លោក សេក បរិសុទ្ធ នាយកអង្គការ AEA និង អតីតនាយកសាលាសារព័ត៌មាន CCI ស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍

6 Videos


ពិតជាគួរឲ្យតក់ស្លុត និង សោកស្តាយបំផុត ដែលលោក សេក បរិសុទ្ធ អ្នកកាសែតចាស់វស្សា និង ធ្លាប់ធ្វើជានាយកសាលាពត៌មានដ៏ល្បី ហើយបច្ចុប្បន្នជានាយកអង្គការ AEA បានជួបគ្រោះថ្នាក់ចរាចរណ៍នៅខេត្តក្រចេះ បណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ។

លោក សេក បរិសុទ្ធ នាយកអង្គការ AEA និង អតីតនាយកសាលាសារព័ត៌មាន CCI ស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍

លោក សេក បរិសុទ្ធ មាន អាយុជាង ៥០ ឆ្នាំ បានជួបគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្ត នៅក្នុងទឹកដីស្រុកសំបូរ ខេត្តក្រចេះ នៅរសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៦នេះ រហូតបាត់បង់ជីវិត។ដោយលោកបាន រួមដំណើរជាមួយបុគ្គលិក២នាក់ទៀត ខណៈពេលកំពុងធ្វើដំណើរទៅបំពេញបេសកកម្មការងារនៅខេត្តរតនគិរី ពេលនោះលោកបានអង្គុយខាងមុខជាប់តៃកុងស្រាប់តែដល់ស្រុកសំបូរ ខេត្តក្រចេះ ក៏ជួបគ្រោះអកុសលនេះតែម្តង ។

លោក សេក បរិសុទ្ធ នាយកអង្គការ AEA និង អតីតនាយកសាលាសារព័ត៌មាន CCI ស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍

អធិការនគរបាលស្រុកសំបូរ ខេត្តក្រចេះ បានបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង ៣:៣៥ នាទីថ្ងៃទី ១៦ ខែតុលា ឆ្នាំ ២០១៦ នេះ ស្ថិតនៅចំណុចអូរកណ្តៀរភូមិអូរព្រះ ឃុំអូរគ្រៀង ស្រុកសំបូរផ្លូវជាតិលេខ៧ ក្រចេះ-ស្ទឹងត្រែង។គ្រោះថ្នាក់ចរាចរណ៍នេះគឺបង្កដោយខ្លួនឯង នៅពេលរថយន្តម៉ាកហ្វតពណ៌មាសពាក់ស្លាកលេខOMG442002របស់អង្គការAEAធ្វើដំណើរពីទិសខាងត្បូងទៅជើង លុះដល់ចំណុចកើតហេតុគេចក្មេងរត់ឆ្លងកាត់ផ្លូវបណ្តាលអោយក្រឡាប់រថយន្ត បណ្តាលឲ្យលោក សេក បរិសុទ្ធ ដែលអង្គុយនៅខាងមុខ ជាប់ជាមួយតៃកុង គៀបជាប់ជាមួយរថយន្ត ស្លាប់ភ្លាមៗនៅនឹងកន្លែងតែម្តង។ឯ២នាក់ផ្សេងទៀត បានរងរបួសធ្ងន់ក្នុងនោះមានស្រីម្នាក់អង្គុយខាងក្រោយផងដែរ ។

លោក សេក បរិសុទ្ធ នាយកអង្គការ AEA និង អតីតនាយកសាលាសារព័ត៌មាន CCI ស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍

លោកឧត្តមសេនីយ៍ត្រី លន់ សុផាត ស្នងការនគរបាលខេត្តក្រចេះ បានបញ្ជាក់ថា ក្រោយពេលកើតហេតុភ្លាមៗ លោកបានបញ្ជាឲ្យកម្លាំងនគរបាលទាំងថ្នាក់ស្នងការ ថ្នាក់អធិការ និងមូលដ្ឋានចុះទៅជួយអន្តរាគមន៍ ដោយជួយបញ្ជូនជនរងគ្រោះដែលរងរបួសទៅមន្ទីរពេទ្យ ហើយជួយរក្សា និងទុកដាក់សព ដើម្បីរង់ចាំក្រុមគ្រួសារមកទទួលយក។សូមបញ្ជាក់ថា លោក សេក បរិសុទ្ធ បច្ចុប្បន្នគឺជាគ្រូបង្រៀនអ្នកសារព័ត៌មាននៅសកលវិទ្យាល័យភូមិន្ទភ្នំពេញផងដែរ ៕ សុថាត់