ស្ទឹងព្រែក​ត្នោត ​ហូរផ្តាច់ផ្លូវលំមួយខ្សែ​ទៀតក្នុង​សង្កាត់​ព្រែក​​កំពិស

រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍​ឱ្យដឹងថា កាលពីល្ងាច​ថ្ងៃទី១៧​ តុលា ២០១៦ ផ្លូវ​លំមួយខ្សែ​​ប្រវែង​១៥ម៉ែត្រ ត្រូវ​បាន​បាក់​ដោយសារ​​​ជំនន់​ទឹក​ភ្លៀង ដែលហូរចេញពីទឹកស្ទឹង​ព្រែក​ត្នោត​​​ហក់​ឡើង​យ៉ាង​​គំហុកនោះ​ ធ្វើឱ្យ​លំនៅ​ឋាន​រាប់រយ​ខ្នង និង​ទី​អារាម ព្រមទាំង​សាលា​រៀននៅ​ក្នុង​សង្កាត់​ចំនួន​៧​របស់​ខណ្ឌ​ដង្កោ ដោយគិតត្រឹមថ្ងៃនេះ គឺមាន៨សង្កាត់កំពុង​រងការប៉ះពាល់ ។

តាម​របាយ​ការ​ណ៍​របស់​នគរបាល​ខណ្ឌដង្កោ​បាន​ឱ្យ​ដឹង​ថា គិត​រហូត​មក​ដល់​ថ្ងៃទី​១៨ ​​តុលា​ នេះ ទឹក​បាន​ជន់​លិច​ភូមិ​ចំនួន​២២ ​នៅ​ក្នុង​សង្កាត់​ចំនួន៨របស់​ខណ្ឌ​ដង្កោ ក្នុង​នោះ​មាន​ ៖ ១-សង្កាត់​ក្រាំង​ពង្រ ​ជន់​​លិច​​២​ភូមិ គឺ​ភូមិ​ក្រាំង​ពង្រ​ និង​ភូមិ​ក្រាំង​​ស្វាយ ​ប៉ះ​ពាល់​​៦៥​គ្រួសារ​, ២-​សង្កាត់​សាក់​សំពៅ​ ​ជន់​លិច​ចំនួន​​៦​ភូមិ គឺ​ភូមិ​ក្រាំង​តា​ផូ ភូមិ​​ពោធិ៍​រលំ​ ភូមិ​សាក់​សំពៅ​ ភូមិ​ពា​រាម​ ភូមិ​សំបួរ ​និង​ភូមិ​ខ្វិត ​ប៉ះពាល់​ចំនួន​១២៧​គ្រួសារ​, ៣-​សង្កាត់​​ស្ពានថ្ម ​ជន់លិច​ចំនួន​៦​ភូមិមាន​ ​ភូមិ​ស្ពានថ្ម ភូមិ​​អញ្ចាញ​ ភូមិ​ហារ​ ភូមិ​ព្រែក​ជ្រៃ​ ភូមិ​​ដូង និង​ភូមិ​ស្វាយ​មាន​ល័​ក្ខ ​ប៉ះពាល់​​ចំនួន​៤៤​គ្រួសារ​, ៤-សង្កាត់​ទៀន​ ​ជន់​លិច​ចំនួន​២​ភូមិគឺ ​ភូមិ​ថ្ម និង​ភូមិ​កន្ទុយ​ទឹក ប៉ះពាល់​៥៨​គ្រួសារ​ ​៥-សង្កាត់​គង​ន​យ ​ជន់​លិច​ចំនួន​៣​ភូមិគឺ ​ភូមិ​វាល​ថ្លាន់​ ភូមិ​​គង​ន​យ​ ​និង​ភូមិ​សិរីសម្បត្តិ ប៉ះពាល់​​​ចំនួន​១២៥​​គ្រួសារ​, ៦-​សង្កាត់​ដង្កោ ​ជន់​លិច​១​ភូមិ​គឺ​ភូមិ​បា​រគូ ប៉ះពាល់​​ចំនួន​៥៥​គ្រួសារ, ​​៧-សង្កាត់​ព្រៃ​ស ​ជន់​លិច​១​ភូមិ​គឺ​ភូមិ​ពាម ប៉ះពាល់​​៩៥​គ្រួសារ និង​៨-សង្កាត់ព្រែកកំពិស មាន​២​ភូមិ គឺភូមិព្រែកប្រណាក និងភូមិព្រែកថ្លឹង ។

ទោះបីជាយ៉ាងណា ​នាព្រឹកថ្ងៃទី​១៨ តុលា នេះ គេឃើញ​​លោកប៉ា សុជាតិវង្ស អភិបាល​រាជធានីភ្នំពេញ បានដឹកនាំកម្លាំង​​ចុះ​ពិនិត្យ​​ហើយ ។

គួររំលឹកថា ទឹកស្ទឹង​ព្រែក​ត្នោត​បាន​ហក់​ឡើង​យ៉ាង​គំហុក​គួរព្រួយ​បារម្ភ ដែល​គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី​១៧ ខែតុលា លំនៅ​ឋាន​រាប់រយ​ខ្នង និង​ទី​អារាម ព្រមទាំង​សាលារៀន នៅ​ក្នុង​សង្កាត់​ចំនួន​៧​របស់​ខណ្ឌដង្កោ ដែល​ស្ថិត​នៅ​ជាប់មាត់​ស្ទឹង​ត្រូវ​បាន​ទឹក​ជន់​លិច​ហើយ ដោយ​កន្លែង​ខ្លះ​លិច​ជ្រៅ និង​កន្លែង​ខ្លះ​ទៀត​លិច​រាក់ ។ ប្រជាពលរដ្ឋដែល​រង​ការ​ប៉ះពាល់​ដោយ​ជំនន់​ស្ទឹង​ព្រែក​ត្នោត​នេះ មាន​ចំនួន​៥៦៩​គ្រួសារ ។