ហ្វី​ហ្វី ព្រមាន​ប្តឹង​បុរស​ម្នាក់​ប្រើ​ពាក្យ​អសុរោះ​ដាក់​នាង

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​និយម សម្ញែង​ភាព​សិច​ស៊ី​កញ្ញា​ហ្វី​ហ្វី បាន​ព្រមាន​ចាត់ការ​បុរស​ម្នាក់​តាម​ផ្លូវច្បាប់ បន្ទាប់​ពី​ផ្ទុះ​ជម្លោះ​ជាមួយ​គ្នា​តាម​ហ្វេ​ស​ប៊ុ​កមក ។

ការ​ព្រមាន​របស់​តារា​សម្តែង​ហ្វី​ហ្វី កាលពី​ពេលថ្មី​ៗ​កន្លង​មក បន្ទាប់​ពី​ម្ចាស់​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ សេង ហុង​ស៊ី​ន បន្ត​បង្ហោះ​សារ​ជេរ​ប្រមាថ​រូប​នាង ។

ហ្វី​ហ្វី បាន​ចាត់​ទុក​ជន​នោះ​មិន​សក្តិ​សមជា​មនុស្ស​ប្រុស ព្រោះ​ជេរ​ប្រមាថ​មនុស្ស​ស្រី ខណៈ​នាង និង​គេ​មិន​ស្គាល់គ្នា​ពី​មុន​ទេ ។

តារា​សម្តែង​នាង​ហ្វី​ហ្វី បាន​ចេញ​វី​ដេ​អូ​ឃ្លី​ប​មួយ​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក​បកស្រាយ​រឿង​នោះ​ថា ពី​ដំបូង​បុរស​ម្នាក់​នោះ​បាន​ឆាត​មក​រក​នាង​ជា​ច្រើន​ដង ប៉ុន្តែ​នាង​មិន​ដែល​ឆ្លើយ​តប​ទៅ​វិញ​ឡើយ តែ​នៅ​ថ្ងៃមួយ​នាង​បាន​ឆ្លើយ​តប​ទៅ​វិញ​ដោយ​សរសេរ​សួរ​ថា «​មានការ​អ្វី0x017d7​»​។ ក្រោយមក​បុរស​ម្នាក់​នោះ​ឆ្លើយ​តប​មក​វិញ​ដោយ​ពាក្យ​សម្តី​អសុរោះ «what the Fuck​ឬ​Wtf» ហើយ​នាង​ក៏​សរសេរ​ជេរ​ទៅ​កាន់​បុរស​ម្នាក់​នោះ​វិញ រួច​ហើយ​បាន Block ចោល​តែ​ម្តង ។

ត្រង់​ចំណុច​នេះ​ហ្វី​ហ្វី បញ្ជាក់​ថា «​តើ​បុរស​ម្នាក់​នោះ​ជា​មនុស្ស​បែប​ណា​ដែល​ជេរ​មនុស្ស​ស្រី​និង​បាន​បង្ហោះ​សារ​ជេរ​ប្រមាថ​នាង​ខ្ញុំ​ជា​ស្រី​ថោក​ថែម​ទៀត​នោះ ។ មាន​មនុស្ស​ប្រុស​ប៉ុន្មាន​នាក់​ដែល​ឆាត​ទៅ​មនុស្ស​ស្រី ហើយ​គេ​មិន​ឆ្លើយ​តប រួច​ជេរ​ប្រមាថ​គេ​ដូច្នេះ ហើយ​មាន​មនុស្ស​ស្រី​ប៉ុន្មាន​នាក់​ដែល​ត្រូវ​បាន​គេ​បង្ហោះ​ហើយ​ជេរ​បែប​នេះ​» ។

ហ្វី​ហ្វី បាន​ព្រមាន​បុរស​នោះ​ថា «​ត្រូវ​ចេញ​មុខ​សុំ​ទោស​នាង​ខ្ញុំ​ជា​សាធារណៈ ប្រសិនបើ​មិន​ព្រម​ទេ​នឹង​មានរឿង​ជាមួយ​នាង​ខ្ញុំ ហើយ​អាច​នឹង​កោះហៅ​គេ​ទៅ​តតាំង​ជាមួយ​នាង​ផង​ដែរ ។ នេះ​ជា​លើក​ទី​មួយ​ហើយ​ដែល​មនុស្ស​ប្រុស​ជេរ​ប្រមាថ​នាង​ខ្ញុំ ខណៈ​ពេល​នាង​ខ្ញុំ​មិនដឹង​ថា នាង​ខ្ញុំ​ធ្លាប់​មានរឿង​អ្វី​ជាមួយ​មនុស្ស​ម្នាក់​នោះ​ពី​ពេល​ណា​ដែរ ប៉ុន្តែ​សំខាន់​នាង​ខ្ញុំ​មិន​ខ្វល់​ថា​ជា​មនុស្ស​ប្រភេទ​ណា​ទេ​ខ្ញុំ ព្រោះ​ជា​ការ​ប្រមាថ​មួយ​ធ្ងន់​លើ​រូប​នាង​ខ្ញុំ ដូច្នេះ​បើ​មិន​ចេញ​សុំ​ទោស​ជា​សាធារណៈ​ទេ​នឹង​ត្រូវ​ប្រឈម​មុខ​តាម​ផ្លូវច្បាប់​» ។
តារា​សម្តែង​នាង​ហ្វី​ហ្វី ដែល​មានឈ្មោះ​ដើម​ថា ប៊ិ​ន បូ​ហ្វី បាន​វិ​វ​ឌ្ឍ​ខ្លួន​ចូល​ក្នុង​ពិភព​សម្តែង ពី​អ្នកចម្រៀង​នៅ​តាម​ភោជនីយដ្ឋាន ។ ហ្វី​ហ្វី លេច​ឈ្មោះ​ក្នុង​ពិភព​សិល្បៈ​បន្ទាប់​ពី​មានឱកាស​បាន​ចូល​សម្តែង​តាម​បទ​ចម្រៀង​ឱ្យ​ផលិតកម្ម​ផ្សេង​ៗ ។ នាង​កាន់តែ​លេចធ្លោ​ក្រោយ​ពេល បញ្ចេញ​សម្រស់​សិច​ស៊ី ។ ហ្វី​ហ្វី មាន​បងប្អូន​៦​នាក់ ក្នុង​នោះ​ប្រុស​ម្នាក់ ហើយ​នាង​ជា​កូន​បន្ទាប់​ពៅ មានស្រុក​កំណើត​នៅ​ខេត្តកណ្តាល ។ ហ្វី​ហ្វី មាន​ចំណង់​ចំណូលចិត្ត​ខាង​សិល្បៈ​តាំងពី​តូច​មក​ម្ល៉េះ ៕