នគរបាល​យុត្តិធម៌ ឃាត់ខ្លួន​បុរស​ម្នាក់ ពីបទ​បង្ក​ហិង្សា​ដោយ​ចេតនា​

នគរបាល​យុត្តិធម៌ ឃាត់ខ្លួន​បុរស​ម្នាក់ ពីបទ​បង្ក​ហិង្សា​ដោយ​ចេតនា​



កណ្តាល​: នគរបាល​យុត្តិធម៌ បាន​សហការ​ជាមួយ នគរបាល​ប៉ុស្តិ៍​ព្រែក​ប្រសប់ បាន​ចុះ​ស្រាវជ្រាវ និង​ឃាត់ខ្លួន​បុរស​ម្នាក់ ពី​បទ​បង្ក ហិង្សា​ដោយ​ចេតនា​។ ហេតុការណ៍​នេះ បាន​ធ្វើ​ឡើង កាលពី​ម៉ោង ៣ ទៀប​ភ្លឺ​ថ្ងៃ​ទី​១៧ តុលា នៅ​ភូមិ​ព្រះ​ប្រសប់ ឃុំ​ព្រះ​ប្រសប់  ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល ។

ជន​រង​គ្រោះ ឈ្មោះ​សាន ណេ​ន ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ មុខរបរ កសិករ នៅ​ភូមិ​ឃុំ​កើតហេតុ (​របួស​ភ្នែក​ខាងឆ្វេង ១ កន្លែង ហើម​ប៉ោង​)​។ ជនសង្ស័យ​ឈ្មោះ ឈាង ជាតិ ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរ កម្មករ​សំណង់ នៅ​ភូមិ​ឃុំ កើតហេតុ ។

មុន​ពេល​កើតហេតុ ជនសង្ស័យ​ផឹកស្រា​ស្រវឹង បាន​មក​ទាញ​ខ្សែ​មុង កូន​របស់​ជន​រង​គ្រោះ កំពុង​ដេក​។ ជន​រង​គ្រោះ​ស្តីបន្ទោស ក៍​មាន​ទំនាស់​ពាក្យ​សំដី​នឹង​គ្នា ពេល​នោះ ជនសង្ស័យ បាន​ស្ទុះ​ទៅ​ដាល់​ជន​រង​គ្រោះ ១ ដៃ ត្រូវ​ចំ​ភ្នែក​ខាងឆ្វេង បណ្តាល​ឲ្យ​ហើម​ប៉ោង បន្ទាប់​មក មានការ​ប្រវាយប្រតប់​គ្នា ដោយ​ជនសង្ស័យ បាន​ច្របាច់ក ជន​រង​គ្រោះ​ថែម​ទៀត ពេល​នោះ​បាន​ឈ្មោះ វន វុន ចូល​ឃាត់​បំបែក​ចេញពី​គ្នា ។ លុះដល់​ម៉ោង ៨ ព្រឹក​ថ្ងៃ​ទី​១៧ តុលា ដដែល ជន​រង​គ្រោះ បាន​មក​ដាក់​ពាក្យបណ្តឹង នៅ​ប៉ុស្តិ៍​ព្រះ​ប្រសប់ ។

កម្លាំង​ផ្នែក​នគរបាល​យុត្តិធម៌ សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍ ចុះ​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ បញ្ជូន​មក​អធិការ​ដ្នា​ន​នគរបាល​ស្រុក បន្ត​ចាត់ការ​តាម​នីតិវិធី ៕