Tottenham សម្លឹងរក៣ពិន្ទុនៅលើទឹកដី Leverkusen នារាត្រីនេះ

ក្រុម Tottenham Hotspur នឹងសម្លឹងរកការដណ្តើមឲ្យបាន៣ពិន្ទុ នៅពេលធ្វើដំណើរទៅកាន់អាល្លឺម៉ង់ ដើម្បីជួយជាមួយនឹងក្រុម Bayer Leverkusen ក្នុងការប្រកួតក្របខ័ណ្ឌ Champions League ក្នុងពូល E នៅរាត្រីនេះ។

tottenham

ការរងបរាជ័យក្នុងផ្ទះខ្លួនឯងរបស់ក្រុម Tottenham ក្រោមស្នាដៃក្រុម Monaco ក្នុងការប្រកួតបើកឆាក បានក្លាយជាឧបស័គ្គមួយក្នុងការប្រកួតពូលនេះ ដើម្បីធ្វើឲ្យទាំងក្រុមអង់គ្លេសមួយនេះ និង Leverkusen ស្ថិតក្រោមសម្ពាធក្នុងការឈានទៅប្រកួតក្នុង និងក្រៅដី។ ក្រម Spurs បានស្តារមុខមាត់វិញតាមរយៈការដណ្តើមបានជ័យជម្នះនៅលើទឹកដីក្រុម CSKA ក្នុងទីក្រុង Moscow និងជាក្រុមមិនស្គាល់ចាញ់សោះក្នុងការប្រកួតក្របខ័ណ្ឌ Premier League។ ក្រុម Tottenham បានកម្តៅសាច់ដុំសម្រាប់ការប្រកួតនេះ តាមរយៈការដណ្តើមបានលទ្ធផលស្មើ ១-១ នៅលើទឹកដីក្រុម West Brom កាលពីថ្ងៃសៅរ៍។

ដោយឡែក ក្រុម Leverkusen បានចាប់ផ្តើមយ៉ាងត្រដាបត្រដួសក្នុងក្របខ័ណ្ឌ Bundesliga នារដូវកាលនេះ និងកំពុងតែស្ថិតក្នុងចំណាត់ថ្នាក់ពាក់កណ្តាលតារាងផ្នែកខាងក្រោម។ ពួកគេក៏បានបញ្ចប់ក្នុងលទ្ធផលស្មើពីរប្រកួតដំបូងក្នុងពូលរបស់ពួកគេផងដែរ។ នៅមុនពេលរដូវកាលនេះចាប់ផ្តើម ក្រុមទាំងពីរសុទ្ធសឹងត្រូវបានចាត់ទុកថា ជាក្រុមមានប្រៀបក្នុងពូលនេះ ប៉ុន្តែ ក្រុមទាំងពីរត្រូវតែដណ្តើមឲ្យបានជ័យជម្នះយ៉ាងហោចណាស់២លើកជាប់ៗគ្នា បើមិនអ៊ីចឹងទេ ពួកគេត្រូវធ្វើការងារជាច្រើនក្នុងការប្រកួត២លើកចុងក្រោយរបស់ពួកគេ។ ក្រុម Leverkusen បានកម្តៅសាច់ដុំសម្រាប់ការប្រកួតនេះ ដោយការចាញ់ក្រុម Werder Bremen ក្នុងលទ្ធផល ២-១ កាលពីចុងសប្តាហ៍ថ្មីៗនេះ។ ក្រុមទាំងពីរធ្លាប់បានជួបគ្នា១លើកកាលពីឆ្នាំ២០០៦ ដោយកាលនោះក្រុម Spurs បានយកឈ្នះក្នុងលទ្ធផល ១-០។ ការប្រកួតនេះនឹងចាប់ផ្តើមនៅម៉ោង១:៤៥ទៀបភ្លឺ៕

The post Tottenham សម្លឹងរក៣ពិន្ទុនៅលើទឹកដី Leverkusen នារាត្រីនេះ appeared first on CamboSport.