ម្ចាស់ផ្ទះ​រវល់​ទៅ​មើល​ពិធី​ប្រណាំងទូក​នៅ​ក្រុង​បាត់ដំបង ​ភ្លើង​ឆេះ​ផ្ទះហ្មត់

ខេត្តបាត់ដំបង ៖ អគ្គិភ័យ​ដែល​គេ​សង្ស័យ​ថា បណ្ដាល​មក​ពី​ការ​ទុ​ស្សេ​ចរន្តអគ្គិសនី ឬ​ដោយសារ​ភ្លើងទៀន​-​ធូប បាន​ឆេះ​ផ្ទះ​អស់​ចំនួន​៣​ល្វែង កាលពី​វេលា​ម៉ោង​៩​និង​១០​នាទី​យប់​ថ្ងៃ​ទី​១៦​តុលា នៅ​ភូមិប​វេ​ល​១ ឃុំ​ប​វេ​ល ស្រុក​ប​វេ​ល ខណៈ​ម្ចាស់ផ្ទះ​រវល់​នាំ​គ្នា​ទៅ​មើល​ពិធី​ប្រណាំងទូក​នៅ​ក្រុង​បាត់ដំបង ។

មន្ត្រី​នគរបាល​ស្រុក​ប​វេ​ល​ឲ្យ​ដឹង​ថា អគ្គិភ័យ​នោះ​បាន​ផ្ដើម​ចេញពីផ្ទះ​លក់​គ្រឿងទេស​និង​លក់​ថ្នាំពេទ្យ​របស់​ឈ្មោះ អ៊ួ​ច សា​រ៉េ​ត ហៅ​គ្រូរ៉េ​ត អាយុ​៤៧​ឆ្នាំ រហូត​ឆេះ​រាលដាល​ដល់​ផ្ទះ​អ្នក​នៅ​ក្បែរ​ខាង ។ មន្ត្រី​ដដែល​បន្ត​ថា ផ្ទះ​លោកគ្រូ​រ៉េ​ត មាន​២​ល្វែង​រាប់​ទាំង​ផ្ទះ​កូន​របស់​គាត់​ផង ដែល​ធ្វើ​អំពី​ឈើ​ប្រក់​ស័ង្កសី និង​មានមុខ​របរ​លក់​គ្រឿងទេស​និង​ថ្នាំពេទ្យ ។ អគ្គិភ័យ​បាន​ចាប់ផ្ដើម​ឡើង​នៅ​ចំ​កណ្ដាល​ផ្ទះ​របស់​គាត់ ដែល​គេ​សង្ស័យ​ថា អាច​បណ្ដាល​មក​ពី​ការ​ទុ​ស្សេ​ខ្សែភ្លើង ឬ​ភ្លើងទៀន​-​ធូប​ដែល​គាត់​ដុត​ទុក​ចោល ព្រោះ​ថ្ងៃ​នោះ​ជា​ថ្ងៃសីល តែ​ម្ចាស់ផ្ទះ​បាន​បិទទ្វារ​ទុក​ចោល​រួច​នាំ​គ្នា​ទៅ​មើល​ការ​ប្រណាំងទូក​នៅ​ក្រុង​បាត់ដំបង លុះ​ដឹង​ថា មាន​អគ្គិភ័យ​កើតឡើង​ទើប​នាំ​គ្នា​ត្រឡប់​មក​ផ្ទះ​វិញ​ទាំង​យប់ ។

សាក្សី​នានា​បាន​និយាយ​ថា ដំបូង​គេ​ឃើញ​អណ្ដាតភ្លើង​បាន​ចាប់ផ្ដើម​ពី​ចំណុចកណ្ដាល​នៃ​ផ្ទះ​ជន​រង​គ្រោះ ហើយ​បាន​ឆេះ​រាលដាល​ភ្លាម​ៗ​តែ​ម្ដង ។ អ្នក​ភូមិ​បាន​ព្យាយាម​ជួយ​ជះ​ទឹក​ពន្លត់​ភ្លាម​ៗ​ដែរ ខណៈ​ម្ចាស់ផ្ទះ​កំពុង​សប្បាយ​ក្នុង​ពិធី​ប្រណាំងទូក​នៅ​ក្នុង​ក្រុង​បាត់ដំបង​ប៉ុន្តែ​មិន​អាច​បន្ថយឥទ្ធិពល​ភ្លើង​បាន​ឡើយ ។ លុះ​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​សមត្ថកិច្ច​មក​ដល់​ទើប​គ្រប់គ្រង​បាន តែ​អគ្គិភ័យ​បាន​លេប​ត្របាក់​ផ្ទះ​២​ខ្នង​ទាំងស្រុង​ទៅ​ហើយ រីឯ​១​ខ្នង​ទៀត​ឆេះ​អស់​ជញ្ជាំង​មួយ​ចំហៀង ។

លោក សូរ សិន នាយ​ផ្នែក​បង្ការ និង​ពន្លត់​អគ្គិភ័យ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ប​វេ​ល​បាន​ប្រាប់​តាម​ទូរស័ព្ទ​ថា ផ្ទះ​២​ល្វែង​របស់​ឈ្មោះ​អ៊ួ​ច សា​រ៉េ​ត ហៅ​គ្រូ​រ៉េ​ត ដែល​មាន​លក់​គ្រឿងទេស និង​ថ្នាំពេទ្យ ត្រូវ​អគ្គិភ័យ​ឆេះ​អស់ទាំង​ស្រុង​ទាំង​ផ្ទះ​ទាំង​អីវ៉ាន់ រីឯ​១​ល្វែង​ទៀត​ឆេះ​អស់​ជញ្ជាំង​មួយ​ចំហៀង ។ លោក សូរ សិន បន្ត​ថា គេ​មិន​ទាន់​ដឹង​អំពី​មូលហេតុ​ជាក់លាក់ ដែល​នាំ​ឲ្យ​មាន​អគ្គិភ័យ​កើតឡើង​នៅឡើយទេ ។ ប៉ុន្តែ​ម្ចាស់ផ្ទះ​អះអាង​ថា អាច​បណ្ដាល​មក​ពី​ការ​ទុ​ស្សេ​ចរន្តអគ្គិសនី  រីឯ​អ្នក​ភូមិ​ខ្លះ​សន្និដ្ឋាន​ថា អាច​បណ្ដាល​មក​ពី​ភ្លើង​ធូប ឬ​ទៀន ដែល​ម្ចាស់ផ្ទះ​ដុត​ទុក​ចោល មុន​ពេល​នាំ​គ្នា​ចេញ​ទៅ​មើល​ពិធី​ប្រណាំងទូក​នៅ​ក្រុង​បាត់ដំបង ។

ទោះជា​បែប​ណា គេ​នៅ​មិន​ទាន់​ដឹង​អំពី​ទំហំ​នៃ​ការ​ខាតបង់​ទឹកប្រាក់​នៅឡើយ​ទេ ព្រោះ​មន្ត្រី​ជំនាញ​កំពុង​សួរនាំ​ម្ចាស់ផ្ទះ និង​កំពុងធ្វើការ​ស្រាវជ្រាវ​អំពី​មូលហេតុ​ដែល​នាំ​ឲ្យ​មាន​អគ្គិភ័យ​នេះ​កើតឡើង ។  សមត្ថកិច្ច និង​មតិ​នានា​បាន​លើក​ឡើង​ថា ម្ចាស់ផ្ទះ​បង្កហេតុ​អាច​ប្រឈម​នឹង​ការ​បង់ថ្លៃ​សំណង​ដល់​ម្ចាស់ផ្ទះ​ដែល​រង​ការ​ខូចខាត​នៅ​ក្បែរ​នោះ ប្រសិនបើ​រក​ឃើញ​ថា ផ្ទះ​ផ្ដើម​ហេតុ​នោះ បង្ក​ឡើង​ដោយសារ​ឥទ្ធិពល​ភ្លើង​ធូប ឬ​ភ្លើងទៀន​ដែល​ម្ចាស់ផ្ទះ​ដុត​ទុក​ចោល តែ​មន្ត្រី​ជំនាញ​កំពុងធ្វើការ​ស្រាវជ្រាវ​លើ​ករណី​នេះ​ហើយ ៕