លោក Ranieri៖ គ្មានការភ័យស្លន់ស្លោមុនពេលជួប Copenhagen ឡើយ

លោក Claudio Ranieri អ្នកចាត់ការទូទៅរបស់ក្រុម Leicester City បាននិយាយថា លោកមិនបារម្ភ ពីការធ្លាក់ចុះទម្រង់លេងរបស់ក្រុមម្ចាស់ជើងឯករបស់អង់គ្លេសមួយនេះឡើយ និងកំពុងតែជឿជាក់ថា ពួកគេនឹងវិលទៅកាន់ផ្លូវនៃជ័យជម្នះវិញ។

Raneiri-of-Leicester

គ្រូបង្វឹកសញ្ជាតិអ៊ីតាលីវ័យ៦៤ឆ្នាំរូបនេះ បានបញ្ជាក់ថា ក្រុមរបស់លោកកំពុងត្រៀមលក្ខណៈរួចរាល់ដើម្បីធ្វើជាម្ចាស់ផ្ទះទទួលក្រុមម្ចាស់ជើងឯករបស់ដាណឺម៉ាក Copenhagen ក្នុងការប្រកួតក្របខ័ណ្ឌ Champions League វគ្គចែកពូលនៅរាត្រីនេះ ក្រោយពីបានផ្តួលក្រុម Club Brugge និង Porto ក្នុងការប្រកួតបើកឆាកទាំងពីរលើករបស់ពួកគេ ដើម្បីឈរលេខ១ក្នុងពូល ជាបណ្តោះអាសន្ន។

ប៉ុន្តែ ក្រុម Leicester បានកត់ត្រាជ័យជម្នះត្រឹមតែ២លើកគត់ក្នុងចំណោមការប្រកួតក្របខ័ណ្ឌ Premier League ចំនួន៨លើក ហើយបច្ចុប្បន្ន កំពុងតែនាំមុខ២ពិន្ទុលើក្រុមស្ថិតក្នុងតំបន់កាត់ចោល ក្រោយពីបានរងបរាជ័យក្នុងលទ្ធផល ៣-០ នៅលើទឹកដីក្រុម Chelsea កាលពីថ្ងៃសៅរ៍។ វាមិនមែនជាការត្រៀមលក្ខណៈបានល្អសម្រាប់ការប្រកួតនៅរាត្រីនេះជាមួយនឹងក្រុម Copenhagen ឡើយ ដែលកំពុងតែឈរលេខ២ ដោយមាន៤ពិន្ទុពីការប្រកួតពីរលើកក្នុងពូល G។

លោក Ranieri បានឲ្យដឹងក្នុងសន្និសីទសារព័ត៌មានមួយថា៖ «ពេលខ្លះអ្នកអាចលេងបានយ៉ាងល្អ ហើយពេលខ្លះលេងមិនបានល្អឡើយ។ វាដូចទៅនឹងការប្រកួតលើទឹកដីក្រុម Manchester United ដែរ យើងលេងបានមិនល្អក្នុងតង់ទី១នៅ Chelsea ប៉ុន្តែ តង់ទី២យើងលេងបានយ៉ាងល្អ។ ខ្ញុំជឿជាក់លើក្រុមរបស់ខ្ញុំ»។ ស្របពេលជាមួយគ្នានេះ ក្រុម Copenhagen បានកម្តៅសាច់ដុំតាមរយៈការផ្តួលក្រុម Silkeborg ក្នុងការប្រកួតក្របខ័ណ្ឌដាណឺម៉ាក Superliga កាលពីថ្ងៃសៅរ៍ ប៉ុន្តែ ក្រុម Leicester មិនបានប្រើប្រាស់កីឡាករសំខាន់ៗដល់ទៅ៣នាក់ក្នុងការប្រកួតកាលពីចុងសប្តាហ៍ថ្មីៗនេះ។ ការប្រកួតនេះនឹងចាប់ផ្តើមនៅម៉ោង១:៤៥ទៀបភ្លឺ៕

The post លោក Ranieri៖ គ្មានការភ័យស្លន់ស្លោមុនពេលជួប Copenhagen ឡើយ appeared first on CamboSport.