ខឹង​ម្តាយ​ស្តីបន្ទោស​កុំអោយ​យក​ម៉ូតូ​ជិះ​ពេល​ស្រវឹង រត់​ចងក​សម្លាប់​ខ្លួន

ខឹង​ម្តាយ​ស្តីបន្ទោស​កុំអោយ​យក​ម៉ូតូ​ជិះ​ពេល​ស្រវឹង រត់​ចងក​សម្លាប់​ខ្លួន



កំពង់ឆ្នាំង​: យុវជន​ម្នាក់​បាន​ធ្វើ​អត្តឃាត​ខ្លួនឯង​ដោយ​យក​ខ្សែ​នីឡុង​មក​ចងក​ទៅ​នឹង​មែកឈើ​ក្នុង​ដីស្រែ​របស់​ខ្លួន ។ ហេតុការណ៍​ភ្ញាក់ផ្អើល​នេះ​បាន​កើតឡើង​កាលពី​រសៀល​ថ្ងៃ​ទី​១៧​ខែតុលា ឆ្នាំ​២០១៦ នៅ​ភូមិ​អូរ​កណ្តោល ឃុំ​ជ្រៃ​បាក់ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង ។

សមត្ថកិច្ច​បានអោយ​ដឹង​ថា យុវជន​ដែល​ធ្វើ​អត្តឃាត​ខ្លួនឯង​ដោយ​ចងក នេះ​មានឈ្មោះ​សោម វ៉ុ​ន អាយុ​២០​ឆ្នាំ រស់នៅ​ក្នុងភូមិ​ឃុំ​កើតហេតុ​ខាងលើ ។

សមត្ថកិច្ច​បានអោយ​ដឹង​ថា មុន​ថ្ងៃ​កើតហេតុ​មួយ​ថ្ងៃ គឺ​ល្ងាច​ថ្ងៃ​ទី​១៦ ខែតុលា ឆ្នាំ​២០១៦ យុវជន​សោម វ៉ុ​ន បាន​ផឹក​ស្រវឹង ហើយ​ម្តាយ​បាន​ប្រាប់​ថា កុំ​យក​ម៉ូតូ​ជិះ ប្រយ័ត្ន​ដួល ក្រោយ​ពី​ម្តាយ​ស្តីអោយ​ប៉ុណ្ណឹង​ក៍​ច្រឡោត វាយ​របស់របរ​ក្នុងផ្ទះ​បែក​ចាន ឆ្នាំង និង​ប៉ាន់តែ រួច​កាន់​ខ្សែ​ដើរ​ចេញពីផ្ទះ​បាត់ ។ បន្ទាប់​ពី​ចេញពីផ្ទះ​បាត់​មិនឃើញ​មក​វិញ​បងប្អូន​នាំ​គ្នា​ដើរ​រក​តាំងពី​ល្ងាច​ថ្ងៃ​ទី​១៧ តុលា​ម្ល៉េះ តែ​រក​មិនឃើញ​។ លុះ​វេលា​ម៉ោង​២​រសៀល ថ្ងៃ​ទី​១៧​ខែតុលា ក៍​ប្រទះ​ឃើញ​សព​យុវជន​រូប​នេះ​បាន​ចងក​ស្លាប់​បាត់​ទៅ​ហើយ ។ រួច​បាន​រាយការណ៍​ទៅ​សមត្ថកិច្ច អោយមក​ពិនិត្យ​កន្លែង​កើត​ហេតុតែ​ម្តង ។

សមត្ថកិច្ច​បាន​ធ្វើការ​សន្និដ្ឋាន​ថា យុវជន​រូប​នេះ​ពិតជា​បាន​ធ្វើ​អត្តឃាត​សម្លាប់​ខ្លួនឯង​ពិតប្រាកដ​មែន ក្រោយ​ពី​ធ្វើ​កោសល្យ​វិ​ច្ច័​យ​រួច ទើប​ប្រគល់​សាកសព​អោយទៅ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​តែ​ម្តង​៕