នាយ​ពែ​ក​មី​ឱ្យ​កូនប្រុស​កោរសក់​សម្តែង​ក្នុង​ភាពយន្ត​រឿង « អា​តួ​កូន​ឪ »

រាជធានី​ភ្នំពេញ ៖ តារា​កំប្លែង​នាយ​ពែ​ក​មី​បានឱ្យ​កូនប្រុស​របស់​ខ្លួន​កោរសក់​តែងខ្លួន​ជា​សង្ឃ​សម្រាប់​សម្តែង​ក្នុង​ខ្សែភាពយន្ត​រឿង «​អា​តួ​កូន​ឪ​» ។ រឿង​នេះ​និពន្ធ និង​ដឹកនាំ​រឿង​ដោយ​នាយ​ពែ​ក​មី​ផ្ទាល់ ។

កាលពី​ព្រឹក​ថ្ងៃ​ទី​១៧ តុលា ឆាំ្ន​២០១៦​នៅ​គេហដ្ឋាន​តារា​កំប្លែង​នាយ​ពែ​ក​មី ស្ថិត​ក្នុង​បុរី​ពិភព​ថ្មី​គីឡូម៉ែត្រ​លេខ​៦ ខណ្ឌ​ឫ​ស្រី បាន​ធ្វើ​ពិធី​ក្រុង​ពលី​ចេញ​ថត​ខ្សែភាពយន្ត​២​រឿង​ព្រម​គ្នា គឺ​រឿង «​ផ្ទះ​សសរ​កណ្តាល​» និង​រឿង «​អា​តួ​កូន​ឪ​» ។ រឿង «​អា​តួ​កូន​ឪ​» ស្នាដៃ​ថ្មី​របស់​នាយ​ពែ​ក​មី ដោយ​ចំណាយ​ប្រាក់​ផ្ទាល់ខ្លួន​សម្រាប់​ផលិត និង​ឲ្យ​កូនប្រុស​កោរសក់​ចូលរួម​សម្តែង​ផង​ដែរ ។

បញ្ជាក់​ប្រាប់​អ្នក​យក​ព័ត៌មាន​ក្នុង​ពិធី​ក្រុង​ពលី​នោះ នាយ​ពែ​ក​មី ឱ្យ​ដឹង​ថា នាយ​មិន​ទាន់​អាច​បើក​ផលិតកម្ម​បាន​ទេ ព្រោះ​ពេល​នេះ​ផលិតកម្ម​រ៉េ​ត​ភី​ក​ឆើ ជួយ​ជា​សម្ភារ​សម្រាប់​ថត និង​បច្ចេកទេស ផ្សេង​ៗ ព្រមទាំង​ផ្តល់​ធនធានមនុស្ស​សម្រាប់​ការ​ផលិត​ស្នាដៃ​ថ្មី​នេះ​ផង​ដែរ ។ ម្យ៉ាងទៀត​កាលពី​រ៉េ​ត​ភី​ក​ឆើ​បើក​ដំបូង នាយ​ពែ​ក​មី ចូលរួម​សម្តែង​អត់​យក​លុយ​ទេ ។ ដូច្នេះ​ហើយ​ទើប​ពេល​នេះ​ផលិតកម្ម​ជួយ​នាយ​ពែ​ក​មី​វិញ ។ មិន​អាច​បើក​ផលិតកម្ម​បាន មក​ពី​មិន​ទាន់​មាន​ពេលវេលា មិន​ទាន់​មាន​ធនធានមនុស្ស​ល្អ ហើយ​នាយ​ពែ​ក​មី ជាប់​កិច្ចការ​ច្រើន​ទាំង​នៅ​ទូរទស្សន៍ និង​ខាងក្រៅ ។

នាយ​ពែ​ក​មី បញ្ជាក់​ថា ការ​ផលិត​រឿង «​អា​តួ​កូន​ឪ​» យក​កូនប្រុស​របស់​ខ្លួន​ឈ្មោះ​រឹម សុ​រ៉ា​ហ៊ា​ទ្រី ឱ្យ​ចូលរួម​សម្តែង ព្រោះ​គេ​នៅ​តូច តែ​កំពុង​ពេញ​និយម​ដែល​ទស្សនិកជន​ស្គាល់​ស្នាដៃ​កន្លង​មក ។ កូនប្រុស​របស់​នាយ​ពែ​ក​មី សម្តែង​ជា​តួឯក​តែ​ម្តង ។ សាច់​រឿង​គឺ​ប្តី​ប្រពន្ធ​លែងលះ​គ្នា ហើយ​ពេល​ម្តាយ​ស្លាប់ កូន​តាម​រក​ឪពុក​នៅ​ភ្នំពេញ ដែល​រស់នៅ​ជាមួយ​ប្រពន្ធ​ក្រោយ ។ ពេល​នៅ​ជាមួយ​ឪពុក​ត្រូវ​ម្តាយ​ក្រោយ​នោះ​វាយ​ធ្វើ​បាន​ស្ទើរតែ​ស្លាប់ ។

រឿង «​អា​តួ​កូន​ឪ​» នាយ​ពែ​ក​មី បញ្ជាក់​ថា ចង់​អប់រំ​ដល់​ប្តី​ប្រពន្ធ​ទោះជា​មានរឿង​អ្វី​ក៏​ដោយ​កុំ​លែងលះ​គ្នា​ធ្វើ​ឱ្យ​កូន​ខូចអនាគត ។

ចំពោះ​ដើមទុន​សម្រាប់​ផលិតភាព​យន្ត​រឿង «​អា​តួ​កូន​ឪ​» នាយ​ពែ​ក​មី​បញ្ជាក់​ថា ប្រមាណ​ជាង​២​ម៉ឺន​ដុល្លារ តែ​ជាក់ស្តែង​អាច​ប្រែប្រួល ។

លោក​ឌៀប សុ​វ​ណ្ណា​រ៉ា ម្ចាស់​ផលិតកម្ម​រ៉េ​ត​ភី​ក​ឆើ សម្តែង​ការ​ពេញចិត្ត​សហការ​ថត​ជាមួយ​នាយ​ពែ​ក​មី ។ ទោះជា​យ៉ាងណា​ក្តី ប្រាក់​ចំណេញ​សម្រាប់​ភាពយន្ត​របស់​នាយ​ពែ​ក​មី លោក​មិន​ប៉ះពាល់​ឡើយ ។ ខ្សែ​រឿង​ពីរ​នោះ​នឹង​រៀបចំ​ថត​រយៈពេល​៤​ខែ ត្រៀម​ចាក់​បញ្ចាំង​នៅ​អំឡុង​ខែកុម្ភៈ​ឆ្នាំ​២០១៧ ។ គិត​សរុប​សម្រាប់​រឿង​ទាំង​ពីរ​គឺ​ចំណាយ​ដើមទុន​ជាង​៦​ម៉ឺន​ដុល្លារ ។

រឿង «​ផ្ទះ​សសរ​កណ្តាល​» និយាយ​ពី​ព្រលឹង​ខ្មោច​បិសាច ។ ការ​សង់ផ្ទះ​ក្នុង​រឿង​នោះ គឺ​សសរ​កណ្តាល​បាន​រើស​ពី​ក្នុង​ទឹក​ដែល​គេ​បណ្តែត​ចោល ធ្វើ​ឱ្យ​ផ្ទះ​មាន​បញ្ហា ។
លោក​ឌៀប សុ​វ​ណ្ណា​រ៉ា រំពឹង​ថា ខ្សែភាពយន្ត​ទាំង​២​រឿង​នឹង​បាន​ជោគជ័យ​មិន​ខាន ៕