Real សម្លឹងរកការរកគ្រាប់បាល់ឲ្យបានច្រើន ពេលប៉ះ Legia រាត្រីនេះ

ក្រុមយក្សរបស់អេស្ប៉ាញ Real Madrid នឹងសម្លឹងរកការដណ្តើមឲ្យបានជ័យជម្នះមួយផ្សេងទៀត និងការរកគ្រាប់បាល់បញ្ចូលទីឲ្យបានច្រើននៅពេលដែលធ្វើជាម្ចាស់ផ្ទះទទួលក្រុម Legia Warsaw ក្នុងការប្រកួតក្របខ័ណ្ឌ Champions League វគ្គចែកពូល នាកីឡដ្ឋាន Bernabeu នារាត្រីនេះ។

Real-Madrid

Legia ដែលជាក្រុមរបស់ប៉ូឡូញដំបូងគេ ក្នុងការឈានទៅប្រកួតក្នុងវគ្គនេះក្នុងរយៈពេល២០ឆ្នាំនោះ បានបណ្តោយឲ្យមានគ្រាប់បាល់បញ្ចូលទីដល់ទៅ៨គ្រាប់ក្នុងការប្រកួតបើកឆាកពីរលើកដំបូងក្នុងពូលរបស់ពួកគេ ហេតុនេះ បើ Real មិនអាចរកគ្រាប់បាល់ឲ្យបានច្រើនទេនោះ វានឹងក្លាយជារឿងដ៏គួរឲ្យភ្ញាក់ផ្អើលមួយ។ Real Madrid បានកម្តៅសាច់ដុំសម្រាប់ការប្រកួតនេះ តាមរយៈការកត់ត្រាជ័យជម្នះ ៦-១ លើក្រុម Real Betis ដែលជាក្រុមខ្លាំងជាង Legia ទៅទៀត។

លោក Zinedine Zidane គ្រូបង្វឹករបស់ក្រុម Real បានកោតសរសើរកីឡាកររបស់លោកសម្រាប់ការបង្ហាញពីទម្រង់លេងយ៉ាងរឹងមាំក្នុងការប្រកួតកាលពីថ្ងៃសៅរ៍ ហើយការបង្ហាញពីទម្រង់លេងដ៏រឹងមាំនេះម្តងទៀត នឹងផ្តល់នូវការខកចិត្តដ៏ធំមួយដល់ក្រុម Legia ដែលបានរងបរាជ័យក្នុងលទ្ធផល ៦-០ ក្នុងផ្ទះខ្លួនឯងក្រោមស្នាដៃក្រុម Dortmund។ ក្រុម Legia នឹងឈានទៅកាន់ការប្រកួតនេះ ដោយការជឿជាក់យ៉ាងស្តួចស្តើង ក្រោយពីបានរងបរាជ័យក្នុងលទ្ធផល ៣-២ នៅលើទឹកដីក្រុម Pogon Szczecin ក្នុងការប្រកួតក្របខ័ណ្ឌប៉ូឡូញ Ekstraklasa កាលពីថ្ងៃសៅរ៍។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺថា ក្រុមរបស់ប៉ូឡូញមួយនេះ មិនស្គាល់ឈ្នះសោះពីការប្រកួតក្រៅដី៤លើកចុងក្រោយរបស់ពួកគេ។ ការប្រកួតនេះនឹងចាប់ផ្តើមនៅម៉ោង១:៤៥ទៀបភ្លឺ៕

The post Real សម្លឹងរកការរកគ្រាប់បាល់ឲ្យបានច្រើន ពេលប៉ះ Legia រាត្រីនេះ appeared first on CamboSport.