គោ​ព្រៃ​កម្ពុជា​ត្រៀម​ជើង​ធ្វើ​ស៊ី​ក្រុម​ឱម៉ាល់​ព្រុយ​ណេ​នៅ​ល្ងាច​នេះ

រាជធានី​ភ្នំពេញ ៖ ក្រុម​គោព្រៃ​កម្ពុជា និង​ក្រុម​ឪម៉ាល់​ព្រុយ​ណេ​ដែល​រកបាន​៣​ពិន្ទុ​ដូច​គ្នា​នៅ​ថ្ងៃ​បើក​ឆាក​វគ្គ​ជម្រុះ​AFF Suzuki Cup 2016 កាលពី​ថ្ងៃ​ទី​១៥ តុលា កន្លង​មកនេះ នឹង​ត្រូវ​ជួប​គ្នា​នៅ​លើ​ទីលាន​ពហុ​កី​ឡដ្ឋា​ន​ជាតិ​អូ​ឡាំ​ពិ​ក​វេលា​ម៉ោង​៦​និង​៣០​នាទីល្ងាច​ថ្ងៃ​ទី​១៨ តុលា នេះ​ហើយ​។

យោង​តាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​ឱ្យ​ដឹង​កាលពី​ព្រឹក​ថ្ងៃ​ទី​១៧ តុលា ថា គិត​មក​ដល់​ពេល​នេះ​សំបុត្រ​ចូល​ទស្សនាការ​ប្រកួត​រវាង​ក្រុម​កម្ពុជា និង​ក្រុម​ព្រុយ​ណេ​បាន​លក់អស់ហើយ​សម្រាប់​កន្លែង​មាន​ដំបូលតម្លៃ​១០.០០០​រៀល​នៅ​សល់​តែ​កន្លែង​គ្មាន​ដំបូល​តម្លៃ​៥.០០០​រៀល​ប៉ុណ្ណោះ​។

មុន​ពេល​ជួប​គ្នា​នៅ​ថ្ងៃនេះ ក្រុម​កម្ពុជា​បាន​យកឈ្នះ​ក្រុម​ឡាវ​២-១ ចំណែក​ក្រុម​ព្រុយ​ណេ ក៏​បាន​យកឈ្នះ​ក្រុម​ទី​ម័​រ​ខាងកើត​២-១​ដូច​គ្នា​ដែរ ។ តាម​រយៈ​ជ័យជម្នះ​នេះ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ផ្ញើ​សារ​អបអរសាទរ​តាម​រយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​សម្តេច​ផង​ដែរ ។ ជាមួយ​គ្នា​នេះ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​បញ្ជាក់​ថា នឹង​ផ្តល់​ថវិកា​លើកទឹកចិត្ត​ចំនួន​៥​ម៉ឺន​ដុល្លារ​ក្នុង​ករណី​ដែល​ក្រុម​គោព្រៃ​កម្ពុជា​បន្ត​យកឈ្នះ​២​ប្រកួត​បន្ថែម​ទៀត ពេល​ជួប​ក្រុម​ព្រុយ​ណេ និង​ក្រុម​ទី​ម័​រ​ខាងកើត ។

សូម​បញ្ជាក់​ថា ក្នុង​វគ្គ​ជម្រុះ​បឋម​ឈាន​ទៅ​ដណ្តើម​ពានរង្វាន់​AFF SuzukiCup2016​ចាប់ពី​ថ្ងៃ​ទី​១៥ ដល់​ថ្ងៃ​ទី​២១​តុលា នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក​នេះ​មាន​ក្រុម ជម្រើស ជាតិ​៤​ចូលរួម​ប្រកួត គឺ​កម្ពុជា (​ម្ចាស់ផ្ទះ​) ទី​ម័​រ​ខាងកើត ព្រុយ​ណេ និង​ឡាវ ។ ក្រុម​ដែល​មាន​ចំណាត់ថ្នាក់​ល្អ​ជាងគេ​នឹង​បាន​ឡើង​ទៅ​លេង​ជាមួយ​ក្រុម​ជម្រើសជាតិ​៧​ផ្សេង​ទៀត​ក្នុង​តំបន់​អាស៊ាន​ដែល​កំពុង​រង់ចាំ​នៅ​វគ្គ​ចែក​ពូ​ល ។ ក្នុង​ចំណោម​ក្រុម​ទាំង​៤ ក្រុម​កម្ពុជា​ហាក់​មាន​សង្ឃឹម​ច្រើន​ជាងគេ​បន្ទាប់​ពី​បាន​ផ្ដួល​ក្រុម​ឡាវ​ដែល​ជា​ក្រុម​ខ្លាំង​ក្នុង​ចំណោម​២​ក្រុម​ទៀត ។ យោង​តាម​ប្រវត្តិ​ជួប​គ្នា​ចំនួន​៥​ប្រកួត​រវាង​ក្រុម​ទាំង​២​បង្ហាញ​ឱ្យ​ឃើញ​ថា ក្រុម​កម្ពុជា​ឈ្នះ​៣ ចាញ់​១ និង​ស្មើ​១ ៕