នគរបាល​ស្រុក​កោះធំ ឃាត់ខ្លួន​ជនសង្ស័យ ២​នាក់ ពី​បទ​លួច

នគរបាល​ស្រុក​កោះធំ ឃាត់ខ្លួន​ជនសង្ស័យ ២​នាក់ ពី​បទ​លួច



កណ្តាល​: នគរបាល​ស្រុក​កោះធំ បាន​ល្បាត​ក្នុងភូមិ​សាស្ត្រ ដើម្បី​ការពារ​សន្តិសុខ និង​ទប់ស្កាត់​រាល់​បទល្មើស​ផ្សេង​ៗ ឃាត់ខ្លួន​ជនសង្ស័យ ២ នាក់ ពី​បទ​លួច​ប្រទាក់​ឆ្កែ​អ្នក​ភូមិ​។ ករណី​នេះ បាន​កើតឡើង កាលពី​វេលា​ម៉ោង ១២​និង​៤០​នាទី រំលង​អធ្រាត្រ ចូល​ថ្ងៃ​ទី​១៧ តុលា នៅ​ភូមិ​ព្រែក​ធន់ ឃុំ​ព្រែក​ថ្មី ស្រុក​កោះធំ ខេ​ត្ក​កណ្ដាល ។

ជនសង្ស័យ ២ នាក់ ដែល​ឃាត់ខ្លួន ១-​ឈ្មោះ ប៉ូ ផាត (​ហៅ​កញ្ចាស់​) អាយុ ៣៥​ឆ្នាំ និង ២-​ឈ្មោះ ដូ​យ ផៃ អាយុ ២២ ឆ្នាំ ។ បុរស​ពីរ​នាក់​នេះ រស់នៅ​ភូមិ​ព្រែក​ថ្មី ឃុំ​ព្រែក​ថ្មី ស្រុក​កោះធំ ខេត្តកណ្ដាល និង​មានមុខ​របរ​មិន​ពិតប្រាកដ​ដូច​គ្នា​។

វត្ថុ​តាង​ចាប់​យក​បាន មាន​ឧបករណ៍​សំរាប់​ប្រទាក់​១​គ្រឿង ធ្វើ​ពី​ដង​ឫស្សី​ប្រវែង​២០០​ស​.​ម​. ខ្សែ​គោ​ចង​ជាប់​បណ្តោយ​ដង​ឫស្សី ពី​គល់​ទៅ​ចុង​ប្រវែង​២០០​សម​. ខ្សែ​ហ្វ្រាំង​កង់​ចង​ប្រទាក់ កង​ជា​រង្វង់​ប្រទាក់​ជាប់​នឹង​ខ្សែ​គោ រុំ​ជាមួយ​ដង​ឫស្សី​-​ម៉ូតូ ១​គ្រឿង ម៉ាក​ហុងដា C125 ស៊េរី​ឆ្នាំ ២០០៨ ពណ៌​ខ្មៅ បិត​ស្កុ​ត​ពណ៌​ទឹកប្រាក់ ឡើង​តែម ស៊េរី​២០១៤ ពាក់​ស្លាក​លេខ ភ្នំពេញ 1AV-0998 ។

មុន​ឃាត់ខ្លួន ជនសង្ស័យ​ទាំង ២ ខាងលើ កម្លាំង​នគរបាល​ស្រុក​កោះធំ បាន​ចុះ​ល្បាត​ក្នុងភូមិ​សាស្ត្រ ដែល​ខ្លួន​គ្រប់គ្រង ក៏​ប្រទះ​ឃើញ​មុខសញ្ញា​លួច​យ៉ាង​សកម្ម ២ នាក់ កំពុង​ជិះ​ម៉ូតូ​១​គ្រឿង ធ្វើ​សកម្មភាព​ប្រើ​ឧបករណ៍​ប្រទាក់​ឆ្កែ កំពុង​រៀប​ប្រទាក់​ឆ្កែ នៅ​ចំណុច​កើតហេតុ​ខាងលើ បាន​ឃាត់ខ្លួន​ជនសង្ស័យ ខាងលើ និង​វត្ថុ​តាង​បញ្ជូន​មក​កាន់​អធិការដ្ឋាន នគរបាល​ស្រុក ដើម្បី​សាកសួរ ។

តាម​ចម្លើយ​សារភាព របស់​ជនសង្ស័យ ឈ្មោះ ប៉ូ ផាត និង ដូ​យ ផៃ បាន​ឲ្យ​ដឹង​ថា​៖ ខ្លួន​ពិតជា បាន​ធ្វើ​សកម្មភាព​ជិៈ​ម៉ូតូ ដើរ​ទាក់​ឆ្កែ​តាម​ផ្លូវ ប្រាកដ​មែន ដោយ​ការ​ទាក់​នោះ គឺ​ទាក់​ជា​ប្រចាំ ព្រមទាំង​បាន​លួច​ផលដំណាំ របស់​អ្នក​ភូមិ ឃុំ ស្រុក​កោះធំ ជា​ប្រចាំ មិន​ថា​ផលដំណាំ​តូច ធំ ឬ ខ្ចី​ចាស់​នោះ​ទេ គឺ​លួច​ទាំងអស់ ។

ជន​ស​ង្ស​យ័​ទាំង ២​នាក់ ឃាត់ខ្លួន​នៅ​អធិការដ្ឋាន ដើម្បី​បន្ត​ចាត់ការ​តាម​នីតិវិធី ៕