ម្ចាស់​ដើម​ឧបករណ៍ « តន្ត្រី​ភ្លោ​យ » បង្ហាញ​ជា​លើក​ទី​1​នៅ​រាជធានី​ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តាម​រយ​:​រថយន្ត​តន្ត្រី​ទិព្វ កាលពី​យប់​ថ្ងៃ​ទី​១៣ តុលា ២០១៦ នៅ​សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រ បាន​បង្ហាញ​ផ្ទាំងទស្សនីយភាព​តន្ត្រី​ចំនួន​៣​ទម្រង់​ផ្សេង​គ្នា​ដែល​មាន​មូលដ្ឋាន​នៅ​តំបន់​អា​រ៉ែ​ង ខេត្តកោះកុង និង​ខេត្តឧត្តរមានជ័យ​ជូន​ដល់​និស្សិត​បាន​សិក្សា​ឈ្វេងយល់ និង​ទស្សនា​កម្សាន្ត ។ ទម្រង់​នៃ​ត​ន្រី្ត​ទាំង​៣​នោះ គឺ​តន្ត្រី​ធោ​ន តន្ត្រី​គែន ពិសេស​តន្ត្រី​ភ្លោ​យ ។

អ្នក​នាង​ថន សីមា អ្នកចាត់ការ​ទូទៅ​នៃ​ក្រុម​រថយន្ត​តន្ត្រី​ទិព្វ​ដែល​ឧស្សាហ៍​ឃើញ​មាន​វត្ត​មាននៅ​តាម​ដងផ្លូវ​ជាតិ​នានា​ទូ​ទាំង​ប្រទេស​នោះ​ឱ្យ​ដឹង​ថា ក្រុមការងារ​រថយន្ត​តន្ត្រី​ទិព្វ​ព្យាយាម​ស្វះ​ស្វែងរក​គោលដៅ​នៃ​ក្រុម​តន្ត្រី​ទាំង​៣​នេះ​យ៉ាង​ខ្លាំង ព្រោះ​ពួក​គេ​ស្ថិត​នៅ​តំបន់​ដាច់​ស្រយាល​ពី​ទីប្រជុំជន និង​ម្យ៉ាងទៀត​វា​ជា​ប្រភេទ​តន្ត្រី​ដែល​ស្ទើរ​បាត់បង់​ទៅ​តាម​មនុស្ស​ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់​ទៅ​ហើយ ។

ដូច​ជា​តន្ត្រី​គែន និង​ធោ​ន​ជាដើម គឺ​ក្រុមការងារ​បាន​ស្វែងរក​ពួក​គាត់​រហូត​ដល់​ព្រំប្រទល់​ប្រទេស​ថៃ នៅ​ស្រុក​សំរោង ខេត្តឧត្តរមានជ័យ​ឯណោះ ហើយ​វា​មិនសូវ​គេ​ស្គាល់​ប៉ុន្មាន​ឡើយ បើ​ទោះជា​វា​មាន​អាយុកាល​ជា​ច្រើន​រយ​ឆ្នាំ​លើ​ទឹក​ខ្មែរ​យើង​ក៏​ពិតមែន ។ ក្រុមការងារ​របស់​អ្នក​នាង​ថន សីមា បាន​រក​ឃើញ និង​នាំ​វាយ​កមក​ផ្សព្វផ្សាយ​ដល់​សាធារណជន​ខ្មែរ បរទេស​បាន​ស្គាល់ និង​ជួយ​អភិរក្ស​កុំ​ឲ្យ​បាត់បង់​ទៅ​តាម​ពេលវេលា ។

ពិសេស​ជាង​នេះ​ទៅ​ទៀត តាម​រយៈ​ក្រុម​រថយន្ត​តន្ត្រី​ទិព្វ បាន​ស្វែងរក​ឃើញ​ព្រឹទ្ធាចារ្យ​មេកន្ទ្រាញ និង​សិស្ស​ម្នាក់​នៅ​តំបន់​អា​រ៉ែ​ង ទឹកដី​ខេត្តកោះកុង​ដែល​ចេះ​ប្រគំ និង​ផលិត​ឧបករណ៍​តន្ត្រី «​ភ្លោ​យ​» ដែល​ស្ទើរ​លែង​មាន​វត្តមាន​ក្នុង​ក្រុម​តន្ត្រី​របស់​ជនជាតិ​ជង​ទៅ​ហើយ ។

វ៉ែន អែ​ត ជនជាតិ​ជង ជា​សិស្ស​របស់​មេកន្ទ្រាញ​ដែល​ចេះ​ប្រគំ​តន្ត្រី​ភ្លោ​យ​រៀបរាប់​ថា ឧបករណ៍​ភ្លោ​យ ធ្វើ​ឡើង​ដោយ​ដើម​ឫស្សី  និង​ផ្លែ​ឃ្លោក មាន​សំឡេង​៥​យ៉ាង​ផ្សេង​គ្នា​ដកស្រង់​ចេញពី​សំឡេង​សត្វ​តូច​ធំ​ដោយឡែក​ពី​គ្នា​ក្នុង​នោះ​រួម​មាន សំឡេង​សត្វ​ខ្លា សំឡេង​ចង្រិត សំឡេង​សត្វ​ឈ្លូស កន្លង់ និង​សត្វ​កា​ម៉​ល់  ។ ឧបករណ៍​នេះ​បង្កើត​ឡើង​ដោយ​មេកន្ទ្រាញ​ម្នាក់ ។

វ៉ែន អែ​ត បាន​តំណាល​តាម​រយ​:​ការ​ប្រាប់​ឲ្យ​ដឹង​របស់​លោក​មេកន្ទ្រាញ​ពី​ឧបករណ៍​តន្ត្រី​ភ្លោ​យ ដែល​បង្កើត​ឡើង​ដោយ​ជនជាតិ​ជង​ថា កាល​ដើម​ឡើយ​ប្រុស​កំលោះ ស្រី​ក្រមុំ ស្រឡាញ់​គ្នា​ពុំ​រៀប​ការ​ទេ បាន​ត្រឹមតែ​ចាប់ដៃ​គ្នា​រួច​ក៏​រស់នៅ​ជា​ប្តី​ប្រពន្ធ​ទៅ ។ ក្រោយមក​មាន​មេកន្ទ្រាញ​ម្នាក់​ដើរ​ចូល​ទៅ​ក្នុង​ព្រៃ​ក៏​បានឮ​សូរ​ស័ព្ទ​នៃ​សត្វ​ទាំង​៥​ប្រភេទ​ក៏​បង្កើត​ជា​ឧបករណ៍​តន្ត្រី​ភ្លោ​យ​ឡើង​សម្រាប់​ប្រគំ​ថ្វាយ​ម្ចាស់​ទឹក​ម្ចាស់​ដី​អា​រុក្ខ​អារក្សអ្នកតា​តរៀង​មក ។ ឧបករណ៍​នេះ​ពុំ​សូវ​មាន​អ្នក​ណា​ចេះ​ទេ ។ នា​ពេល​បច្ចុប្បន្ន​ក្រៅពី​គ្រូ​របស់​គេ​ដែល​មាន​អាយុ​ជាង​៨០​ឆ្នាំ គឺ​ពុំ​មាន​អ្នក​ណា​បង្រៀន និង​រៀន​ដែរ ហើយ​វា​ប្រឈម​នឹង​ការ​បាត់បង់ ។

ការ​បង្ហាញ​ផ្ទាំងទស្សនីយភាព​នៃ​ឧបករណ៍​ទាំង​៣​នោះ​ពី​ក្រុម​រថយន្ត​តន្ត្រី​ទិព្វ​ចង់​ផ្សព្វផ្សាយ​ពី​តន្ត្រី​ទាំង​៣​ទម្រង់​ដល់​យុវជន និស្សិត និង​មហាជន​បាន​ស្គាល់ និង​ដឹង​ឮ ព្រោះ​ខ្មែរ​មាន​ត​ន្រី្ត​ច្រើន​យ៉ាង​ណាស់​(​ដំ ផ្លុំ គោះ ដេញ​) ទុកជា​មរតក​តម​ក​ដល់​បច្ចុប្បន្ន ៕