លោក កឹម សុខា​ បួង​សួង​សុំឱ្យ​វិញ្ញាណក្ខន្ធ​អតីត​ព្រះ​មហាក្សត្រជួយ​​បង្រួប​បង្រួម​​​ជាតិ

នៅពិធីមួយដើម្បីរំឭកដល់ខួបគម្រប់៤ឆ្នាំចាប់តាំងពីការសោយទិវង្គតរបស់សម្ដេចឪ នរោត្តម សីហនុ កាលពីថ្ងៃសៅរ៍ លោក កឹម សុខា អនុប្រធានគណបក្សប្រឆាំងបានបួងសួងសុំឱ្យវិញ្ញាណក្ខន្ធព្រះមហាក្សត្រយាងមកកាន់ប្រទេសកម្ពុជា ហើយជួយបង្រួបបង្រួមប្រទេសជាតិ។ ទន្ទឹមនឹងនោះដែរ គ្រប់ក្រសួងស្ថាប័នរដ្ឋាភិបាលក៏បានរំឭកដល់ខួបនេះដែរដោយមានការដង្ហែនៅពេលព្រឹកយកកម្រងផ្កាទៅដាក់កន្លែងតម្កល់រូបសំណាកអតីតព្រះមហាក្សត្រ នរោត្តម សីហនុ ដែលស្ថិតនៅតាមបណ្ដោយមហាវិថីព្រះសីហនុ។ ការបួងសួងរបស់លោក កឹម សុខា សុំឱ្យវិញ្ញាណក្ខន្ធសម្ដេចឪជួយផ្សះផ្សាប្រទេស ជាតិនេះកើតឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីការព្យាយាមមិនបានសម្រេចរបស់គណបក្សសង្គ្រោះជាតិដើម្បីទទួលបានព្រះរាជទានលើកលែងទោសពីព្រះមហា ក្សត្រ នរោត្តម សីហមុនី ដល់សមាជិករបស់ខ្លួនដែលត្រូវបានកាត់ឱ្យជាប់ទោស និងជាប់ពន្ធនាគារ។ លោក កឹម សុខា បានមានប្រសាសន៍អំឡុងពិធីមួយតាមបែបព្រះពុទ្ធសាសនានៅទីស្នាក់ការកណ្ដាលគណបក្សសង្គ្រោះជាតិក្នុងរាជធានីភ្នំពេញថា ”ក្នុងនាមជាកូនចៅ ដែលធ្លាប់រស់នៅក្រោមការដឹកនាំរបស់ព្រះអង្គសូមឱ្យព្រះវិញ្ញាណក្ខន្ធព្រះអង្គដែលបានទៅសោយសុខក្នុងសុគតិភព ហើយ សុំបែរព្រះភក្ត្រ ព្រះវិញ្ញាណក្ខន្ធមកជួយដល់ប្រទេសជាតិយើង”។ លោកបានមានប្រសាសន៍ថា “ដូច្នេះថ្ងៃនេះ ទូលបង្គំយើងខ្ញុំទាំងអស់គ្នាសូមពិតទូលដល់វិញ្ញាណក្ខន្ធរបស់ព្រះអង្គថា ឥឡូវនេះខ្មែរមិនទាន់បានរួបរួមគ្នាស្រួលបួលទេ នៅតែមានការបែកបាក់គ្នា នៅតែមានការកាប់សម្លាប់គ្នា ឈ្នានីសគ្នា ធ្វើទុក្ខបុកម្នេញគ្នានៅឡើយ។ ដូច្នេះសូមឱ្យវិញ្ញាណក្ខន្ធព្រះអង្គដែលបានសោយសុគតិភពហើយ សុំឱ្យបារមីព្រះអង្គសណ្ឋិតក្នុងអ្នកនយោបាយខ្មែរទាំងឡាយដើម្បីឱ្យវិលមករកការឯកភាពជាតិ បង្រួបបង្រួមជាតិ ផ្សះផ្សាជាតិដើម្បីសេចក្តីសុខរបស់ខ្មែរយើងទាំងអស់គ្នា”។ លោក កឹម សុខា ត្រូវបានផ្ដន្ទាទោសកាល ពីខែមុនឱ្យជាប់ពន្ធនាគាររយៈពេល៥ខែ ពីបទបដិសេធក្នុងការចូលខ្លួនបំភ្លឺក្នុងតុលាការជុំវិញរឿងក្ដី “សញ្ចរកម្ម” ប្រឆាំងស្ត្រីម្នាក់ ដែលអះអាងថាជាស្រីកំណាន់របស់លោក ប៉ុន្តែអាជ្ញាធរបានលើកឡើងថា លោកនឹងមិនប្រឈមការចាប់ខ្លួនឡើយ លុះណាតែបណ្ដឹងឧទ្ធរណ៍ត្រូវបានបើកសវនាការសិន។ […]

The post លោក កឹម សុខា​ បួង​សួង​សុំឱ្យ​វិញ្ញាណក្ខន្ធ​អតីត​ព្រះ​មហាក្សត្រជួយ​​បង្រួប​បង្រួម​​​ជាតិ appeared first on The Cambodia Daily.