គ្រោះ​ថ្នាក់​​ប្រើ​អ៊ីនធឺណិត WiFi ហាង​កាហ្វេ ទិញ​ទំនិញ​អនឡាញ

ការ​ប្រើ​អ៊ីនធឺណិត WiFi តាម​ហាង​កាហ្វេ ​ដើម្បី​បញ្ជា​ទិញ​ទំនិញ​អនឡាញ ដោយ​មិន​បាន​ប្រុងប្រយ័ត្ន​ជារឿង​គ្រោះ​ថ្នាក់​បំផុត។

 

គ្រោះ​ថ្នាក់​​ប្រើ​អ៊ីនធឺណិត WiFi ហាង​កាហ្វេ ទិញ​ទំនិញ​អនឡាញ

 

លោក ផាន់ណារិទ្ធ​អ្នក​ជំនាញ​ផ្នែក ICT អះអាង​ថា ទិន្នន័យ​ផ្ទាល់​ខ្លួន​របស់​អ្នក​ប្រើប្រាស់​អាច​នឹង​ត្រូវ​លួច​យក​គ្មាន​សល់ បើ​សិន​ពួកគេ​ចេះ​តែ​ភ្ជាប់ WiFi ​តាម​ហាង​កាហ្វេ​និង​ទីកន្លែង​ផ្សេងៗ​ ដោយ​មិន​បាន​ស្គាល់​ប្រភព WiFi ផ្ដល់​ឲ្យ​នោះ​ច្បាស់លាស់។

 

លោក បញ្ជាក់​ថា Hacker ខ្លះ​បាន​បង្កើត​និង​បន្លំ​ឈ្មោះ WiFi ហាង​កាហ្វេ​ដែល​អ្នក​ប្រើប្រាស់​បាន​ភ្ជាប់។ នៅ​ពេល​អ្នក​ប្រើ​ភ្ជាប់​ទៅ​នឹង WiFi ក្លែងក្លាយ ដើម្បី​បញ្ជា​ទិញ​ឥវ៉ាន់​អនឡាញ នោះ​ទូរសព្ទ​ឬ​កុំព្យូទ័រ​របស់​គេ​ត្រូវ​គ្រប់គ្រង​ដោយ​ងាយ​ពី​ពួក Hacker។

 

គ្រោះ​ថ្នាក់​​ប្រើ​អ៊ីនធឺណិត WiFi ហាង​កាហ្វេ ទិញ​ទំនិញ​អនឡាញ

វិធី​សាស្រ្ត MITM Attack

 

វិធីសាស្ត្រ​កាន់​តែ​ទំនើប​និង​គ្រោះ​ថ្នាក់​ជាង​នេះ ដែល Hacker ជំនាញៗ​តែង​ធ្វើ គឺ​ប្រើ​មធ្យោបាយ MITM Attack (Man-in-the-Middle Attack)។ វិធី​នេះ Hacker បាន​បន្លំ​ខ្លួន​និង​ជ្រៀត​ចូល​ក្នុង​ការ​សន្ទនា​រវាង​ភាគី​ចំនួន​ពីរ (A និង B) ដែល​កំពុង​តែ​ធ្វើ​ប្រតិបត្តិការ​សាច់​ប្រាក់ ដោយ​ភាគី​ទាំង​ពីរ​មិន​បាន​ដឹង​ខ្លួន។ ដូច្នេះ​ទិន្នន័យ​ដែល​ភាគី A និង B ផ្ញើ​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក នឹង​ត្រូវ​ទទួល​ដោយ Hacker ទាំង​ស្រុង។

 

អ្វី​ដែល​លោក ផាន់ណារិទ្ធ គិត​ថា​មាន​សុវត្ថិភាព​បំផុត​ពេល​ទិញ​ទំនិញ​អនឡាញ អ្នក​ប្រើប្រាស់​គួរ​ប្រើ​អ៊ីនធឺណិត​ទូរសព្ទ​ជាជាង​ប្រើ WiFi សាធារណៈ​តាម​ហាង​កាហ្វេ។ បើ​សិន​ក្នុង​ករណី​ប្រើ WiFi តាម​ហាង​ផ្សេងៗ គប្បី​បញ្ជាក់​ជាមួយ​ម្ចាស់​ហាង​ឲ្យ​បាន​ច្បាស់​ពី​ប្រភព WiFi ដាក់​ឲ្យ​ប្រើ​នោះ៕

 

អត្ថបទ៖ ប៉ែត ផាន់និត