គាំទ្រ និង​ផ្ដល់​យុត្តិធម៌​ដល់​ចិន ជុំវិញ​បញ្ហា​ដែល​ប៉ះពាល់​ផលប្រយោជន៍​របស់​ចិន​។ ទស្សនកិច្ច​របស់លោក ស៊ី ជិន​ពីង គឺជា​ទស្សនកិច្ច​លើកទីមួយ​ក្នុងនាម​ជា​ប្រមុខរដ្ឋ​ចិន ចាប់តាំងពី​លោក​ចូលកាន់​តំណែង​ក្នុង​ឆ្នាំ​២០១២ មក​នោះ​។ កាលពី​ឆ្នាំ​២០០៩ លោក ស៊ី ក៏​ធ្លាប់​មកកាន់​កម្ពុជា​ដែរ ដែល​ពេលនោះ លោក​នៅ​ជា​អនុ​ប្រធានាធិបតី​នៅឡើយ​។​

​ដោយឡែក​ទស្សនកិច្ច​ប​ង់​ក្លា​ដែ​ស គឺជា​ទស្សនកិច្ច​លើកទីមួយ​របស់​ប្រធានាធិបតី​ចិន ក្នុង​រយៈពេល​៣០​ចុងក្រោយ​នេះ​។ ហើយ​ទស្សនកិច្ច​លើក​នេះ ជា​ដំណើរ​ទៅមុខ​មួយទៀត​នៃ​ទំនាក់ទំនង​ទ្វេភាគី​ចិន និង​បង់​ក្លា​ដែ​ស​។ អត្ថបទ​ដដែល​បញ្ជាក់​ថា ចាប់តាំងពី​ភ្ជាប់​ទំនាក់ទំនង​ការទូត​កាលពី​៤១​ឆ្នាំមុន ប្រទេស​ទាំងពីរ​ក្លាយជា មិត្ត​ភ​ក្កិ​ល្អ អ្នកជិតខាង​ល្អ និង​ជា​ដៃគូ​ល្អ ហើយ​ភាគី​តែង​ជួយ​គ្នា និង​គោរព​គ្នា​ទៅវិញទៅមក​។​

​អំឡុងពេល​នៃ​ទស្សនកិច្ច​នៅ​កម្ពុជា និង​បង់​ក្លា​ដែ​ស ប្រធានាធិបតី​ចិន បាន​ផ្លាស់ប្ដូរ​ទស្សនៈ និង​កិច្ចសហប្រតិបត្តិការ​ជាមួយ​មេដឹកនាំ​ទាំងពីរ​ប្រទេស ដើម្បី​ជំរុញ​គំនិត​ផ្ដួចផ្ដើម «​ខ្សែក្រវ៉ាត់ និង​ផ្លូវ​» ដែល​នោះ​ជាការ​បង្កើត​ទំព័រ​ថ្មី​នៃ​ការកសាង​ខ្សែក្រវ៉ាត់ និង​ផ្លូវ​ផងដែរ​។ ដោយ​សំដៅ​ដល់​ផ្លូវ​សូត្រ​សមុទ្រ​សតវត្សរ៍​ទី​២១ គំនិត​ផ្ដួចផ្ដើម​នេះ នឹង​ពឹង​ផ្អែកលើ​អាស៊ី ហើយ​ផ្ដល់​ប្រយោជន៍​ដល់​ទ្វីបអាស៊ី​ដែរ​។​

​ក្នុងនាម​ជា​ដៃគូ​ដ៏​សំខាន់ និង​ជា​អ្នកជិតខាង​ល្អ​របស់​ចិន កម្ពុជា និង​បង់​ក្លា​ដែ​ស បានបង្ហាញ​ឆ​ន្ទះ​ក្នុង​ការចូលរួម​ក្នុង​គំនិត​ផ្ដួចផ្ដើម «​ខ្សែក្រវ៉ាត់ និង​ផ្លូវ​»​។ ផ្លូវ​សូត្រ​សមុទ្រ​សតវត្សរ៍​ទី​២១ គឺជា​ផ្នែក​មួយ​នៃ​គំនិត​ផ្ដួចផ្ដើម​នេះ ដែល​ត្រូវបង្កើត​ដោយ​ប្រធានាធិបតី​ចិន អំឡុង​ទស្សនកិច្ច​នៅ​អាស៊ីអាគ្នេយ៍ កាលពី​បី​ឆ្នាំមុន​៕