ស្នេហា​ប្រេះឆា ព្រោះ​ប្រុស​រៀម​រ៉ា​មាន​ប្រពន្ធ​នឹង​កូន​ហើយ !

រាជធានី​ភ្នំពេញ ៖ គូស្នេហ៍​មួយគូ​បាន​ស្រឡាញ់​គ្នា​យ៉ាង​ប្ដូរផ្ដាច់ ប៉ុន្តែ​ខាង​ស្រី​ដែល​ជា​ស្រី​មេម៉ាយ​កូន​មួយ​នោះ មិន​បានដឹង​ថា​ប្រុស​កំពូល​ស្នេហ៍​មាន​ប្រពន្ធ និង​កូន​រួច​ទៅ​ហើយ​ទេ ហើយ​ក្រោយ​ពេល​ស្រឡាញ់​គ្នា បាន​រយៈពេល​ជាង​២​ឆ្នាំ ទើប​បែក​ការណ៍ ដឹង​ថា​ខាង​ប្រុស​មាន​ប្រពន្ធ និង​កូន ចំណែក​ប្រពន្ធ​កូន​របស់​បុរស​នោះ ក៏​បានដឹង​ថា​ប្ដី​របស់​ខ្លួន​លួចលាក់​ស្រឡាញ់​នាង​ម្នាក់​នោះ​ដែរ មិនតែប៉ុណ្ណោះ​ប្រពន្ធ​បាន​ព្រមាន​សុំ​ឲ្យ​នាង​ឈប់​ទាក់ទង​ប្ដី​របស់​ខ្លួន​ថែម​ទៀត​ផង​។ ដោយសារ​តែ​មាន​បញ្ហា​បែប​នេះ អាច​ប្រឈម​ទៅ​នឹង​គ្រោះថ្នាក់​ដល់​ខ្លួន​ព្រោះតែ​រឿង​ស្នេហា​ត្រីកោណ​នោះ ទើប​នាង​សម្រេចចិត្ត​ឈប់​ទាក់ទង​បុរស​នោះ​តទៅ​ទៀត និង​បាន​ដកខ្លួន​ចេញ ទាំង​ការ​ឈឺចាប់ ប៉ុន្តែ​ជា​ថ្នូរ​នឹង​សេចក្ដីសុខ​រៀងខ្លួន​។

បន្ទាប់​ពី​នាង​សុំ​បែក​ខាង​ប្រុស​មិន​បាន​យល់ព្រម​នោះ​ឡើយ និង​នៅ​តែ​តាម​សុំ​ស្នេហ៍​នាង រីឯ​នាង​ម្នាក់​នោះ បាន​ព្យាយាម​គេចវេស​រហូត​មិន​ព្រមយក​វិញ​ទេ លុះដល់​វេលា​ម៉ោង​៤​និង​៣០​នាទី ល្ងាច​ថ្ងៃ​ទី​១៧ ខែតុលា ឆ្នាំ​២០១៦ នៅ​ក្នុង​ខណៈ​ដែល​នាង​កំពុង​តែ​ដើរ​លេង​ជាមួយ​មិត្តភក្ដិ​២​នាក់​ទៀត នៅ​តាម​ផ្លូវ​ម្ដុំ មុខ​ខ្លោងទ្វារវត្ត​ពោធិ៍​ចិន​តុង ស្ថិត​ក្នុងភូមិ​ប៉ប្រក​ខាងជើង សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។ ស្រាប់តែ​បុរស​នោះ​បាន​ជិះ​ម៉ូតូ​១​គ្រឿង​ទៅ​ដល់​ឃើញ​ក៏​បាន​ហៅ​នាង​ឲ្យ​ត្រឡប់​ទៅ​ជាមួយ​ខ្លួន​វិញ និង​ឈប់​ឲ្យ​នាង​ដើរ​លេង​ជាមួយនឹង​មិត្តភក្ដិ​របស់​នាង​ទាំង​ពីរ​នាក់​នោះ​ទៀត ប៉ុន្តែ​នាង​មិន​ព្រម​ឡើយ ទើប​បង្ក​ឲ្យ​មាន​ទំនាស់​គ្នា​កើតឡើង​មួយ​ប្រាវ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​។

ជាមួយ​គ្នា​នោះ​ដែរ​កម្លាំង​នគរបាល ប៉ុស្ដិ៍​កា​កាប​បាន​ចុះ​ទៅ​អន្តរាគមន៍​បាន​ហៅ​អ្នក​ទាំង​ពីរ ទៅ​កាន់​ប៉ុស្ដិ៍​កា​កាប ដើម្បី​សួរនាំ​ឲ្យ​ដឹង​សាច់​រឿង និង​ធ្វើការ​អប់រំ​ពួក​គេ​។ នគរបាល​បាន​ឲ្យ​ដឹង​ថា គូ​ស្នហ៍​ខាងលើ​នោះ ខាង​ប្រុស​ឈ្មោះ ជួង ប៉ែ​ត អាយុ​៣០​ឆ្នាំ អះអាង​ថា​គាត់​ជា​អ្នក​សារព័ត៌មាន សំឡេង​ប្រជាជន មានស្រុក​កំណើត​នៅ​ក្នុងភូមិ​សំរោង ឃុំ​ត្រពាំង​ធំ ស្រុក​ត្រាំកក់ ខេត្តតាកែវ និង​ស្នាក់​នៅផ្ទះ​ជួល ក្នុងភូមិ​ត្រពាំង​ល្វា សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ ចំណែក​នាង​ជា​គូស្នេហ៍​នោះ​ឈ្មោះ ហ៊ឹ​ម ច​ន្ធូ អាយុ​២៨​ឆ្នាំ ជា​ស្រី​មេម៉ាយ​កូន​មួយ មានស្រុក​កំណើត​នៅ​ក្នុងភូមិ​ត្បាល់ ឃុំ​មាន​ជ័យ ស្រុក​ឈូក ខេត្តកំពត និង​ស្នាក់​នៅផ្ទះ​ជួល​ជាមួយ​គ្នា​។

ប្រភព​ដដែល​បាន​បន្ត​ថា អ្នក​ទាំង​ពីរ​នាក់​នោះ​មាន​ទំនាក់ទំនង​ស្នេហ៍​ជាមួយ​គ្មា​អស់​រយៈពេល​ជាង​២​ឆ្នាំ​កន្លង​មក​ហើយ ដោយ​ខាង​ប្រុស​មាន​ប្រពន្ធ និង​កូន​រួច​ទៅ​ហើយ ប៉ុន្តែ​នៅ​ពេល​ទាក់ទង​ស្រឡាញ់​គ្នា បុរស​នោះ​បាន​ប្រាប់​ថា ខ្លួន​អត់​មាន​ប្រពន្ធ​ទេ ទើប​នាង​ច​ន្ធូ​ព្រម​ស្រលាញ់​យ៉ាង​ស្ម័គ្រស្មោះ​អស់ពីដួងចិត្ត​។ លុះ​ស្នាក់​នៅ​រួមរស់​ជាមួយ​គ្នា ដូច​ប្ដី​ប្រពន្ធ​បាន​ជាង​២​ឆ្នាំ ទើប​បែកការ​ណ​ណ៍​ថា ប្រុស​បណ្ដូលចិត្ត មាន​ប្រពន្ធ​ថែម​ទាំង​កូន​ទៅ​ហើយ ដែល​បាន​ធ្វើ​ឲ្យ​នាង​ខកចិត្ត​យ៉ាង​ខ្លាំង មិន​គួរ​ចាញ់​ពាក្យលួងលោម​ផ្អែមល្ហែម​របស់​ប្រុស​ព្រាន​ឡើយ​។ ប្រភព​ខាងលើ​បាន​បន្ត​ថា មិនតែប៉ុណ្ណោះ​ប្រពន្ធដើម​របស់​បុរស​នោះ​ក៏​បានដឹង​ពី​ទំនាក់ទំនង​ស្នេហា របស់​ពួក​គេ​ដែរ ហើយ​បាន​ព្រមាន​សុំ​ឲ្យ​នាង​ឈប់​ទាក់ទង​ប្ដី​របស់​ខ្លួន​តទៅ​ទៀត ហើយដោយ​សារ​តែ​មាន​មូលហេតុ​បែប​នេះ​ហើយ ទើប​នាង​សម្រេចចិត្ត​ឈប់​ទាក់ទង​ជាមួយ​បុរស​នោះ​ទៀត ព្រោះ​ខ្លាច​មាន​គ្រោះថ្នាក់​ព្រោះតែ​ស្នេហា​ត្រីកោណ​បែប​នេះ​។

ដោយឡែក​បុរស​នោះ​ហាក់​មិន​ដាច់​អាល័យ​ជាមួយ​នាង​ឡើយ​និង​បាន​តាម​នាង​រហូត ប៉ុន្តែ​នាង​ដាច់ខាត​ឈប់​ត្រឹម​នឹង​តែ​ម្ដង លុះដល់​វេលា​កើតហេតុ​ខាងលើ នៅ​ក្នុង​ខណៈ​ដែល​នាង​កំពុង​ដើរ​លេង​ជាមួយ​មិត្តភក្ដិ​ពីរ​នាក់​ទៀត នៅ​តាម​ផ្លូវ​មុខ​ផ្សារ​ពោធិ៍​ចិន​តុង ស្រាប់តែ​បុរស​នោះ​បាន​ជិះ​ម៉ូតូ​ទៅ​ដល់​ឃើញ​បាន​ហាមឃាត់​មិន​ឲ្យ​នាង​ដើរ​លេង និង​បាន​ហៅ​ឲ្យ​ត្រឡប់​ទៅ​ផ្ទះ​ជាមួយ​ខ្លួន​វិញ​។ ប៉ុន្តែ​នាង​មិន​ទៅ​ទើប​បង្ក​ឲ្យ​មាន​ទំនាស់​គ្នា តាម​ដងផ្លូវ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល ដល់​អ្នកផង​ទាំងពួង ហើយ​កម្លាំង​នគរបាល បាន​ចុះ​ទៅ​កាន់​កន្លែង​កើតហេតុ នាំ​ពួក​គេ​ទៅ​កាន់​ប៉ុស្ដិ៍ ធ្វើការ​សាកសួរ និង​ឲ្យ​ធ្វើ​កិច្ចសន្យា​បញ្ចប់​វិវាទ ហើយ​ធ្វើការ​ចែកផ្លូវ​គ្នា ដោយ​បុរស​នោះ​សន្យា​ថា ឈប់​រករឿង និង​ប្រើ​អំពើ​ហិង្សា​ទៅ​លើ​នាង​នោះ​ទៀត​ហើយ​៕