រូបភាព​បង្ហាញ​ពី​«ភាព​គ្មាន​ជំនាញ»​របស់​សមាជិក ISIS

តើរូបភាពនេះ ជាការចំអក ឲ្យយុទ្ធជនស្ម័គ្រប្រយុទ្ធ ដើម្បីព្រះជាម្ចាស់ របស់ក្រុម​ភេរវនិយម​​រដ្ឋអ៊ីស្លាម​ឬ? ចំអក​​ឬ​មិន​ចំអក វា​ជា​រូបភាព ដែលថតផ្ទាល់ ដោយសមាជិកម្នាក់ របស់ក្រុមរដ្ឋអ៊ីស្លាមនេះខ្លួនឯង ហើយ​ត្រូវ​បាន​​បែក​ធ្លាយ មក​ដល់​សារព័ត៌មាន «Vice News» មុននឹងវាត្រូវផ្សព្វផ្សាយ បង្ហាញពីយុទ្ធសាស្ត្រ នៃ​ការ​ប្រយុទ្ធ (ដ៏គួរ​ឲ្យ​ហួស​ចិត្ត) របស់​សមាជិក​អង្គការ​ភេរវនិយម​មួយ​នេះ។
ទិដ្ឋភាពនៃភាព«គ្មានជំនាញ គ្មានយុទ្ធសាស្ត្រ» របស់កងកម្លាំងរបស់ក្រុមរដ្ឋអ៊ីស្លាម។

បើតាមសារព័ត៌មានបារាំង «Le Monde» បាននិយាយថា វីដេអូនេះ បង្ហាញពីទិដ្ឋភាព របស់កងកម្លាំង​របស់​ក្រុម រដ្ឋអ៊ីស្លាម (ពាក្យ​អារ៉ាប់​ហៅ Daech ពាក្យ​កាត់​​បារាំង​​ហៅ EI ពាក្យ​​កាត់​​​អង់គ្លេស​​​ហៅ ISIS) នៅ​ពេល​ចេញ​ទៅ​ច្បាំង ទល់នឹងកង​កម្លាំង​តស៊ូ​ជាតិ គួដ (Kurde) ស្ថិតនៅភាគខាងជើង នៃប្រទេស​អៀរ៉ាក់។ រីឯ​កម្លាំង ដែលត្រូវបញ្ជូន ទៅធ្វើការតតាំង​នោះទៀតសោធ ក៏មិនមានចំនួនច្រើនដែរ ដោយហេតុថា អង្គការ​ភេរវនិយម មិនចង់យក​កម្លាំងច្រើនហួស ទៅប្រឈមនឹង​ការវាយប្រហារ តាមផ្លូវអាកាស ពី​សំណាក់កង​កម្លាំង​សម្ព័ន្ធ​មិត្ត ដែល​ដឹកនាំ​​ដោយ​សហរដ្ឋ​អាមេរិក​នោះ​ទេ។

ប៉ុន្តែផ្ទុយទៅវិញ នៅក្នុងវីដេអូដដែលនេះ បានបង្ហាញពីភាពគ្មានជំនាញ គ្មានយុទ្ធសាស្ត្រ របស់​យុទ្ធជន​ស្ម័គ្រ​ប្រយុទ្ធ ដើម្បីព្រះអាឡាហ៍ (ហៅថា Djihad) ដែលខុសគ្នាឆ្ងាយ ដូចមេឃខុសពីដី ពីរូបភាពឃោសនា ដែល​ក្រុម​នេះ​តែង​បាន​ផ្សាយ ក្នុងពេលកន្លងមក។ គ្មានជំនាញ និងគ្មានយុទ្ធសាស្ត្រ ដែលធ្វើឲ្យពួកគេ ទទួល​បាន​លទ្ធផល​យ៉ាងអាក្រក់។ នៅទីបំផុត បន្ទាប់ពីរងការបាញ់ ដោយរ៉ុក្កែតប្រឆាំងរថពាសដែក ពីសំណាក់ក្រុម​អ្នក​តស៊ូ​ជាតិ គួដ នោះរួច ក្រុមយុទ្ធជនរបស់ក្រុមរដ្ឋអ៊ីស្លាមទាំងនេះ បានសម្រេច​ធ្វើការដកថយ។

សារព័ត៌មាន «Vice News» ដែលបានផ្សាយវីដេអូ​ចេញជាសាធារណៈ បានរាយការណ៍ដែរថា យុទ្ធជន​ម្ចាស់​កាមេរ៉ា ដែលបានពាក់ ចូលទៅផ្ដិតយក​រូបភាពខាងលើនេះ បានស្លាប់ហើយ តាំងពីការប្រយុទ្ធគ្នា នៅខែ​មីនា​កន្លង​ទៅ​ម្លេះ៕